Friday, April 26, 2024
Homeព័ត៌មានជាតិលោក​សម​ រង្សី ថា​លោក​កែប ឡី គេ​បាញ់​ស្លាប់ ពេល​ត្រៀម​ចូល​បក្ស​ប្រឆាំង

លោក​សម​ រង្សី ថា​លោក​កែប ឡី គេ​បាញ់​ស្លាប់ ពេល​ត្រៀម​ចូល​បក្ស​ប្រឆាំង

ភ្នំពេញ ៖ ថ្លែងក្នុងឱកាសនៃការចូលរួម ពិធីបុណ្យសពលោកបណ្ឌិតកែម ឡី ដែលត្រូវ បានប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង រៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តពោធិវង្ស ក្បែរ ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានលើកឡើងថា លោកបណ្ឌិត កែម ឡី ត្រូវបានគេបាញ់សម្លាប់ មុនពេលលោក ប្រកាសជាផ្លូវការក្នុងការចូលរួមសកម្មភាព នយោបាយជាមួយគណបក្សប្រឆាំង បន្ទាប់ពី មុននេះ លោកសម រង្ស៊ី បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា ការបាញ់សម្លាប់លោកកែម ឡី ជាអំពើភេរវកម្មមួយរៀបចំដោយរដ្ឋអំណាច។

តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេល ៩នាទីនិង៤២វិនាទី និងត្រូវបានបង្ហោះចេញពី ទំព័រហ្វេសប៊ុកលោកសម រង្ស៊ី កាលពីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ លោកសម រង្ស៊ី បានថ្លែងថា “…លោកបណ្ឌិតកែម ឡី ត្រូវគេ បាញ់សម្លាប់ កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា មានការ ឈឺចាប់ណាស់ និងមានក្តីរន្ធត់ក្នុងចិត្ត ឈឺចាប់ ដោយឃើញថា ទម្លាប់នៅស្រុកខ្មែរ មានទម្លាប់ អាក្រក់ គឺអ្នកស្នេហាជាតិ អ្នកដែលមានសមត្ថភាព អ្នកដែលអាចដឹកនាំប្រទេសឆ្ពោះទៅភាព រុងរឿង អ្នកដែលអាចសង្គ្រោះជាតិ ត្រូវគេសម្លាប់ម្តងមួយៗ ហើយមិនដែលរកមុខឃើញ នោះទេ ជនឧក្រិដ្ឋ អ្នកនៅពីក្រោយជនឧក្រិដ្ឋ អ្នកបញ្ជាឃាតកម្មទាំងអស់នោះ មិនដែលរក មុខឃើញទេ។ យើងនឹកដល់ព្រឹត្តិការណ៍២០ ឆ្នាំចុងក្រោយ ការគប់គ្រាប់បែក ថ្ងៃ៣០ មីនា ១៩៩៧ ស្លាប់១៦នាក់យ៉ាងតិច របួសរាប់រយ នាក់ ឈាមហូរពេញផ្លូវ តាំងពីនោះមកក៏មិន ទាន់វែកមុខរកឃាតករឱ្យបានច្បាស់លាស់ជា ផ្លូវការនៅឡើយ។ បន្ទាប់មកអ្នកស្រីពិសិដ្ឋពិលីកា ក៏ត្រូវគេបាញ់សម្លាប់ ហើយក៏មិនទាន់ រកមុខជនឧក្រិដ្ឋឃើញដែរ យើងដឹងក្នុងចិត្ត យើង ប៉ុន្តែតុលាការនៅស្រុកយើងមិនធ្វើការ ត្រឹមត្រូវ មិនស្រាវជ្រាវត្រឹមត្រូវ មិនវែកមុខ ជនឧក្រិដ្ឋ មិនយកជនឧក្រិដ្ឋទៅផ្តន្ទាទោសទេ។ បន្ទាប់ពីអ្នកស្រីពិសិដ្ឋ ពិលីកា លោកជា វិជ្ជា ប្រធានសហជីពដ៏ខ្លាំងជាងគេបំផុត ដែលមាន ប្រជាប្រិយភាពក្នុងចំណោមកម្មករ ត្រូវគេបាញ់ សម្លាប់ឆ្នាំ២០០៤។ បន្ទាប់ពីលោកជា វិជ្ជា ប៉ុន្មាន ខែ គេបានបាញ់មេសហជីព២នាក់ទៀត តាម រោងចក្រ គឺលោករស់ សុវណ្ណារ៉េត និងលោក ឌី វុទ្ធី ត្រូវគេបាញ់ស្លាប់ សុទ្ធតែជាអ្នកដែល មានប្រជាប្រិយភាពដឹកនាំកម្មករ ដើម្បីប្រឆាំង នឹងអំណាចផ្តាច់ការ ស្វែងរកយុត្តិធម៌ជូនប្រជា- រាស្ត្រខ្មែរ។ បន្ទាប់មកទៀត អ្នកស្រលាញ់ជាតិ ម្នាក់ទៀត គឺលោកឈុត វុទ្ធី គាត់ការពារបរិ- ស្ថាន គាត់ជាអ្នកស៊ើបអង្កេតពីអ្នកលួចកាប់ បំផ្លាញព្រៃឈើ គាត់ដឹងរឿងច្រើន គាត់ផ្តល់ ព័ត៌មានឱ្យអង្គការសំខាន់ គេលាតត្រដាងបទ- ឧក្រិដ្ឋ ការបំផ្លាញជាតិ ការកាប់បំផ្លាញព្រៃឈើ អង្គការ Global Witness ដែលទើបនឹងចេញ របាយការណ៍មួយដ៏សំខាន់ លោកឈុត វុទ្ធី ត្រូវ គេបាញ់សម្លាប់ ហើយសប្តាហ៍មុន គឺលោកកែម ឡី។ ដូច្នេះម្តងមួយៗ គេបាញ់សម្លាប់ ដូចកូនខ្មែរ ណាដែលឆ្នើមបន្តិច គឺត្រូវគេបាញ់សម្លាប់ ឬក៏ ប៉ុនប៉ងប្រហារជីវិត ដូចជាក្តិចត្រួយដែលទើប តែលេចជាពន្លក ដែលគេដឹងថាជាពន្លកមាស សំខាន់សម្រាប់ទ្រទ្រង់ជាតិយើងទៅថ្ងៃក្រោយ ត្រូវគេក្តិច ត្រូវគេបំផ្លាញ ត្រូវគេកម្ចាត់។ ហើយ បងប្អូនគិតមើលទាំងអស់គ្នាទៅដឹងហើយថា តើអ្នកណាដែលចង់សម្លាប់កូនខ្មែរដ៏ឆ្នើម កូន ខ្មែរដែលជួយសង្គ្រោះជាតិទៅថ្ងៃមុខ គឺគេ កម្ចាត់ពីដើមទី។ យើងដឹងថា ច្បាស់ជាផលប្រយោជន៍អ្នកដែលចង់សម្លាប់ជាតិ សម្លាប់ កូនខ្មែរ សម្លាប់ដោយរើសមុខយកអ្នកដែលខ្លឹម អ្នកដែលពូកែជាងគេ គេចាប់ផ្តើមសម្លាប់ មិន មែនចៃដន្យនោះទេ… គេពូកែណាស់ ពូកែ សម្គាល់មុខ ពូកែវាយតម្លៃ ពូកែកម្ចាត់ ចំតែ កូនខ្មែរដែលឆ្នើម ដែលប្រជារាស្ត្រ ប្រទេសជាតិ អាចពឹងពាក់ទៅថ្ងៃក្រោយ”។

13653220_575864762585319_4213597245600609399_o

