Friday, April 26, 2024
Homeបរិយាយបរិយាយថ្ងៃនេះ ៖ អ្នកមកពីឆ្ងាយ មិនសូវនិយាយត្រង់

បរិយាយថ្ងៃនេះ ៖ អ្នកមកពីឆ្ងាយ មិនសូវនិយាយត្រង់

អ្នកនយោបាយម្នាក់ មិនស្គាល់ឈ្មោះ កាលពីសម័យសង្គមរាស្ត្រនិយម បានទុកឃ្លោងឃ្លារិះគន់ស្ថាបនាថា “អ្នកមកពីឆ្ងាយ ភូតភរអធិប្បាយ តាមចិត្តប្រាថ្នា តែលោកអ្នកប្រាជ្ញ អាចយល់កលការ វៀចត្រង់យ៉ាងណា ក៏អាចដឹងដល់”។ ឃ្លោងឃ្លានេះ បង្ហាញថា កាលពីសង្គមចាស់ តែងតែមានគណៈប្រតិភូ មន្ត្រីទូត ឬបេសកជន ដែលទទួលបេសកកម្មទៅបរទេស ក៏ដូចជាអ្នករត់នៅក្រៅប្រទេស តែងតែភូតភរអធិប្បាយនូវភារកិច្ចរបស់ខ្លួន ខុសពីការពិត។ ឥឡូវជាន់ដានប្រវត្តិសាស្ត្រទៀតហើយ ខណៈដែលពួកប្រឆាំងនៅក្រៅប្រទេស ព្យាយាមបំប៉ោងព័ត៌មាន រីឯមន្ត្រីប្រតិភូ ក៏និយាយមិនសូវពិត ដែល “នគរធំ” ក្តាប់បាន ក៏លើកឃ្លោងឃ្លាខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“អ្នកមកពីឆ្ងាយ” ឃ្លានេះ សំដៅដល់គណៈប្រតិភូ ឬអ្នកការទូត ដែលវិលមកពីបំពេញបេសកកម្មនៅក្រៅប្រទេស ក៏ផ្តល់បទសម្ភាសន៍ ឬថ្លែងការណ៍ជាសាធារណៈ ហួសពីអ្វីដែលគាត់បានទៅបំពេញ។ អ្នកមកពីឆ្ងាយ ក៏ដូច “អ្នកទៅឆ្ងាយ” សុទ្ធតែអាងលើវោហារសាស្ត្រ និងចំណេះដឹង មិនសូវនិយាយពីបរាជ័យរបស់ខ្លួននោះទេ ចាំបាច់ត្រូវតែកុហកផ្សែផ្សំ យកមុខមាត់ កុំឱ្យគេថាអន់។ “ភូតភរអធិប្បាយ តាមចិត្តប្រាថ្នា” ឃ្លានេះបង្ហាញថា អ្នកមកពីឆ្ងាយ ឬអ្នករត់ទៅស្រុកឆ្ងាយ តែងតែកុហកតាមចិត្ត តាមបំណងចង់ផ្គាប់ផ្គុនថ្នាក់លើ ដោយនឹកស្មានថា កិច្ចការនៅឆ្ងាយនោះ គ្មានអ្នកណាដឹងក្រៅពីគ្នីគ្នាគាត់។ “តែលោកអ្នកប្រាជ្ញ អាចយល់កលការ” ពាក្យថាអ្នកប្រាជ្ញ សំដៅដល់អ្នកចេះពិចារណារកហេតុផល មុននឹងជឿបទសម្ភាសន៍ ឬសេចក្តីថ្លែងការណ៍អ្វីមួយ គាត់ថ្លឹងថ្លែង យល់ដល់កិច្ចកលរបស់អ្នកកុហក មិនអាចបោកប្រាស់បានឡើយ។ “វៀចត្រង់យ៉ាងណា ក៏អាចដឹងដល់” ធម្មតាមកពីឆ្ងាយ ឬរត់ទៅស្រុកឆ្ងាយ ពេលថ្លែងការណ៍ ឬសរសេរ តែងមានវៀចត្រង់ ឬថាចំណុចខ្លះគាត់ប្រាប់ត្រង់ៗមិនលាក់លៀមអ្វីទេ ប៉ុន្តែចំណុចខ្លះ គាត់កុហកវិលក្បុង។

