Saturday, April 27, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ៖ អាជីពចម្រៀងមិនស្ងប់ស្ងាត់នោះទេ មានតែកើនឡើងជាងមុន

ឆាយ វីរៈយុទ្ធ ៖ អាជីពចម្រៀងមិនស្ងប់ស្ងាត់នោះទេ មានតែកើនឡើងជាងមុន

តារាចម្រៀងនាំមុខគេនៅសាន់ដេ លោកឆាយ វីរៈយុទ្ធ ទើបតែរៀបការកក្រើកសង្គមសិល្បៈ កាលពីឆ្នាំ២០១៦ ជាមួយអ្នកនាងសែ ចាន់ឌី កូនអ្នកជំនួញនៅខេត្តកំពង់ចាម ខណៈដែលមជ្ឈដ្ឋានមួយចំនួនលើកឡើងថា ក្រោយរៀបការ លោកយុទ្ធ ហាក់ស្ងប់ស្ងាត់ តែតារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅរូបនេះអះអាងថា មួយរយៈចុងក្រោយនេះ ទីផ្សារចម្រៀងរបស់លោកកាន់តែស្ទុះឡើងជាងមុន ពុំមែនស្ងប់ស្ងាត់នោះទេ ហើយក៏មិនភ័យខ្លាចធ្លាក់កូដដោយសារបើកចំហជីវិតគ្រួសារនោះដែរ…។

កន្លងមកមានតារាចម្រៀងល្បីៗជាច្រើនបានព្យាយាមលាក់បាំងពីជីវិតស្នេហា ព្រោះខ្លាចធ្លាក់ចុះប្រជាប្រិយភាព គឺទើបតែពេលចុងក្រោយនេះ មានតារាចម្រៀងមួយចំនួនហ៊ានលាតត្រដាងពីរឿងស្នេហា ដូចជាលោកខាន់ ជេមស៍ អ្នកនាងសុគន្ធ និសា និងលោកឆាយ វីរៈយុទ្ធ ជាដើម។ ប៉ុន្តែទន្ទឹមនឹងនោះ មានការសម្គាល់ឃើញថា ទាំងលោកខាន់ ជេមស៍ និងសុគន្ធ និសា ហាក់នៅទ្រឹងពុំទាន់មានអ្វីលេចធ្លោដូចកាលនៅលាក់លៀមរឿងស្នេហានោះទេ។

ដោយឡែកលោកឆាយ វីរៈយុទ្ធ ដែលមជ្ឈដ្ឋានមួយចំនួនគិតថា លោកហាក់ធ្លាក់ចុះការគាំទ្របន្តិច ក្រោយពេលរៀបការបើកចំហនោះ បានអះអាងថា អាជីពចម្រៀងរបស់លោកពុំបានស្រុតចុះនោះទេ ពោលគឺ មួយរយៈចុងក្រោយនេះ លោកទទួលបានឱកាសការងារយ៉ាងជោកជាំ ទាំងការងារផលិតចម្រៀងថ្មីៗ ចេញច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីធំៗ និងមានការទាក់ទងឱ្យលោកចេញទៅសម្តែងនៅក្រៅប្រទេសជាដើម។

លោកយុទ្ធ ប្រាប់ថា “អត់មានស្ងប់ស្ងាត់ទេបង! គឺការងារសិល្បៈរបស់ខ្ញុំ មានតែកើនឡើងជាងមុន ហើយរាល់ពេលខ្ញុំបង្ហាញវត្តមាននៅតាមកម្មវិធីប្រគំតន្ត្រីនានា តែងតែទទួលបានការគាំទ្រពីបងប្អូនជានិច្ច។ ដូច្នេះខ្ញុំគិតថា ការលាតត្រដាងពីជីវិតស្នេហារបស់ខ្ញុំ ពុំបានធ្វើឱ្យប៉ះពាល់ដល់អាជីពចម្រៀងនោះទេ។ ម៉្យាងខ្ញុំគិតថា ទស្សនិកជនគាំទ្រទៅលើសមត្ថភាព ទឹកដមសំឡេង និងមានបទចម្រៀងថ្មីៗប្លែកៗ ចេញនៅលើទីផ្សារ គឺមិនពាក់ព័ន្ធនឹងជីវិតឯកជននោះទេ។ ហេតុដូច្នេះហើយ ទើបខ្ញុំរៀបការបើកចំហ ដោយមិនខ្លាចធ្លាក់កូដដូចការយល់ឃើញរបស់បងប្អូនទស្សនិកជនមួយចំនួន”។

ឆាយ វីរៈយុទ្ធ ហៅឆោម បានឱ្យដឹងដែរថា លោកកំពុងត្រៀមចេញបទថ្មីៗជាច្រើនទៀត នៅលើទីផ្សារ មានទាំងបទចម្រៀងមនោសញ្ចោតនា និងបទញាក់កន្ត្រាក់អារម្មណ៍ ជាដើម ជាមួយនឹងការបំបែកក្បាច់រាំថ្មីៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានចាប់ដៃគូច្រៀងជាមួយកញ្ញាសុខ ពិសី ដែលនឹងមានបទចម្រៀងរួមគ្នាជាច្រើនបទ ដើម្បីបំបែកទីផ្សារ។

ក្រោយពេលតារាចម្រៀងល្បីឈ្មោះ លោកខេមរៈ សិរីមន្ត ចាកចេញពីទ្រនំសាន់ដេ មជ្ឈដ្ឋានមួយចំនួនគិតថា នាយចឺម នឹងក្លាយជាកំពូលតារាចម្រៀងប្រចាំផលិតកម្មធំមួយនេះ ប៉ុន្តែទស្សនិកជនភាគច្រើនយល់ថា មានតែលោកឆាយ វីរៈយុទ្ធ ប៉ុណ្ណោះ ដែលជំនួសតំណែងសិរីមន្ត បាននៅសាន់ដេ។ យ៉ាងណា លោកយុទ្ធ អះអាងថា លោកគ្មានបំណងប្រកួតប្រជែងជាមួយតារាចម្រៀងណាមួយទេ អ្វីដែលសំខាន់ លោកព្យាយាមរិះរកនូវអ្វីដែលថ្មីប្លែក ដើម្បីតម្រូវចិត្តបងប្អូន ទស្សនិកជន ហើយលទ្ធផលយ៉ាងណានោះ លោកទុកឱ្យមហាជនជាអ្នកផ្តល់ពិន្ទុ។

ក្រៅពីមិនភ័យខ្លាចកូដ ក្រោយពេលរៀបការផ្អើលពិភពសិល្បៈ ឆាយ វីរៈយុទ្ធ បានបង្ហើបឱ្យដឹងដែរថា លោកនិងភរិយា ក៏កំពុងចង់បានកូនគ្រាន់ប្រឡែងលេងផងដែរ ដោយពុំបានពន្យារកំណើតនោះទេ ហើយបើមានកាន់តែឆាប់ ក៏កាន់តែល្អ ខណៈដែលលោកមានជំនឿចិត្តថា ការបង្ហាញពីជីវិតគ្រួសារជាចំហ មិនធ្វើឱ្យប៉ះពាល់ដល់អាជីពចម្រៀងឡើយ៕

RELATED ARTICLES