លោកសម រង្ស៊ី បានបន្តថា “ដូច្នេះយុត្តិធម៌ មិនទាន់មានទេនៅស្រុកខ្មែរ ហើយក្រោមរបប ផ្តាច់ការសព្វថ្ងៃនេះ មិនអាចមានទេ តុលាការ ជារបស់គេ ធ្វើតាមបញ្ជារបស់គេ ហើយអ្នក ដែលប្រព្រឹត្តបទឧក្រិដ្ឋ គឺច្បាស់ជាមិនឱ្យតុលាការ វែកមុខពួកខ្លួនទេ មិនឱ្យតុលាការលាតត្រដាង ការពិត និងផ្តន្ទាទោសតាមច្បាប់ទេ អ៊ីចឹងយើង មិនអាចពឹងពាក់លើតុលាការនៅប្រទេសកម្ពុជា សព្វថ្ងៃនេះបានទេ។ តែសូមឱ្យបងប្អូនទាំងអស់ ជឿជាក់ថា ទៅថ្ងៃមុខ នឹងមានយុត្តិធម៌មកពី តុលាការពិតប្រាកដ ជាតុលាការតែមួយគត់ គឺ តុលាការប្រជារាស្ត្រខ្មែរ ដែលអាចធ្វើសេចក្តី សម្រេច តាមរយៈការបោះឆ្នោតនាពេលខាង មុខនេះ។ ទាល់តែមានការផ្លាស់ប្តូរអ្នកដឹកនាំ ផ្លាស់ប្តូររបបផ្តាច់ការ ពុករលួយ សម្លាប់រាស្ត្រ សម្លាប់ជាតិ ទាល់តែមានការផ្លាស់ប្តូរឱ្យប្រជារាស្ត្រដែលជាអ្នកសម្រេចវាសនារបស់ខ្លួន និង ជាតិ សម្រេចឱ្យអ្នកស្រលាញ់យុត្តិធម៌មករៀបចំ ប្រទេស រៀបចំប្រព័ន្ធតុលាការឡើងវិញ ទើប ជនរងគ្រោះទាំងអស់ ដែលទទួលរងអយុត្តិធម៌ គ្រប់បែបយ៉ាង នឹងទទួលបានយុត្តិធម៌ជាពុំខាន។ សូមឱ្យបងប្អូនដែលមានឈាមជ័រជាខ្មែរ ព្រលឹង ជាតិខ្មែរ កុំមានការចុះចាញ់ឱ្យសោះ។ ការប៉ុន- ប៉ងសម្លុតយើង ចង់បំបាក់ស្មារតីយើងឱ្យយើង រួញចុះញ៉ម ដោយគេបំភិតបំភ័យ សម្លាប់អ្នក- ស្នេហាជាតិ ឱ្យយើងភ័យខ្លាចថាថ្ងៃណាមួយ គេមកសម្លាប់យើងអ៊ីចឹងដែរនេះ គឺជាបំណង របស់គេ ចង់ឱ្យយើងបាក់ស្បាត ឈប់តវ៉ា ទាមទារយុត្តិធម៌ សង្គ្រោះប្រទេសជាតិ ឱ្យគេសម្លាប់ ជាតិយើង សម្លាប់រាស្ត្រម្តងបន្តិចៗ ដូចគេកំពុង ធ្វើសព្វថ្ងៃ”។

លោកសម រង្ស៊ី បានបញ្ជាក់ថែមទៀតថា “ដូច្នេះយើងសូមសម្តែងការគោរពអស់ពីដួង ចិត្ត ចំពោះវីរភាពលោកបណ្ឌិតកែម ឡី លោក ជាអ្នកស្រលាញ់ជាតិដោយស្មោះ ហើយលោក មានសមត្ថភាពខ្ពង់ខ្ពស់ វិភាគនយោបាយស៊ីជម្រៅ ចុចចំចំណុចសំខាន់ដែលជាចំណុចខ្សោយរបស់ គេ។ អ៊ីចឹងបានខាងគេក្តៅក្រហាយណាស់ តែ ប្រាជ្ញារបស់លោកកែម ឡី ទេពកោសល្យរបស់ លោក ក្នុងការនិយាយ ក្នុងការសម្តែងមតិ និង ការពិតយកមកបកស្រាយ គឺធ្វើឱ្យខាងគេម្ខាង ទៀតភ័យខ្លាច ព្រោះឃើញថា សក្តានុពល ទេពកោសល្យរបស់គាត់ខ្លាំង ហើយសូមជម្រាប ក្នុង ឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ សូម ជម្រាបថា លោកបណ្ឌិតកែម ឡី បានទាក់ទង ជាមួយនិងគណបក្សសង្គ្រោះជាតិ តាំងពីយូរ មកហើយ ប៉ុន្តែចុងក្រោយនេះ ថ្មីៗនេះ លោក កែម ឡី បានមកទីស្នាក់ការគណបក្សសង្គ្រោះជាតិ ជួបជាមួយនឹងលោកកឹម