ជាទូទៅ អ្នកមកពីឆ្ងាយ ឬរត់ទៅស្រុកឆ្ងាយ គេចាប់អារម្មណ៍ និងតាមដានជាងអ្នកនៅជិត ឬគ្មានភារកិច្ចនៅក្រៅប្រទេស សូម្បីតែ “ធនញ្ជ័យ” ពេលគាត់វិលត្រឡប់ពីស្រុកចិន បន្ទាប់ពីស្តេចបំបរបង់នោះ ទោះជាធនញ្ជ័យ ប្រាប់ត្រង់ ឬ កុហកយ៉ាងណា ក៏ស្រេចតែគាត់។ ករណីធនញ្ជ័យ ចេញទៅដោះប្រស្នាជាមួយអ្នកប្រាជ្ញចិន នៅពេលអ្នកនៅជិតដេញដោលសួរ ធនញ្ជ័យ អាចបកស្រាយអធិប្បាយបាន៣-៤ច្រក ធ្វើឱ្យអ្នកស្តាប់ងឿងឆ្ងល់គ្រប់គ្នា។ ករណី “ឃុនហ្លួងព្រះស្តេចកន” គេចផុតពីសេចក្តីស្លាប់ក្នុងទឹកបឹង រត់ទៅដល់ខេត្តបាភ្នំ កុហកប្រជារាស្ត្រថា ព្រះបាទស្រីសុគន្ធបទ ត្រាស់បង្អាប់ខ្លួនមកកេណ្ឌទ័ព ទៅច្បាំងនឹងព្រះចន្ទរាជា ដែលចង់ជ្រែករាជ្យនោះ ធ្វើឱ្យប្រជារាស្ត្រជឿ ក៏នាំគ្នាចូលបម្រើកងទ័ព ផ្តួលរំលំព្រះបាទស្រីសុគន្ធបទ បាន ដោយហេតុតែអ្នកជឿមិនចេះពិចារណា បណ្តាលឱ្យស្រុកទេសកើតសង្គ្រោម ១៤ឆ្នាំ។

រឿងប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍ខាងលើនេះ ស្តែងឱ្យឃើញថា “អ្នកមកពីឆ្ងាយ និយាយមិនសូវត្រង់” នេះឯង ដែលបច្ចុប្បន្ន ជាន់ដានចាស់ទៀតហើយ ខណៈដែលពួកប្រឆាំង នៅក្រៅប្រទេស ព្យាយាមបំប៉ោងព័ត៌មានឱ្យហួសពីការពិត។ សូម្បីតែគណៈប្រតិភូសភាកម្ពុជា ដែលទទួលបេសកម្មទៅប្រជុំសហភាពអន្តរសភា (IPU) នៅក្រុងហ្សឺណែវ ប្រទេសស្វីស ក៏រងការរិះគន់ពីអ្នកលេងហ្វេសប៊ុកថា “បំភ្លៃស្ថានការណ៍” ដោយលើកឡើងថា “ប្រធាន IPU ទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា” ប៉ុន្តែមន្ត្រីការិយាល័យរដ្ឋសភា បានចេញសេចក្តីកែតម្រូវវិញ ស្របពេលដែលលោកស្រីហ្គាប៊្រីឡា គូវ៉ាស បាររ៉ុន (Gabriela Cuavas Barron) ប្រធាន IPU បានច្រានចោលថា លោកស្រីមិនបាននិយាយយ៉ាងនេះទេ។ លុះអ្នកតាមដាននយោបាយរកហេតុផលទៅ ក៏នាំគ្នារិះគន់ថា មកពី “អ្នកទៅបំពេញបេសកកម្ម និយាយមិនពិត”។ ករណីនេះ ក៏មិនខុសពីលោកអៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ពេលគាត់ទៅបំពេញបេសកម្មក្រៅប្រទេស ក៏ភូតភរបរទេសមួយសាទៅថា “ប្រជាជនកម្ពុជា សម្បូរសប្បាយ” លុះគាត់វិលមកវិញ ក៏ភូតភរមួយសាទៀតថា “អន្តរជាតិ អបអរសាទរ និងគាំទ្ររបស់គាត់”។

