Friday, April 26, 2024
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ឱបច្រើនពេក រឹតមិនសូវតឹង

បរិយាយថ្ងៃនេះ ៖ ឱបច្រើនពេក រឹតមិនសូវតឹង

បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតអាណត្តិទី៦ ស៊ីដាច់១០០% បានកាន់កាប់អាសនៈព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាឯកបក្សមក ក៏មានអ្នកវិភាគខ្លះរិះគន់ថា “CPP ជិះសេះលែងដៃ” ប៉ុន្តែបើតាមដានឱ្យល្អិតល្អន់ពីដំណើរការរាជរដ្ឋាភិបាល ឃើញថា យ៉ាប់ជាងមុនទៅទៀត ឬថាត្រូវជិះសេះប្រយ័ត្នប្រយែង កាន់បង្ហៀរឱ្យជាប់ ក្រែងធ្លាក់ដី និងឱបកសេះឱ្យជាប់ លៃយ៉ាងណាឱ្យបានតឹងដៃ បើឱបមិនបានតឹង ផ្តល់ផលវិបាក ស្របតាមសុភាសិតបារាំង មួយថា “ឱបច្រើនពេក រឹតមិនសូវតឹង” (Qui trop embrasse mal étreint) ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ឱបច្រើនពេក រឹតមិនសូវតឹង” បើបរិយាយតាមន័យត្រង់សំដៅដល់បុរសស្រលាញ់ប្រពន្ធពេក ក៏ចេញឱប ចូលឱប សូម្បីប្រពន្ធកំពុងចម្អិនម្ហូបអាហារ ក៏ប្តីនោះទៅឱបថើប ជន្លជន្លេញសិនដែរ។ ការឱបញឹកញាប់ពេករបៀបនេះ មិនបានតឹងដៃទេ ប៉ុន្តែបើប្តីនោះស្មោះត្រង់នឹងភរិយា ត្រូវឱបតែពេលរាត្រី ច្បាស់ជារឹតបានតឹងដៃមិនខាន។ ចំពោះបុរសជាឪពុក ឬជីតា ដែលមានកូនចៅច្រើនពេក ពេលចៅៗមកលេង ក៏ជីតាឱបចៅទាំងនោះមិនបានតឹងដៃដែរ ប៉ុន្តែបើចៅតែម្នាក់ ទើបឱបបានតឹង។

បើបរិយាយតាមន័យធៀប រាជរដ្ឋាភិបាល អាណត្តិទី៦ នេះ បានបង្កើនចំនួនមន្ត្រីគ្រប់គ្រងក្រសួង ច្រើនជាងអាណត្តិមុន ដោយបន្ថែមទីប្រឹក្សា កាន់តែសម្បូរហូរហៀរ។ សូម្បីតែគណបក្សចាញ់ឆ្នោតជិត២០នោះ ក៏រាជរដ្ឋាភិបាល បានយកមកឱ្យអង្គុយកៅអី “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដោយមានឋានៈស្មើទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី។ នៅតាមបណ្តាខេត្តនានា ក៏មានការតែងតាំងរចនាសមន្ធ័ខុសពីមុន ទន្ទឹមនឹងថវិកាចំណាយទៅលើប្រាក់បៀវត្សមន្ត្រីរាជការ ក៏កើនឡើងដែរ…។