សុខា ពេលលោក កឹម សុខា ជួបការលំបាក គេប៉ុនប៉ងចាប់ ធ្វើ ឱ្យលោកកឹម សុខា នៅជាប់ក្នុងទីស្នាក់ការ គណបក្សសង្គ្រោះជាតិ នៅទីក្រុងភ្នំពេញ លោក កែម ឡី ជាមួយនឹងភរិយារបស់លោក បានមក ជួបលោកកឹម សុខា បានមកសម្តែងទឹកចិត្ត អាណិតអ្នកស្នេហាជាតិដូចគ្នា យើងត្រូវតែចាប់ ដៃគ្នា។ លោកកែម ឡី សរសេរកម្មវិធីនយោបាយគណបក្សសង្គ្រោះជាតិ លោកមានជំនាញ ខាងវិមជ្ឈការ ខាងរៀបចំប្រទេស រៀបចំកម្លាំង ប្រជារាស្ត្រ ឱ្យប្រជារាស្ត្រស្រលាញ់លទ្ធិប្រជាធិបតេយ្យ ហើយធ្វើឱ្យលទ្ធិប្រជាធិបតេយ្យមាន លក្ខណៈរស់រវើកនៅតាមមូលដ្ឋាន ភូមិ ឃុំ មាន នីតិវិធី មានបែបបទយ៉ាងម៉េច គឺលោកបាន សិក្សារឿងហ្នឹង លោកមានបទពិសោធន៍ច្រើន  សហការជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដឹង ទឹកចិត្តប្រជារាស្ត្រ ចេះពិភាក្សាឱ្យប្រជារាស្ត្រ យល់ពីលទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹងហើយ គឺគំនិត លោកកែម ឡី នេះស៊ីជម្រៅ រៀបចំយ៉ាងម៉េច ឱ្យលទ្ធិប្រជាធិបតេយ្យចាក់ប្ញសគល់ពីមូលដ្ឋាន ឡើងទៅលើ។ ហើយជាមួយលោកកឹម សុខា គឺគាត់ត្រូវរ៉ូវគ្នាណាស់ និយាយគ្នា ស្គាល់គ្នា ទុកចិត្តគ្នា ស្រលាញ់គ្នា អ៊ីចឹងហើយ បានខាង គេនោះដឹងថា លោកកែម ឡី មានគម្រោង ចូលរួមជាផ្លូវការ តែឥឡូវគ្រាន់តែជួយជាពលរដ្ឋ ឯករាជ្យ ក្រៅផ្លូវការ ប៉ុន្តែគម្រោងរបស់លោក កែម ឡី នឹងប្រកាសថានឹងចូលរួម នឹងគាំទ្រ គណបក្សសង្គ្រោះជាតិ ហើយខាងគេនោះដឹង ដឹងថាលោកកែម ឡី នឹងចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ហើយគណបក្សសង្គ្រោះជាតិ រឹតតែខ្លាំងឡើងថែមទៀត អ៊ីចឹងហើយបានគេ ចាត់វិធានការជាមុន គឺសម្លាប់លោកកែម ឡី កុំឱ្យលោកកែម ឡី ចូលមកក្នុងគណបក្សសង្គ្រោះជាតិ…”។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងការលើកឡើង របស់លោកសម រង្ស៊ី ខាងលើនេះ ទាំងអ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា  បានប្រតិកម្ម និងចាត់ទុកថា ជាការលើកឡើង ដើម្បីតែកេងចំណេញផ្ទាល់ខ្លួន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ថា មិនមានមូលហេតុ ឬហេតុផលអីដែលថា ឃាតកម្មលើលោកបណ្ឌិតកែម ឡី ជាការ រៀបចំរបស់គណបក្សកាន់អំណាច ឬរដ្ឋអំណាច