ប្លែកមិនធម្មតា!!! ពិធីរៀបការក្របី

0
214

ពិធីរៀបការដ៏ចម្លែកមួយ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់មហាជននោះ គឺការរៀបការឱ្យក្របីញីឈ្មោលមួយគូ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅបរិវេណទីធ្លាមហាវិទ្យាល័យបច្ចេកវិទ្យាសុរនារី ស្រុកនគររាជសីមា ខេត្ត នគររាជសីមា ប្រទេសថៃ។

ប្រភពបណ្តាញព័ត៌មានថៃ ម៉ធិឈុន បានឱ្យដឹងថា ពិធីរៀបការឱ្យក្របីញីឈ្មោលមួយគូនេះ ត្រូវបានរៀបចំធ្វើនៅក្នុងខេត្តនគររាជសីមា ដោយមានលោកអភិបាលស្រុកនគររាជសីមា លោកអភិបាលខេត្ត និងក្រុមបសុសត្វខេត្ត បាននាំគ្នារៀបចំឡើងយ៉ាងអធិកអធម។

ប្រភពដដែល បានឱ្យដឹងថា ក្របីជាកូនកំលោះកូនក្រមុំ ក្នុងពិធីរៀបការខាងលើនេះ ក្របីកំលោះមានឈ្មោះបឺម ផាន់ឡាន  អាយុ៥ឆ្នាំ ទម្ងន់១៣០០គីឡូក្រាម មកពីខេត្តមហាសានខាម ជាម្ចាស់ពានរង្វាន់ក្របីថៃ និងមានតម្លៃខ្លួនរហូតដល់៥លានបាត (ប្រមាណ១៥០០០ដុល្លារ)។ ចំណែកក្របីក្រមុំ មានឈ្មោះ បួបាន អាយុ៣ឆ្នាំ ទម្ងន់៨០០គីឡូក្រាម មានតម្លៃខ្លួន៧ម៉ឺនបាត (ប្រមាណ២ពាន់ដុល្លារ) មកពីខេត្តនគររាជសីមា។ សម្រាប់ថ្លៃបណ្ណាការ ដែលក្របីជាកូនកំលោះប្រគល់ជូនក្របីជាកូនក្រមុំ ក្នុងពិធីរៀបការនោះ រួមមានមេជីវិតក្របីឈ្មោល ១០០លានតួ (១ធុងធំ) និងស្មៅ ណេបៀរ ២០គីឡូក្រាម (២បាច់)។

ប្រភពដដែលបានឱ្យដឹងបន្តថា ថ្ងៃមង្គលការរបស់ក្របីមួយគូនេះ មានការរៀបចំពិធីហែជំនួនតាមប្រពៃណី ដូចពិធីរៀបការមនុស្សដែរ ដោយមានលោកអភិបាលខេត្ត ដែលជាតំណាងមេបាខាងកូនកំលោះក្របី ចូលរួមដង្ហែផងដែរ បន្ទាប់មកក៏មានពិធីផ្សំដំណេករបស់កូនកំលោះក្រមុំក្របីនៅពេលបញ្ចប់ពិធីផងដែរ។

គួរបញ្ជាក់ថា ការរៀបចំពិធីមង្គលការឱ្យក្របីនេះ គឺជាការជួយពង្រីកនិងថែរក្សាពូជក្របីថៃ ផងដែរ។ ក្រៅពីនេះ ក៏មានរៀបចំពិធីប្រកួតសត្វចិញ្ចឹមដែលមកពីខេត្តនានា ដូចជា នគររាជសីមា ឆ័យភូមិ បុរីរ័ម និងខេត្តសុរិន្ទ នៅបរិវេណទីធ្លាមហាវិទ្យាល័យបច្ចេកវិទ្យា សុរនារី ខេត្តនគររាជសីមា នោះផងដែរ៕