Saturday, April 27, 2024
Homeតារាខ្មែរទេព បូព្រឹក្ស សប្បាយចិត្តពេលក្រុមរាំធ្វើខួបកំណើតគម្រប់២៤ឆ្នាំ ទាំងមិនដឹងខ្លួន

ទេព បូព្រឹក្ស សប្បាយចិត្តពេលក្រុមរាំធ្វើខួបកំណើតគម្រប់២៤ឆ្នាំ ទាំងមិនដឹងខ្លួន

តារាចម្រៀងលេងក្បាច់រាំ ទេព បូព្រឹក្ស ហៅស្រីនិច្ច ត្រូវក្រុមរាំរបស់នាងរៀបចំធ្វើខួបកំណើតឲ្យនៅបន្ទប់ផ្លាស់សម្លៀកបំពាក់នៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៣ ខែធ្នូ ដោយបានហុចនំខេកជូនអ្នកចម្រៀងរូបនេះ ពេលដែលចុះពីលើឆាក ហើយពួកគេច្រៀងបទ ”Happy Birth Day to You” ទៀតផង នាំឲ្យស្រីនិច្ច សប្បាយចិត្តរីករាយជាខ្លាំង។

តាមប្រភពថា តាមពិតខួបកំណើតទេព បូព្រឹក្ស គឺនៅថ្ងៃទី២២ ខែធ្នូ ម្សិលមិញទេ ហើយអ្នកចម្រៀងរូបនេះក៏ត្រូវបានតារាចម្រៀងងួន ចាន់ដេវីត ហៅ G-Devith ដែលជាសង្សារនាង រួមទាំងតារាចម្រៀងរួមក្រុម ឱក សុគន្ធកញ្ញា ដែលច្រៀងនៅឆាកតន្ដ្រី G-Park នៅខេត្តស្វាយរៀង នោះក៏បានធ្វើខួបកំណើតឲ្យស្រីនិច្ច នៅខាងក្រោយឆាកតន្ដ្រីម្ដងរួចទៅហើយដែរ ហើយដោយមិនអស់ចិត្ត ក្រុមរាំរបស់នាងក៏រៀបចំធ្វើពញាក់បូព្រឹក្ស សារជាថ្មីម្ដងទៀតទៅ។

ក្នុងជំនួបផ្ទាល់ ទេព បូព្រឹក្ស និយាយដោយសប្បាយរីករាយថា តាមពិតនាងមិនដែលទម្លាប់ធ្វើខួបកំណើតធំទាល់តែសោះ ជារៀងរាល់ឆ្នាំ គឺមានតែការញាំអាហារជួបជុំគ្រួសារជាការស្រេច ព្រោះថាខួបកំណើតនាង គឺចំពេលដែលរវល់ខ្លាំងតែម្ដង។

ស្រីនិច្ច រៀបរាប់ថា ”ខួបកំណើតខ្ញុំពិតប្រាកដ គឺនៅថ្ងៃទី២២ ខែធ្នូ មែន ហើយម្សិលមិញ យើងបានរៀបចំម្ដងរួចទៅហើយ តែឥឡូវក្រុមរាំ គាត់ធ្វើឲ្យខ្ញុំមិនដឹងខ្លួនជាមុនទេ។ ជារៀងរាល់ឆ្នាំទៅហើយ ខ្ញុំមិនដែលបានធ្វើខួបធំដុំអីដូចគេទេ គឺមានតែជួបជុំគ្រួសារតិចតួចហ្នឹង ហើយឆ្នាំនេះ ខ្ញុំនឹងណាត់ក្រុមគ្រួសារទៅញាំអីនៅថ្ងៃទី២៧ ខែធ្នូ រួមគ្នា ព្រោះថាខ្ញុំរវល់រហូតតែម្ដងប៉ុន្មានថ្ងៃនេះ ហើយដោយសារតែយើងមានខួបចំខែរវល់អីចឹងហើយ បានជាមិនដែលបានធ្វើអីធំដុំដូចគេហ្នឹង។ សម្រាប់ខួបកំណើតខ្ញុំឆ្នាំនេះ គឺគម្រប់អាយុ២៤ឆ្នាំ ខ្ញុំបួងសួងសុំឲ្យគ្រួសារខ្ញុំសុខសប្បាយ ហើយខ្ញុំមានភាពរលូនទៅមុខទៀតក្នុងអាជីពចម្រៀង កុំឲ្យមានរឿងអីអាក្រក់ៗកើតឡើងឲ្យសោះ”។