កាលពីអាណត្តិមុន មិនសូវសំពីងសំពោងពេកទេ ប៉ុន្តែពេលនេះ “រយោងរយោន” តែម្តង រហូតដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឿយហត់មែនទែន ព្រោះតែ “ឱបច្រើនពេក រឹតមិនសូវតឹង”។ ករណីរឹតមិនសូវតឹងនេះ គឺមកពីថ្នាក់ក្រោម មិនសូវប្រឹងប្រែងលើមុខជំនាញរបស់ខ្លួន ឬថា បើនាយករដ្ឋមន្ត្រី មិនស្រែក មិនស្តីបន្ទោស ច្បាស់ជាមន្ត្រីជំនាញទាំងនោះ ស្ពឹកស្រពន់ មិនព្រមធ្វើ។ ដូចរឿងផ្លូវជាតិលេខ២ សម្តេចកិនប៉ោចៗថា លុយមានហើយ បានមកពីកូរ៉េខាងត្បូង ប៉ុន្តែពន្យារពេលជួសជុល មិនដឹងជាអ្នកជំនាញរវល់អី… រវល់ដេញហ្គីតា ច្រៀងលេងលើរទេះភ្លើង!…។ តាមពិត ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលផ្សារតាខ្មៅ ទៅត្បូង មានភាពតូចចង្អៀត គឺមានថ្លុកជង្ហុក សម្បុកមាន់ អន់ជាងផ្លូវលំទៅទៀត ធ្វើឱ្យអ្នកទេសចរទៅកម្សាន្តនៅភ្នំជីសូរ សួនសត្វភ្នំតាម៉ៅ និងទន្លេបាទី រអ៊ូរទាំគ្រប់គ្នា។ លុះសម្តេចពន្លះធ្ងន់ៗ ទើបឮខាងជំនាញដោះសាថា មកពីលុយមិនទាន់គ្រប់ កំពុងស្នើទៅភាគីកូរ៉េ ឱ្យជួយបន្ថែមបង្គ្រប់ និងសន្យាចាប់ផ្តើមជួសជុលនៅដើមឆ្នាំ២០១៩។ នេះគ្រាន់តែជាជ្រុងមួយ ទាក់ទងដល់ផ្លូវគមនាគមន៍ បើ “ធ្វើអាមុខខូចអាក្រោយ” បើសម្តេចមិនស្រែក គ្មានអាជ្ញាធរណាឈឺក្បាល វិលមុខ ដោយទុកឱ្យមានជង្ហុកសម្បុកមាន់ ចំពីមុខវីឡារបស់គាត់ក៏មានដែរ…ផ្លូវធ្វើហើយ ជួសជុលវិញ មិនដឹងជាពេលណា ធ្វើផ្លូវឱ្យបានល្អនឹងគេ!។

ដោយឡែក ករណីមានការរិះគន់ក្នុងការតែងតាំងកូនប្រុសជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ខណៈដែលឪពុកជារដ្ឋមន្ត្រីនោះ ក៏មកពី “ឱបច្រើនពេក រឹតមិនសូវតឹង” នេះដែរ ដោយហេតុថា ការតែងតាំងនេះ ភ្លេចគិតពីផលវិបាកនៃ “បក្ខពួក គ្រួសារនិយម”។ បើក្រសួងមួយហ្នឹងអាចតែងតាំងកូនឱ្យធ្វើរដ្ឋលេខាធិការបាននោះ អ៊ីចឹងក្រសួងឯទៀត ក៏អាចស្នើសុំតែងតាំងកូនបានដូចគ្នា ហើយបើសិនជាមានការស្នើសុំ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី មិនព្រមចុះហត្ថលេខា អាចធ្វើឱ្យមានការច្រណែនគ្នា។

