Friday, April 26, 2024
Homeតារាខ្មែរបេប៊ី គ្រោងទៅ១០វត្ត នៅរដូវបុណ្យភ្ជុំបិណ្ឌ ផ្តាំរឿងមួយដល់កូនខ្មែរគ្រប់គ្នា

បេប៊ី គ្រោងទៅ១០វត្ត នៅរដូវបុណ្យភ្ជុំបិណ្ឌ ផ្តាំរឿងមួយដល់កូនខ្មែរគ្រប់គ្នា

ក្នុងឈុតអាវប៉ាក់សំពត់ហូល ផាមួង ចូលរួមកម្មវិធី ”ភ្ជុំគ្រួសារសិល្បៈខ្មែរ” កាលពីល្ងាចថ្ងៃទី០៣ ខែតុលា នៅក្រុមហ៊ុន Clip Media ទួលគោក ដែលរៀបចំដោយ ”គ្រួសារតារាកម្ពុជា” នោះ នាងជុំ រចនាពេជ្រ ហៅបេប៊ី ពិតជាស្រស់ស្អាតខ្លាំង ក្នុងចំណោមតារាប្រុសស្រីជាច្រើនដួងផ្សេងទៀត ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីជួបជុំដើម្បីសម្ដែងសិល្បៈជាច្រើនទំរង់ ទាក់ទងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យធំសម្រាប់ប្រពៃណីខ្មែរនោះ។

 

បេប៊ី បានឲ្យដឹងថា ទោះជារវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចរំលងបុណ្យជាតិដ៏សំខាន់មួយនេះដែរ ហើយសម្រាប់ឆ្នាំនេះ នាងគ្រោងទៅដាក់បិណ្ឌឲ្យបាន១០វត្ត ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

បេប៊ី ថ្លែងថា ”យើងទៅធ្វើបុណ្យ ដើម្បីរំលឹកដល់ដូនតារបស់យើង ដែលគាត់បានទទួលអនិច្ចកម្មទៅកាន់លោកខាងមុខ។ ចំពោះលោកប៉ាខ្ញុំ ឈ្មោះជុំ អែម គាត់ក៏បានទទួលមរណភាពចោលខ្ញុំ ៣ឆ្នាំទៅហើយដែរ ដែលធ្វើឲ្យខ្ញុំហាក់ឯកោ ពេលខ្លះទោះជាមានម្ដាយតាមជាប់ជានិច្ចក្ដី តែយើងមានអារម្មណ៍ថា ដូចបាត់ដៃម្ខាងអ៊ីចឹង។ ខ្ញុំបានទៅធ្វើបុណ្យបាន៥វត្តហើយ ដូចជា វត្តស្វាយផ្អែម , ពោធិកំបោរ និងទៅស្រុកម៉ាក់ខ្ញុំ វត្តគិរីវង្ស ហើយសម្រាប់ឆ្នាំនេះ ខ្ញុំដាក់គម្រោងទៅ យ៉ាងហោចណាស់ក៏ឲ្យបាន១០វត្តដែរ”។

បេប៊ី បានឲ្យដឹងដែរថា ទោះជានាងជាតារាសម្ដែង និងជាអ្នកចម្រៀងសម័យម្នាក់ក្ដី តែពេញចិត្តចូលរួមផ្សព្វផ្សាយនូវពិធីបុណ្យប្រពៃណីជាតិមួយនេះ ដើម្បីឲ្យកូនខ្មែរបានដឹងថែមទៀត ពីសារសំខាន់ដែលយើងគ្រប់គ្នាមិនអាចភ្លេចបាន ហើយជាពិសេសនោះ ពេលដែលនាងគ្រងឈុតខ្មែរអាវប៉ាក់ ហូល ផាមួង នោះ ពិតជាមានមោទកភាពខ្លាំងណាស់ ព្រោះថា​ខ្លួនឯងស្អាតកាន់តែខ្លាំង។ ប៉ុន្ដែស្រីស្អាតបេប៊ី ដែលជាសមាជិកក្នុងក្រុម ”គ្រួសារតារាកម្ពុជា” បានដាស់តឿន និងក្រើនរំលឹកដល់កូនខ្មែរទាំងឡាយថា ទោះជាទៅវត្តច្រើនយ៉ាងណា ក៏មិនត្រូវភ្លេច ”ព្រះរស់” នៅឯផ្ទះដែរ។

បេប៊ី អះអាងថា ”យើងទៅធ្វើបុណ្យនៅវត្ត តែយើងក៏មិនភ្លេចធ្វើបុណ្យជាមួយព្រះរស់ (ឪពុកម្ដាយ) របស់យើងនៅផ្ទះដែរ ព្រោះធ្វើបុណ្យឲ្យទាន់ខែភ្លឺ”៕

RELATED ARTICLES