ទេព បូព្រឹក្ស ដែលចូលសិល្បៈពេញទំហឹងរយៈពេល៧ឆ្នាំចុងក្រោយ តាមរយៈផលិតកម្មរស្មីហង្សមាស បន្ទាប់ពីផលិតកម្មចាស់របស់នាង TV Production និងរស្មីស្ទឹងសង្កែ បានបិទទ្វារនោះ ពេលនេះអ្នកចម្រៀងរូបនេះមានទ្រព្យច្រើន ក្នុងចំណោមតារាស្រីវ័យក្មេង មានដូចជា កញ្ញាមាន សូនីតា , បេប៊ី, នៅ សុនិតា , ពេជ្រ សូលីកា ជាដើម ដែលម្នាក់ៗសុទ្ធតែមានទ្រព្យក្នុងកណ្ដាប់ដៃរាប់សែនដុល្លារ។ ទេព បូព្រឹក្ស បានទិញវីឡាតម្លៃ១៤ម៉ឺនដុល្លារ និងប្ដូរពីការជិះរថយន្ដ Toyata Tundra មកជិះ Landcruiser V8 តម្លៃជិត១០ម៉ឺនដុល្លារ យ៉ាងហ៊ឺហា ដែលតារាជើងថ្មីៗពិបាកតាមទាន់នាងណាស់។

យ៉ាងណា ខណៈដែលអាជីពចម្រៀងហាក់ត្រូវប៉ាន់រកបានលុយជាច្រើនក្នុង១រដូវក្ដៅនេះ កញ្ញាបូព្រឹក្ស ក៏ល្បីរឿងស្នេហាព្រមគ្នាដែរជាមួយតារាចម្រៀងជ្រកកោនក្រោមដំបូលតែមួយ លោកងួន ចាន់ដេវីត ដោយពេលនេះពួកគេកំពុងតែប្រឹងប្រែងរកលុយដើម្បីដឹកដៃគ្នាចូលរោងការទៀតផង។

ប្រភពបានឲ្យដឹងថា បូព្រឹក្ស-ដេវីត មានការចុះសម្រុងគ្នាណាស់ ហើយចាស់ទុំទាំងសងខាងក៏បានជំរុញឲ្យពួកគេរៀបការដែរ។ តែទាំងបូព្រឹក្ស​ និងដេវីត ហាក់នៅតែរារែកចិត្តមិនចង់រៀបការនៅពេលនេះឡើយ ព្រោះថាអាជីពសិល្បៈគេកំពុងតែត្រូវប៉ាន់ ខណៈដែលស្រីនិច្ច មានតម្លៃខ្លួនច្រៀង១កម្មវិធីឡើងខ្ពស់ជាងមុន។

ទេព បូព្រឹក្ស បន្ថែមថា ”ឆ្នាំនេះខ្ញុំទទួលបានការច្រៀង Concert ធំៗច្រើនណាស់ អីចឹងហើយដោយសារតែយើងមានការងារសិល្បៈច្រើនអីចឹងហើយ បានជាខ្ញុំអាចមានលទ្ធភាពទិញផ្ទះ ឡាននេះបាន អីចឹងមិនទាន់គិតទៅលើអីផ្សេងទេ។ ចំពោះតម្លៃខ្លួនវិញឆ្នាំនេះ គឺខ្ញុំឡើងជាងមុនគឺច្រៀង១កម្មវិធី យក១៨០០ដុល្លារ តែការចំណាយក៏ច្រើនដែរ ព្រោះឥឡូវខ្ញុំមានក្រុមរាំដល់ទៅ១៥នាក់ឯណោះ”៕

RELATED ARTICLES