Friday, April 26, 2024
Homeតារាខ្មែរសុខ ពិសី ពេញចិត្តដៃគូថ្មី

សុខ ពិសី ពេញចិត្តដៃគូថ្មី

សុខ ពិសី ដែលមិនចេះរាំសោះនោះ ក៏បានអភិវឌ្ឍខ្លួនទៅជាអ្នកចម្រៀងដែលមានក្រុមរាំអមលើឆាកតន្ត្រី ដល់ទៅជិត10នាក់ផងដែរ នៅពេលនេះ ហើយតាមរយៈការបង្ហាញខ្លួននៅប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ អ្នកចម្រៀងសាច់សខ្ចីរូបនេះ មានក្រុមអ្នកគាំទ្រ (Fan) តាមហែហមដល់បន្ទប់ផ្លាស់សម្លៀកបំពាក់។ សុខ ពិសី បានច្រៀងបទល្បីរបស់ខ្លួន មានដូចជាបទ “គេមិនបានស្រលាញ់យើងទេ”, “សង្សារជើងល្អ” និងបទ “ឱបអាប៉មទៅរាំ”។

សុខ ពិសី បានប្រាប់ថា នាងត្រៀមចេញបទចម្រៀងជិត10បទ សម្រាប់បុណ្យចូលឆ្នាំខ្មែរ នេះហើយ មានគ្រប់រសជាតិទាំងអស់ អ៊ីចឹងសង្ឃឹមថា នឹងលេចធ្លោជាងឆ្នាំមុន។ តារាស្រីសម្រស់លេចធ្លោរូបនេះថ្លែងថា “យើងមិនហ៊ានរំពឹងខ្ពស់ជាមុនខ្លាំងទេ គឺចាំឱ្យចេញមកសិន តែឆ្នាំនេះ ខ្ញុំមាន6ទៅ7បទដែរ មានទាំងបទទោល និងឆ្លងឆ្លើយជាមួយលោកឆាយ វីរៈយុទ្ធ និងនាយចឺម ដែលមានគ្រប់ចង្វាក់ទាំងអស់ ហើយនឹងចេញមុនចូលឆ្នាំខ្មែរនេះ។ និយាយទៅ ឆ្នាំនេះបានច្រើនជាងឆ្នាំមុនហើយ សម្រាប់ថ្ងៃចូលឆ្នាំខ្មែរ ខ្ញុំជាប់ច្រៀង Concert ទាំង3ថ្ងៃ នៅខេត្តសៀមរាប អ៊ីចឹងមិនបានដើរទៅកម្សាន្តឯណាឆ្ងាយទេ គ្រាន់តែថា ទៅហ្នុងទាំងក្រុមគ្រួសារ អ៊ីចឹងពេលថ្ងៃយើងអាចនាំគ្រួសារដើរលេង ហើយពេលយប់ ទើបច្រៀងតាមកម្មវិធី”។

សុខ ពិសី ដែលធ្លាប់តែចាប់ដៃគូសម្តែង និងច្រៀងជាមួយលោកខេមរៈ សិរីមន្ត នោះ ដូចជាឯកោបន្តិចនៅពេលដែលសិរីមន្ត ស្ពាយបង្វេចចូលផលិតកម្មហង្សមាស និងចាប់ដៃគូជាមួយឱក សុគន្ធកញ្ញា ម្តង ទើបធ្វើឱ្យពិសី ងាកទៅច្រៀងសម្តែងជាមួយលោកឆាយ វីរៈយុទ្ធ វិញ។

សុខ ពិសី ថ្លែងទៀតថា “ខ្ញុំពេញចិត្តលោកខេមរៈ សិរីមន្ត និងឆាយ វីរៈយុទ្ធ ដូចគ្នា។ ខ្ញុំក៏មិនដែលធ្លាប់គិតថា ចង់ចាប់ដៃគូជាមួយអ្នកណាឱ្យខាងផលិតកម្ម ជាអ្នកតម្រូវឱ្យដែរ គឺឱ្យតែខាងផលិតកម្មដាក់ឱ្យ ខ្ញុំពេញចិត្តក្នុងការចម្រៀងសម្តែងជាមួយ ដូចជាថ្មីៗនេះ ខ្ញុំបានច្រៀងជាមួយលោកឆាយ វីរៈយុទ្ធ, ចឺម និងលោកបូទី ជាដើម។ និយាយទៅ ផលិតកម្មគាត់គិតថា បទហ្នឹងយើងសមជាមួយតារាប្រុសណា គឺគេធ្វើទៅតាមហ្នឹង យើងជាតារាចម្រៀង ចាំតែធ្វើការដែលក្រុមហ៊ុនដាក់ឱ្យ”។

ក្រៅពីចេញបទ “គេមិនបានស្រលាញ់យើងទេ” ដែលពិសី ច្រៀងនិងសម្តែងជាមួយវីរៈយុទ្ធ នោះ តារាស្រីប្រុសទាំង2ដួងនេះ ក៏បានថតភាពយន្តជាមួយគ្នា គឺរឿង “អាឡេវចូលក្រុង” ដែលត្រៀមដាក់បញ្ចាំងនាពេលឆាប់ៗនេះហើយ ដែលគេជឿថា ពិសី និងលោកឆោម នឹងឡើងកូដមួយក្រឺតថែមទៀតជាមិនខាន។

សុខ ពិសី បានឱ្យដឹងទៀតថា “រឿងនោះ ស្ទើរតែថតបញ្ចប់ហើយ គឺនៅតិចតួចប៉ុណ្ណោះ ហើយអាចនឹងដាក់បញ្ចាំង នៅក្រោយចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។ សម្រាប់ខ្ញុំ នៅតែបន្តការថតភាពយន្ត និងចម្រៀងព្រមគ្នាតទៅទៀត ហើយយើងសង្ឃឹមថា រឿងថ្មីនោះនឹងប្លែកជាងរឿងមុនៗ”៕

RELATED ARTICLES