ទោះយ៉ាងណា អ្នកនយោបាយ អ្នកការទូត បេសកជន ពីមុន “ស្រួលភូតទេ” ដោយសារគ្មានប្រព័ន្ធបច្ចេកវិជ្ជាទំនើប ដូចសព្វថ្ងៃ ជាពិសេស របបខ្មែរក្រហម គ្មានវិទ្យុស្តាប់ បើត្រូវស្តាប់ លុះត្រាតែអង្គការចាក់បន្តតាមមីក្រូឱ្យស្តាប់ ដែលវិទ្យុនោះ និយាយតែភាពសម្បូរសប្បាយ អត់ដែលឮពីការកាប់សម្លាប់ ឬហុតបបររាវកក្លូកនោះទេ។ ផ្ទុយទៅវិញ សម័យនេះ មានវិទ្យុ ទូរទស្សន៍ ហ្វេសប៊ុក យូធូប ធ្វីតធើរ ចង់បើកពេលណា ក៏មើលឃើញរូប និងឮសំឡេងពេលនោះ។ អ៊ីចឹង តើអ្នកមកពីឆ្ងាយ ឬអ្នករត់ទៅឆ្ងាយ “កុហកម្តេចបាន?” ដោយហេតុថា ប្រជាពលរដ្ឋខ្មែរសម័យនេះ សុទ្ធតែអ្នកចេះវិភាគរឿងនយោបាយ ហើយក៏មិនខ្វះអ្នកចេះភាសាបារាំង អស់គ្លេស ថៃ ចិន កូរ៉េ ជប៉ុន សូម្បីតែភាសាសំស្ក្រឹត ដែលជាភាសាស្លាប់ ក៏មានព្រះសង្ឃខ្មែរ ១អង្គ បានសញ្ញាបត្រ “បណ្ឌិតខាងភាសាសំស្ក្រឹត” ដែរ។ ដូច្នេះអ្នកមកពីឆ្ងាយ មិនអាចកុហករាស្ត្របានឡើយ តែបើហ៊ានកុហក បានត្រឹមនាំឱ្យខូចឈ្មោះខ្លួនតែប៉ុណ្ណោះ។

យើងទទួលស្គាល់ថា អ្នករត់ទៅស្រុកឆ្ងាយ ព្យាយាមកុហក ឬបំប៉ោងព័ត៌មាន ឬបង្កើត “ព័ត៌មានក្លែងក្លាយ” តាមហ្វេសប៊ុក យូធូប នោះ មកពីគាត់ចង់ផ្គាប់ចិត្តចៅហ្វាយនាយ។ រីឯបេសកជនមកពីឆ្ងាយ ដែលព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត ឬកាឡៃពាក្យសម្តីជនបរទេសនោះ គឺមកពីចង់ផ្គាប់ចិត្តថ្នាក់លើដែរ ស្របតាមព្រះរាជបណ្តាំ “ព្រះស្រីធម្មរាជា ហៅ ព្រះរាជសម្ភារ” អតីតព្រះមហាក្សត្រខ្មែរ ជាឃ្លាឃ្លោងថា “ចង់គាប់បានយស ចង់ស្វែងរបស់ ប្រើចេះផ្គត់ផ្គង់ ចង់ធំកុំអួត ដើមមានពូជពង្ស ចង់ឱ្យខ្លួនត្រង់ ប្រើផ្គាប់អ្នកមុខ”។ មានន័យថា ហេតុតែចង់បានយស បានរបស់ចង់ធំ ក៏ប្រឹងផ្គាប់ផ្គុនអ្នកមុខ ឬថ្នាក់ដឹកនាំនេះឯង។

