Saturday, April 27, 2024
Homeសម្រស់ក្លៀកសស្អាត ដោយវិធីធម្មតា៤យ៉ាង

ក្លៀកសស្អាត ដោយវិធីធម្មតា៤យ៉ាង

នារីមួយចំនួនមានបញ្ហាស្បែកក្លៀក គ្រាតគ្រើម ដូចស្បែកមាន់ ឬក្លៀកខ្មៅមិនស្អាត ធ្វើឱ្យបាត់បង់ទំនុកចិត្តខ្លួនឯង ជាពិសេស នៅពេលត្រូវការពាក់អាវវៀលក្លៀក ដែលមូលហេតុភាគច្រើន គឺបណ្តាលមកពីការដក ឬកោររោមក្លៀក…។

ទោះជាយ៉ាងណា មានវិធីធ្វើឱ្យក្លៀកសស្អាតឡើងវិញ បានទាំងការប្រើក្រែម ឡាស៊ែរ និងការប្រើវិធីធម្មជាតិ។

ខាងក្រោមនេះ ជាវិធីធម្មជាតិ៤យ៉ាង ជួយឱ្យស្បែកក្លៀកស្អាត ដែលអ្នកអាចសាកល្បងជ្រើសយកមកប្រើបាន ៖

១-ខាត់ស្បែកក្លៀកឱ្យស និងបន្ថយបញ្ហា ស្បែកក្លៀកគ្រាតគ្រើម ដោយដំឡូងបារាំង ៖  អ្នកដែលមានបញ្ហាស្បែកក្លៀកខ្មៅ និងគ្រាតគ្រើម មិនរលោង អាចប្រើដំឡូងបារាំង មកខាត់ស្បែកក្លៀកឱ្យស និងបន្ថយបញ្ហាស្បែកក្លៀក គ្រាតគ្រើមបាន ដូចខាងក្រោម ៖

-យកដំឡូងបារាំង ស្រស់ មកកិនឱ្យម៉ដ្ឋ ដាក់ទឹកស្អាតចូលបន្តិច។

-ពូតច្របាច់យកទឹកចេញ រួចយកសាច់ដំឡូងបារាំង មកខាត់ថ្នមៗ នៅក្លៀកទុកចោល១០នាទី សឹមលាងចេញដោយទឹកស្អាត។

វិធីនេះ ក្រៅពីជួយឱ្យស្បែកក្លៀកសស្អាត  ថែមទាំងកាត់បន្ថយបញ្ហាស្បែកក្លៀកគ្រាតគ្រើម ធ្វើឱ្យអ្នកអាចលើកដៃបង្ហាញក្លៀក បានដោយមានទំនុកចិត្ត។

២-ស្បែកក្លៀករលោង និងបន្ថយក្លិនក្លៀក ដោយទឹកឃ្មុំ ៖ អ្នកដែលមានបញ្ហាស្បែកក្លៀកមិនរលោង និងថែមទាំងមានក្លិនមិនល្អ អាចប្រើវិធីធម្មជាតិខាងក្រោម គឺទឹកឃ្មុំ និងយ៉ាអួ ៖

-យកយ៉ាអួរសជាតិធម្មជាតិ ២ស្លាបព្រាបាយ មកលាយជាមួយទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេ។

-យកល្បាយទឹកឃ្មុំ និងយ៉ាអួ មកលាបបំពោកក្លៀក ម៉ាស្សាថ្នមៗ ទុកចោល២០នាទី សឹមលាងចេញដោយទឹកស្អាត។

វិធីនេះជួយឱ្យស្បែកក្លៀករលោងស្អាត ព្រមទាំងកម្ចាត់ក្លិនមិនល្អ ឬភាពផ្អាប់ សើមនៅក្លៀកផងដែរ។

៣-ស្បែកក្លៀកសស្អាត ដោយម្សៅល្មៀត និងយ៉ាអួ ៖ ម្សៅល្មៀត និងយ៉ាអួ អាចជួយឱ្យក្លៀកសឡើងបាន ដោយវិធីខាងក្រោម ៖

-ផ្សំម្សៅល្មៀត កន្លះស្លាបព្រាកាហ្វេ ជាមួយយ៉ាអួ កន្លះកែវ កូរឱ្យចូលគ្នាសព្វ។

-យកល្បាយម្សៅល្មៀតនិងយ៉ាអួ មកលាបក្លៀក ម៉ាស្សាថ្នមៗ ទុកចោល១០នាទី សឹមលាងទឹកចេញ នឹងជួយឱ្យស្បែកក្លៀកសឡើង។

អ្នកអាចប្រើវិធីនេះបានញឹកញាប់ បើចង់ឱ្យក្លៀកស ឡើងឆាប់រហ័សទាន់ចិត្ត។

៤-កាត់បន្ថយបញ្ហាស្បែក ក្លៀកគ្រាតគ្រើម នឹងជួយឱ្យក្លៀកស ដោយត្រចៀកក្រាញ់ ៖ នារីដែលមានបញ្ហាស្បែកក្លៀកគ្រាតគ្រើមដូចស្បែកមាន់ ដោយសារការដករោមក្លៀក ឬរោមក្លៀកកប់ និងមានការរលាកជាដើម អាចកែបញ្ហានេះបាន ដោយប្រើរូបមន្តធម្មជាតិ ត្រចៀកក្រាញ់ និងយ៉ាអួ ដូចខាងក្រោម ៖

-យកស្លឹកត្រចៀកក្រាញ់ មកហាន់ឱ្យល្អិត ប្រមាណ១កែវ រួចកិនវាជាមួយទឹកស្អាត កន្លះកែវ។

-ត្រងយកតែទឹកត្រចៀកក្រាញ់ យកមកផ្សំជាមួយយ៉ាអួ កន្លះកែវ។

-យកល្បាយទឹកត្រចៀកក្រាញ់ និងយ៉ាអួ មកលាបបំពោកក្លៀក ទុកចោល២០នាទី សឹមលាងសម្អាតចេញដោយទឹកស្អាត។

វិធីធម្មជាតិខាងលើនេះ អ្នកអាចជ្រើសប្រើរូបមន្តណាមួយ ឬច្រើនវិធីផ្គួបគ្នាក៏បាន នឹងជួយកាត់បន្ថយបញ្ហាស្បែកក្លៀកគ្រាតគ្រើមដូចស្បែកមាន់ និងជួយឱ្យស្បែកក្លៀករបស់អ្នកសរលោងស្អាត ឡើងបន្តិចម្តងៗយ៉ាងឆាប់រហ័ស បើអ្នកព្យាយាមធ្វើបានញឹកញាប់ និងសមស្រប៕

RELATED ARTICLES