Saturday, April 27, 2024
Homeតារាខ្មែរប៉ាច គីមមួយ មានគេទាក់ទងថតពាណិជ្ជកម្ម តែមិនទាន់ត្រូវថ្លៃ

ប៉ាច គីមមួយ មានគេទាក់ទងថតពាណិជ្ជកម្ម តែមិនទាន់ត្រូវថ្លៃ

ប៉ាច គីមមួយ ដែលមានរូបសម្រស់ស្រស់ស្អាតនៅផលិតកម្ម We Production នៅមិនទាន់ទទួលបានការចាប់អារម្មណ៍ពីម្ចាស់ Sponsor នៅឡើយទេ ខណៈដែលគេឃើញនាងរ៉េត ស៊ូហ្សាណា ទទួលបានការចាប់អារម្មណ៍ខ្ពស់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មធំៗ។

តារាចម្រៀងដែលស្ទាត់ជំនាញច្រៀងភាសាចិនរូបនេះ បានឱ្យដឹងថា “ចំពោះស្ពតពាណិជ្ជកម្មវិញ កន្លងមក មានគេទាក់ទងដែរ តែមិនទាន់ត្រូវថ្លៃគ្នា ហើយខ្ញុំជាអ្នកចម្រៀងមានកុងត្រា អ៊ីចឹងរាល់កិច្ចការទាំងឡាយ គឺនៅលើក្រុមហ៊ុនជាអ្នកដាក់ឱ្យធ្វើ គឺយើងធ្វើទៅតាមផលិតកម្ម ហើយខ្ញុំមិនដែលគិតថា គេបានស្ពតធំ យើងអត់បានអី គឺអត់មានអ៊ីចឹងទេ ព្រោះតារាហង្សមាស មានច្រើននាក់។ ចំណែកការថតភាពយន្តវិញ ខ្ញុំពេញចិត្ត ព្រោះស្រលាញ់ការងារសិល្បៈដូចគ្នា មិនថា សម្តែង ឬច្រៀងទេ ហើយទោះជាតួតូច ឬធំ គឺយើងសម្តែងទាំងអស់ឱ្យតែក្រុមហ៊ុនដាក់ឱ្យធ្វើ”។

ប៉ាច គីមមួយ ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ តែមិនបានជោគជ័យឡើយ ព្រោះពានធ្លាក់ក្នុងកណ្តាប់ដៃប៊ុត សីហា។ ទោះជាយ៉ាងណា តារាកូនកាត់ចិនរូបនេះ អាចចូលទៅហង្សមាស បានដោយស្រួល តាមរយៈការមានទឹកដមសំឡេងល្អ និងមានរូបសម្រស់គួរឱ្យទាក់ទាញនោះ។

ប្រភពបានឱ្យដឹងថា គីមមួយ ត្រូវបុរសអ្នកមានទ្រព្យស្តុកស្តម្ភតាមសុំឧបត្ថម្ភឱ្យនាងរស់នៅដោយសុខសាន្ត មិនចាំបាច់ទៅច្រៀង សម្តែងហាលថ្ងៃទេ គឺដេកចាំតែចាយលុយ តែស្រីស្អាតរូបនេះមិនហ៊ានលោតឆត្រដូចតារាមួយចំនួនឡើយ ព្រោះខ្លាចប៉ះចំប្តីគេ។

ប៉ាច គីមមួយ អះអាងថា “ខ្ញុំគ្មានសង្សារទេ! និយាយទៅ អត់សូវគិតលើរឿងហ្នឹងផង! ខ្ញុំអាចរកប្រាក់ចំណូលបានគួរសមដែរ ព្រោះអីចុះទៅតាមខេត្តញឹកញាប់ដែរ ហើយតម្លៃខ្លួនយើងក៏ខ្ពស់ជាងមុន។ ខ្ញុំគិតថា រឿងគេស្រលាញ់យើង គឺជារឿងធម្មតាទេ បើយើងមិនរញ៉េរញ៉ៃជាមួយគេ ក៏គេមិនហ៊ានដែរ”។

ប៉ាច គីមមួយ ត្រូវបានអ្នករៀបចំកម្មវិធីប្រគំតន្ត្រី ឱ្យដឹងថា នាងច្រៀងកម្មវិធីធំ មានតម្លៃខ្លួន១កម្មវិធី ១ពាន់ដុល្លារ ហើយរយៈពេលចុងក្រោយនេះ គីមមួយ មានបទញាក់ច្រើនជាងមុន ដែលមានក្រុមរាំអមច្រើននាក់ទៀត ទើបធ្វើឱ្យទីផ្សារចម្រៀងនាងគ្រាន់បើជាងមុន ទោះជាមិនអាចប្រជែងជាមួយឱក សុគន្ធកញ្ញា និងពេជ្រ សោភា បានក៏ដោយ៕

RELATED ARTICLES