គួរយល់ថា ជនបរទេសខ្លះ ដូចលោកទូតអាមេរិក វីល្លៀម ហេដថ៍ ជាដើម ចេះភាសាខ្មែរច្បាស់ណាស់ ក៏ដូចលោកអាឡិច ជនជាតិអេស្ប៉ាញ អតីតប្រធានចលនាមាតាធម្មជាតិ ក៏ចេះភាសាខ្មែរយ៉ាងស្ទាត់។ ដូច្នេះបើអ្នកការទូត ឬបេសកជនខ្មែរ បកប្រែភាសាអង់គ្លេស ចេញពីមាត់អ្នកដឹកនាំស្ថាប័នអន្តរជាតិ ខុសពីការពិត ធ្វើឱ្យជនបរទេសដែលចេះខ្មែរនោះ សើចចំអកមិនខាន។ ជួនកាល គេវាយតម្លៃថា គណៈប្រតិភូនោះ ចេះអង់គ្លេស “ស្ទើរភ្លើង” ក៏ថាបាន ហើយបើកាលណាគេថា យើងស្ទើរភ្លើង បានត្រឹមខូចកិត្តិយសខ្មែរ ទាំងនគរ។ កិច្ចការពាំនាំសម្តីអ្នកដឹកនាំស្ថាប័ន អន្តរជាតិសំខាន់ៗ ដូចជា សម្តីអគ្គលេខាធិការ អ.ស.ប សម្តីប្រធានាធិបតី សម្តីនាយករដ្ឋមន្ត្រី បណ្តាប្រទេសនានា ក៏ដូចសម្តីប្រធានសហភាពអឺរ៉ុប ប្រធាន IPU ជាដើម មានអ្នកស្តាប់ពេញញពិភពលោក។ បើសិនជាយើងបកប្រែខុស ច្បាស់ជាគេដកសេចក្តីទុកចិត្តមិនខាន ទោះជាមានសេចក្តីកែតម្រូវ ក៏ “រនាបបាក់ យករនាបជួស សម្តីហួស គ្មានអ្វីជួសបាន”។

យ៉ាងណាក៏ដោយចុះ បើរកមូលហេតុឱ្យឃើញ គឺមកពី “ខ្មែរឈ្លោះគ្នា បែងចែកនិន្នាការ” ទើបភាគីម្ខាងៗ ចាំតែដកស្រង់ពាក្យសម្តីជនបរទេសមកផ្សព្វផ្សាយ បើសិនជាជនបរទេសនោះគាំទ្រខ្លួន ដែលជួលកាលក៏បកខុសពីស័ព្ទដើម។ ករណី សហភាពអឺរ៉ុប ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ធ្វើឱ្យពួកប្រឆាំងសប្បាយចិត្ត បង្ហោះពាក្យសម្តី ឬសំណេរពួកអឺរ៉ុប ព្រោងព្រាតតាមហ្វេសប៊ុក យូធូប ដើម្បីបំបាក់មុខរដ្ឋាភិបាល។ ដូចគ្នានេះដែរ ករណីសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា ផ្ញើលិខិតទៅកាន់ស្នងការទទួលបន្ទុកពាណិជ្ជកម្ម EU ដើម្បីជំទាស់ការដកប្រព័ន្ធអនុគ្រោះពន្ធនោះ ក៏ត្រូវអ្នកនាំពាក្យរដ្ឋាភិបាល យកទៅផ្សព្វផ្សាយពន្យល់បានក្បោះក្បាយល្អណាស់។ ទាំងអ្នកជិត និងអ្នកឆ្ងាយ បើបានជាបកស្រាយអធិប្បាយពាក្យសម្តី ឬលិខិតជនបរទេស គួរ “បកឱ្យត្រឹមត្រូវ” ចៀសវាងប្រតិកម្មពីម្ចាស់សម្តី ឬលិខិតនោះ នាំឱ្យខូចឈ្មោះកម្ពុជា លើឆាកអន្តរជាតិ។

សរុបទៅ បណ្តាំអ្នកនយោបាយជំនាន់មុនថា “អ្នកមកពីឆ្ងាយ ភូតភរអធិប្បាយ តាមចិត្តប្រាថ្នា តែលោកអ្នកប្រាជ្ញ អាចយល់កលការ វៀចត្រង់យ៉ាងណា ក៏អាចដឹងដល់” មានខ្លឹមសារអប់រំគណៈប្រតិភូ បេសកជន មន្ត្រីទូត ក៏ដូចអ្នកនៅក្រៅប្រទេស ត្រូវនិយាយនូវអ្វីដែលពិត។ សម័យនេះ ពិបាកកុហកណាស់ ព្រោះប្រជាពលរដ្ឋខ្មែរ មិនល្ងង់ទេ ដោយមានអ្នកចេះភាសាបរទេស រាប់មិនអស់ បើអ្នកមកពីឆ្ងាយ ឬអ្នកទៅឆ្ងាយ បំភ្លៃពាក្យសម្តីជនបរទេស បានត្រឹមខូចឈ្មោះខ្លួនឯងតែប៉ុណ្ណោះ ហើយក៏អាចប៉ះពាល់ដល់កិត្តិយសប្រទេសផងដែរ៕

RELATED ARTICLES