Friday, April 26, 2024
Homeព័ត៌មានជាតិផឹកសុីស្រវឹងឈ្លោះប្រកែកគ្នា ទាញដាវកាប់រយះក្បាល ផ្អើលភ្ញៀវពេញរោងការ

ផឹកសុីស្រវឹងឈ្លោះប្រកែកគ្នា ទាញដាវកាប់រយះក្បាល ផ្អើលភ្ញៀវពេញរោងការ

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានចូលរួមផឹកស៊ីនៅក្នុងរោងមង្គលការមួយក្នុងភូមិ លុះពេលផឹកស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងបុរសជាអ្នកភូមិម្នាក់ ដែលអង្គុយផឹកស៊ីតុជាមួយគ្នា រហូតឈានដល់អំពើហិង្សា ទាញដាវកាប់បុរសរងគ្រោះបណ្តាលឱ្យរយះក្បាល នៅកណ្តាលរោងការ។

ករណីផឹកស៊ីទាស់សម្តី ឈានដល់អំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចរោងការមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបាន កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។

ជនដៃដល់ដែលកាប់ប្រហារគូទំនាស់ បណ្តាលឱ្យរយះក្បាល មានឈ្មោះគែគ ប៉ាវ អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះប៊ុន សុភាស់ អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ មានអ្នកភូមិម្នាក់ ឈ្មោះផាត ណាត បានរៀបចំពិធីមង្គលការកូនស្រី ដោយបានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនកុះករ លុះដល់ល្ងាចថ្ងៃដដែល ចូលដល់ពិធីទទួលភ្ញៀវពិសាភោជនាហារ ក៏មានវត្តមានជនរងគ្រោះ និងជនដៃដល់ចូលរួមផឹកស៊ីផងដែរ។ លុះក្រោយពេលផឹកស៊ីស្រវឹងធ្លាក់ភ្នែក ជនរងគ្រោះនិងជនដៃដល់ ក៏បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់ភាគីជនដៃដល់ទប់កំហឹងមិនបាន ក៏ទាញដាវកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសរយះក្បាល នៅកណ្តាលរោងការ ធ្វើឱ្យមានការផ្អើលឆោឡោពេញរោងការទៀតផង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ រហូតដល់ព្រឹកឡើង ក៏ត្រូវកម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្តិ៍រលាំងចក ចុះឃាត់ខ្លួនជនដៃដល់បាននៅផ្ទះ រួចក៏នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដាវកាប់ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែមានទំនាស់ពាក្យសម្តីនឹងគ្នា ។

បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ចកំពុងកសាងសុំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។/

RELATED ARTICLES