កាលពីពេលថ្មីៗនេះទៀត សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មានអតីតមន្ត្រីប្រឆាំងមួយចំនួន ដែលសុំចុះចូលបានស្នើសុំឋានៈតួនាទី មុខតំណែង ដែលជាទម្លាប់របស់អ្នកចុះចូល។ ចំណុចនេះ អាចថាមកពីមើលឃើញគំរូដែលអ្នកចុះចូលពីមុន បានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ ទើបមន្ត្រីប្រឆាំង ឯទៀតចង់បានដែរ។ បើមិនឱ្យពួកគេតាមការចង់បាននោះ ឬថាឱ្យបុណ្យស័ក្តិទាបពេក ក៏ពួកនោះមិនចង់បានដែរ ព្រោះថា គេតស៊ូប្រឆាំង ដើម្បីអំណាចបុណ្យស័ក្តិ លុយកាក់ហ្នឹងឯង។ មេដឹកនាំប្រឆាំង ដូចលោកសម រង្ស៊ី បានឋានៈ “ស្មើនាយករដ្ឋមន្ត្រី” មិនស្កប់ចិត្តគាត់ទេ រីឯលោកកឹម សុខា បានឋានៈ “អនុប្រធានទី១ រដ្ឋសភា” នៅតែមិនពេញចិត្ត ដូច្នេះមន្ត្រីប្រឆាំង ឯទៀត លុះត្រាតែបានតំណែងខ្លាញ់ ទើបគេចុះចូល។ តាមការកត់សម្គាល់ មន្ត្រីចុះចូលនេះយកមកប្រើការបានល្អជាងមន្ត្រី CPP ទៅទៀត ប៉ុន្តែចំណុចសំខាន់នៅត្រង់បុណ្យស័ក្តិ លុយកាក់ហ្នឹងឯង។

ករណីមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម ប៉ូលិស ទាហាន ប៉េអឹម ឈរបណ្តាក់គ្នាដូចខ្យង ចាប់បង្ក្រាបបទល្មើសព្រៃឈើ ក៏នៅតែមានរថយន្តដឹកឈើខុសច្បាប់ យកទៅលក់នៅប្រទេសវៀតណាមនោះ គឺបណ្តាលមកពី “ឱបច្រើនពេក រឹតមិនសូវតឹង” នេះដែរ។ រឿងឈើនេះ បើប្រគល់តួនាទីឱ្យតែមេព្រៃ ចាត់ការ ហើយទុកប៉ូលិស ប៉េអឹម ចាំតាមដានចាប់មេព្រៃ ស៊ុមគ្រលុំជាមួយឈ្មួញនោះ ច្បាស់ជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែបើគ្នាច្រើនយ៉ាងនេះ គ្មានផ្លូវទេ ព្រោះ “ឱបមិនសូវតឹង” ព្រោះដុល្លារវាសម្បូរពេក ព្រៃឈើវារលាយ…។

រាជរដ្ឋាភិបាល មាន២៨ក្រសួង ដែលក្រសួងនីមួយៗ មានមន្ត្រីបុគ្គលិករាជការ ខ្ទង់ពាន់ ជាពិសេស ករណីគ្រូបង្រៀន ត្រូវដំឡើងប្រាក់ខែ យ៉ាងទាបបំផុត ជាង១លានរៀល នៅតែថាតិច ចាយមិនគ្រប់ ខណៈដែលមានការរិះគន់ថា មានថ្ងៃឈប់សម្រាកច្រើនពេកនោះ ក៏ចូលក្នុង “ឱបច្រើនពេក រឹតមិនសូវតឹង” នេះដែរ។ បើដំឡើងប្រាក់ខែមន្ត្រីរាជការ លុះត្រាតែពង្រឹងគុណភាពការងារផង ប៉ុន្តែបើធ្វើការដូចអាណត្តិមុនៗ ដែលមន្ត្រីការិយាល័យ មន្ទីរ ក្រសួង ទៅមើលមុខគ្នា និងស៊ីញ៉េ បញ្ជីវត្តមាន រួចនាំគ្នាចេញទៅផ្ទះនោះ ខ្លះលេងប៊ូល ខ្លះលេងបៀរ ក៏មិនល្អដែរ។ មន្ត្រីចូលនិវត្តន៍ ធ្លាប់ធ្វើរាជការ លុះមកធ្វើការ ឯកជន ដូចសរសេរកាសែត ជាដើម ដកដៃអត់រួច ទើបដឹងថា ព្រោះតែវិស័យឯកជន “ឱបបានតឹង” ទើបចំណូលរបស់គេ កើនឡើងមិនឈប់ រីឯការងាររាជការ ព្រោះតែ “ឱបមិនបានតឹង” ទៅស៊ីញ៉េ មើលមុខគ្នា បានជា “ជំហានគីង្គក់”… ប៉ុន្តែរដ្ឋមន្ត្រីនីមួយៗ វិឡា និងដីរាប់ភ្លេច។ ការបង្កើតពាក្យស្លោក “ជំហានគីង្គក់” នេះ មិនគួរឱ្យមានទៀតទេ ព្រោះជាពាក្យអសកម្ម សម្រាប់ប្រើក្នុងរបបកុម្មុយនីស្ត ប៉ុន្តែរបបប្រជាធិបតេយ្យ សេរីពហុបក្ស គួរបង្កើតពាក្យថ្មីថា “ជំហានសេះ” វិញទើបល្អ។

នៅមានកត្តាច្រើនណាស់ ដែលរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ ត្រូវប្រឈម ដែល “នគរធំ” លើកមកបង្ហាញមិនអស់។ ធម្មតាអ្វីដែលច្រើនពេក ឬសំពីងសំពោង រយោងរយានដូចចៅជាង១០នាក់ ទៅលេងជីតា ទោះជាតាចាប់ឱបគ្រប់គ្នា ក៏មិនបានតឹងដៃនោះដែរ។ យ៉ាងណាមិញ រចនាសម្ព័ន្ធរយោងរយាន គ្រាន់តែចូលក្នុង “យុទ្ធសាស្ត្រផ្សះផ្សាជាតិ” តែប៉ុណ្ណោះ ប៉ុន្តែនៅចំណុចខ្សោយត្រង់ “ឱបច្រើនពេក រឹតមិនសូវតឹង”។ រាជរដ្ឋាភិបាល តែងតាំងគ្នាឯង មិនទាន់គ្រប់គ្រាន់ផង ក៏មាន “គ្នាគេ” ដែលសុំចុះចូល ដាក់ពាក្យស្នើឋានៈ បុណ្យស័ក្តិ ហើយបើរាជរដ្ឋាភិបាលមិនឱ្យ “គ្នាគេ” ដោយប្រមូលយកតែ “គ្នាឯង” នោះ ក៏មិនស្រួលដែរ ព្រោះយុទ្ធសាស្ត្រផ្សះផ្សា តម្រូវឱ្យប្រមូលយកទាំងអស់ ទាំង “គ្នាគេ និងគ្នាឯង”។

សរុបទៅ “ឱបច្រើនពេក រឹតមិនសូវតឹង” មានន័យយ៉ាងនេះឯង សំដៅដល់រចនាសម្ព័ន្ធច្រើនពេក ពិបាកគ្រប់គ្រង។ ត្រឹមតែវត្តអារាមមួយ ដែលមានភិក្ខុ-សាមណេរ រាប់រយអង្គ តាជី យាយជី ក្មេងវត្ត ជនអនាថា រាប់សិបនាក់ ព្រះគ្រូចៅអធិការវត្ត គ្រប់គ្រងស្ទើរមិនបានផង ព្រោះមានសង្ឃទ្រុស្តសីល ក្មេងវត្តជក់ថ្នាំញៀន ជនអនាថាកាប់គ្នា ចុះទម្រាំរាជរដ្ឋាភិបាល ដែលគ្រប់គ្រងប្រជាពលរដ្ឋជាង ១៥លាននាក់ មន្ត្រីរាជការ ២៨ក្រសួង វិស័យឯកជនចាប់រយនោះ ច្បាស់ណាស់ថា “រឹតមិនបានតឹងដៃ” ដោយមិននិយាយពីជម្លោះជាមួយអន្តរជាតិនោះទេ ប៉ុន្តែបើសិនជា “រឹតបានតឹងដៃ” កម្ពុជា នឹងក្លាយជាមហាប្រទេស ឬជាបងធំនៅអាស៊ាន មិនខានឡើយ…៕

RELATED ARTICLES