នៅពីក្រោយនោះទេ។ ដូច្នេះលោកសុំឱ្យលោក សម រង្ស៊ី មានមូលដ្ឋាន ឬបង្ហាញភ័ស្តុតាង ច្បាស់លាស់ មុននឹងលើកឡើងបែបនេះ ព្រោះ បើមិនអ៊ីចឹងទេ គណបក្សប្រជាជនកម្ពុជា នឹង ប្តឹងតាមផ្លូវច្បាប់ពីបទបង្កាច់បង្ខូច គ្មានការ ពិត។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យ និងជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃ ដដែលនោះថា នៅក្នុងសាច់រឿងនេះ លោក សម រង្ស៊ី បានចោទប្រកាន់ដោយគ្មានមូលដ្ឋាន ពិតប្រាកដ មកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតាមពិតករណី ឃាតកម្មលើរូបលោកបណ្ឌិតកែម ឡី គឺរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ជាអ្នកខាត ឯគណបក្សប្រឆាំង ជាអ្នកចំណេញ ព្រោះលោក កែម ឡី ជាឧបសគ្គនៃការដឹកនាំបក្សប្រឆាំង សម្រាប់លោកសម រង្ស៊ី និងលោកកឹម សុខា។ ជាមួយគ្នានេះ លោកផៃ ស៊ីផាន ក៏បានស្នើសុំ ទាំងអស់គ្នា រួមគ្នា សហការគ្នា ដោយមិនអាច ឱ្យការបាត់បង់របស់លោកបណ្ឌិតកែម ឡី ធ្វើឱ្យ ទាំងអស់គ្នាបែកបាក់គ្នាទេ គឺត្រូវរួមគ្នាក្នុងទិស ដៅមួយប្រយុទ្ធប្រឆាំង និងបំបាត់ឱ្យអស់នូវ ឃាតករដែលរំខានដល់ការរស់រានមានជីវិត របស់ប្រជាជាតិយើង។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា “ជា ការលើកឡើងជាការចោទប្រកាន់មួយ គ្មាន មូលដ្ឋានពិតប្រាកដ ពីព្រោះកែម ឡី មិនមែន ជាឧបសគ្គអំណាចជាមួយគណបក្សប្រជាជន ជាមួយនិងរដ្ឋាភិបាល កែម ឡី ដែលគេមើល ឃើញជាឧបសគ្គនៃភាពជាដឹកនាំរវាងកែម ឡី ប្រឆាំងជាមួយនឹងសម រង្ស៊ី ជាមួយកឹម សុខា។ អាស្រ័យដោយសម រង្ស៊ី រត់ចោលស្រុក អាស្រ័យ កឹម សុខា ប្រហែលជាបាត់បង់នូវសកម្មភាព ក្នុងការដឹកនាំ ជណភ្រ ដូច្នេះ កែម ឡី ហ្នឹង អាចទៅជំនួសនៅក្នុងសាច់រឿងហ្នឹង។ បាន សេចក្តីថា សកម្មភាពរបស់កែម ឡី ហ្នឹង ធ្វើ ឱ្យថ្នាក់ដឹកនាំរបស់ CNRP ហ្នឹង គឺបាត់បង់។ អាស្រ័យហេតុដូច្នេះ កែម ឡី ជាឧបសគ្គ សម្រាប់ថ្នាក់ដឹកនាំ CNRP ។ ដូច្នេះអ្នកដែល សម្លាប់កែម ឡី បើយើងនិយាយភាសា២ជ្រុង ១គឺចំណេញ និងខាត។ តើអ្នកណានឹងចំណេញ  នៅក្នុងការបាត់បង់ជីវិតរបស់កែម ឡី? អ្នក ដែលខាតច្រើនជាងគេ គឺគណបក្សប្រជាជន ក៏ដូចជារដ្ឋាភិបាល ដែលភ្លាមៗនោះ គេចោទ ប្រកាន់មកលើហ្នឹងភ្លាម អាហ្នឹងជាចំណុចសំខាន់ ណាស់ គឺគណបក្សប្រជាជន ជាអ្នកខាត បើសិនជាមានរឿងហ្នឹងកើតឡើង។ ក៏ប៉ុន្តែយើងសួរ វិញ អ្នកណាចំណេញ? គឺគណបក្ស CNRP អ្នកចំណេញ អាហ្នឹងចំណុចទី១។ ចំណុចទី២ ដែលចង់និយាយប្រាប់ហ្នឹង យើងសួរទៀតថា តើកែម ឡី ជាឧបសគ្គជាមួយអ្នកណា? កែម ឡី ជាឧបសគ្គនៃអំណាចក្នុងការដឹកនាំ CNRP គឺជាឧបសគ្គសម្រាប់សម រង្ស៊ី និងកឹម សុខា អានេះជាចម្លើយរបស់ខ្ញុំ។ ដូច្នេះខ្ញុំមិនចោទ ថា កែម ឡី ហ្នឹងជាឧបសគ្គនៃអំណាចនៃការ ដឹកនាំរបស់ ជណភ្រ ដែលប្រព្រឹត្តដោយគណបក្សនោះទេ គឺខ្ញុំអត់ចោទទេ។ ក៏ប៉ុន្តែក្នុងការ គិត គឺយើងឃើញថា ការស្លាប់របស់កែម ឡី ជាឧបសគ្គនៃភាពជាអ្នកដឹកនាំរបស់ ជណភ្រ អាចមានភាគីទី៣ អាចមានភាគីទី៤ ដើម្បី ឆក់យកឱកាសនេះក្នុងការវាយប្រហារមកលើ គណបក្សប្រជាជន ហើយនិងរាជរដ្ឋាភិបាល”។

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថា “ដូចអ្វីដែលខ្ញុំបាននិយាយ មាន៣ចំណុច។ ចំណុចទី១ អ្នកណាចំណេញ អ្នកណាខាត? គួរពិចារណាទៅ។ ដូច្នេះ គណបក្សប្រជាជន យល់ឃើញថា ការបាត់បង់ជីវិតរបស់កែម ឡី គឺគណបក្សប្រជាជន រាជរដ្ឋាភិបាលខាតច្រើន ណាស់ ដោយសារយល់ច្រឡំពីគេ អាហ្នឹងចំណុច ទី១។ ចំណុចទី២ យើងយល់ឃើញថា កែម ឡី មិនមែនជាឧបសគ្គក្នុងភាពជាអ្នកដឹកនាំសម្រាប់ គណបក្សប្រជាជន ឬរាជរដ្ឋាភិបាល ទេ  ក៏ប៉ុន្តែ ករណីជាឧបសគ្គនៃភាពជាអ្នកដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ គឺឧបសគ្គប្រឆាំងជាមួយ សម រង្ស៊ី ដែលរត់ចោលស្រុក ឬក៏អាចយក ជ័យជម្នះលើកឹម សុខា ដែលកំពុងមានបញ្ហា ជាមួយនឹងផ្លូវច្បាប់ ដែលបាត់បង់សកម្មភាព ការងាររបស់បក្ស អាហ្នឹងចំណុចទី២។ ចំណុច ទី៣ តើអ្នកណាឆក់យកឱកាសកេងប្រវ័ញ្ចពី ការបាត់បង់ជីវិតរបស់កែម ឡី? គឺគណបក្ស សង្គ្រោះជាតិ ជាក់ស្តែង គឺនៅពេលកាងខ្មោច របស់កែម ឡី រហូតទៅដល់ដាក់ទណ្ឌកម្មដល់ សពកែម ឡី រហូតដល់រលួយ រហូតដល់ពេល នេះ ដែលយើងមើលថា វាហួសពីចិត្តទាំងអស់ គ្នា មិនគួរណាមានរឿងកើតឡើង ដាក់ទណ្ឌកម្មទៅលើសព ដាក់ទណ្ឌកម្មការសម្រេចចិត្ត ក្រុមគ្រួសាររបស់កែម ឡី ហើយតាមរយៈនៃ សកម្មជនគណបក្សសង្គ្រោះជាតិ អានេះយើង មើលឃើញថា ជាក់ស្តែងអ៊ីចឹង៕

 

RELATED ARTICLES