Friday, April 26, 2024
Homeព័ត៌មានជាតិពេលមេឃកំពុងភ្លៀង មិនដឹងបើកម៉ូតូល្បឿនប៉ុន្មាន បានដល់ថ្នាក់ហ្នឹង

ពេលមេឃកំពុងភ្លៀង មិនដឹងបើកម៉ូតូល្បឿនប៉ុន្មាន បានដល់ថ្នាក់ហ្នឹង

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ខណៈដែលមេឃធ្លាក់ភ្លៀង ផ្លូវរអិល ដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿន ថែមទាំងព្យាយាមវ៉ាជែងរថយន្ត១គ្រឿងទៀត ទើបធ្វើឱ្យជ្រុលចង្កូតទៅបុកនឹងបង្គោលសុវត្ថិភាពដាក់នៅចិញ្ចើមផ្លូវ បណ្តាលឱ្យផ្លោងអ្នកបើកម៉ូតូចូលព្រៃបាក់កស្លាប់យ៉ាងអាណោចអាធ័ម ចំណែកម៉ូតូត្រូវឆាបឆេះសល់តែគ្រោងឆ្អឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា។

យុវជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាក KAVASAKI NINA ពាក់ស្លាកលេខភ្នំពេញ ១GQ-៨៧៨៤។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុចភូមិសាស្ត្រកើតហេតុខាងលើ មានភ្លៀងធ្លាក់ ធ្វើឱ្យផ្លូវរអិលលំបាកក្នុងការធ្វើដំណើរ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន បោះពួយតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ ដែលផ្លូវមានស្ថានភាពកោង និងរអិលផង ជនរងគ្រោះមិនបានបន្ថយល្បឿននោះទេ ផ្ទុយទៅវិញបែរជាបន្ថែមល្បឿនវ៉ាជែងរថយន្ត១គ្រឿង ដែលបើកក្នុងទិសដៅស្របគ្នា ទើបធ្វើឱ្យជ្រុលចង្កូតម៉ូតូទៅបុកបង្គោលសុវត្ថិភាពលើចិញ្ចើមផ្លូវ បណ្តាលឱ្យបាក់ចំនួន២ដើម និងធ្វើឱ្យអ្នកបើកម៉ូតូផ្លោងអ្នកបើកបរធ្លាក់ចិញ្ចើមផ្លូវចូលព្រៃគ្រួសក្រហម បាក់កស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់ ចំណែកម៉ូតូត្រូវភ្លើងឆេះទាំងស្រុង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចអាវុធហត្ថស្នាក់ការសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីជួយសម្រួលចរាចរណ៍ និងការពារកន្លែងកើតហេតុ។

 

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES