Saturday, April 27, 2024
Homeបរិយាយបរិយាយថ្ងៃនេះ ៖ សម្បថអត់ន័យ

បរិយាយថ្ងៃនេះ ៖ សម្បថអត់ន័យ

មុននឹងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ច្របាច់បញ្ចូលគ្នាក្លាយទៅជា “គណបក្សសង្គ្រោះជាតិ” (CNRP) ភាគីទាំងសងខាងសុទ្ធតែបានស្បថស្បែថា ស្មោះត្រង់នឹងគ្នាលុះអវសាន។ បន្ទាប់ពីបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៥ រួចមក តំណាងរាស្ត្រ ៥៥រូប របស់ CNRP ក៏ដូចជាទីប្រឹក្សាសំខានៗ បាននាំគ្នាទៅ “ស្បថមុខប្រាសាទអង្គរវត្ត” រួចហើយដែរ ប៉ុន្តែរហូតមកទល់ពេលនេះ អ្នកវិភាគមើលឃើញថា “សម្បថអត់ន័យ” ព្រោះតែពួកប្រឆាំងក្បត់គ្នាទៅវិញទៅមក ដែល “នគរធំ” ក្តាប់បាន ក៏លើករឿង “ស្បថ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ជាទូទៅ ប្រជាពលរដ្ឋខ្មែរ ដែលគោរពប្រពៃណីទំនៀមទម្លាប់ពីដូនតា តែងជឿលើការស្បថស្បែ សច្ចាប្រណិធាន មិនហ៊ានល្មើស។ បើបុគ្គណាស្លាប់ដោយពស់ចឹក ដំរីជាន់ ខ្លាខាំ រន្ទះបាញ់ ឬគេធ្វើឃាត ជាដើម ជំនឿបុរាណថា មកពីបុគ្គលនោះ “ចាញ់សម្បថ” ក៏ស្លាប់តៃហោងយ៉ាងនេះទៅ។ សម្បថ មានច្រើនយ៉ាង ដូចជា “១-សច្ចាប្រណិធានមុខព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រ ២-ស្បថមុខព្រះពុទ្ធប្បដិមា ឬមុខព្រះ ៣-ស្បថមុខអ្នកតា ៤-ស្បថមុខខ្យល់” ដែលយើងសូមរៀបរាប់ លម្អិតដូចខាងក្រោម ៖

១-សច្ចាប្រណិធាន មុខព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រ ៖ តាំងពីបរមបុរាណមក នាហ្មឺនសព្វមុខមន្ត្រី ត្រូវសម្តែងស្វាមីភក្តិចំពោះ “ជាតិ សាសនា ព្រះមហាក្សត្រ” ដោយឡើងមកជួបជុំគ្នាក្នុងព្រះបរមរាជវាំង “ផឹកទឹកពិភទ្ទសច្ចា” គ្រប់គ្នា។ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក៏មានរៀបចំពិធីផឹកទឹកសម្បថនេះដែរ រីឯពាក្យសម្បថនោះធ្ងន់ៗណាស់ ដូចសិលាចារឹកនៅខ្លោងទ្វារព្រះបរមរាជវាំងក្រុងអង្គរ សរសេរជាអក្សរខ្មែរបុរាណថា “សន្យាកាត់ដៃថ្វាយអាយុ” គឺមានន័យថា បើមន្ត្រីណាហ៊ានក្បត់ព្រះរាជបល្ល័ង្ក ត្រូវចូលខ្លួនឱ្យពេជ្ឈឃាតកាត់ដៃនិងប្រហារជីវិត។ ចូលមកដល់សម័យនេះ ប្រពៃណី “ផឹកទឹកពិភទ្ទសច្ចា” នៅរក្សាទំនៀមទម្លាប់បុរាណដដែល ដោយតំណាងរាស្ត្រទើបជាប់ឆ្នោត ក៏ដូចសមាជិកព្រឹទ្ធសភា គណៈរដ្ឋមន្ត្រី ចៅក្រម ព្រះរាជអាជ្ញា ជាដើម ត្រូវផឹកទឹកសម្បថជាដាច់ខាត មុននឹងចូលកាន់តំណែងតាមលំដាប់ឋានានុក្រម។

២-ស្បថមុខព្រះ ៖ ជម្លោះតូចតាចរវាងបងប្អូនឯង មិនបានប្តឹងផ្តល់គ្នាដល់តុលាការនោះទេ តែភាគីបងប្អូនទាំងសងខាងនោះចង់ឈ្នះគ្នា ក៏បបួលគ្នាចូលអុជធូបស្បថមុខព្រះពុទ្ធប្បដិមា ក្នុងព្រះវិហារ។

៣-ស្បថមុខអ្នកតា ៖ ជាជម្លោះរវាងអ្នកជិតខាង ឬអ្នកដឹងកំហុស ក៏ត្រូវភាគីម្ខាងទៀតហៅឱ្យស្បថ ដើម្បីកុំឱ្យដើរតាមផ្លូវអាក្រក់ទៀត។ អ្នកតា មានឋានៈធំតូច ដូចជាអ្នកតាឃ្លាំងមឿង អ្នកតាក្រហមក អ្នកតាដំបងដែក ជំទាវម៉ៅ យាយទេព អ្នកតាដើមច្រេស ជាដើម។

៤-ស្បថមុខខ្យល់ ៖ ជាការស្បថកំប៉ិកកំប៉ុក ដោយគ្រាន់តែលើដៃសំពះខ្យល់ ឬសំពះមេឃ រួចអធិដ្ឋានថា ឈប់ប្រព្រឹត្តយ៉ាងនេះ យ៉ាងនោះទៀតហើយ។ ដូចបុរសម្នាក់ខឹងចាញ់អាប៉ោង ធ្លាក់ខ្លួនក្រ ក៏ស្បថមុខខ្យល់ និងមានប្រពន្ធនៅក្បែរថា ខ្លួនឈប់លេងអាប៉ោងទៀតហើយ បើនៅតែលេង សុំឱ្យវត្ថុស័ក្តិសិទ្ធិផ្តន្ទាទោសឱ្យអាយុខ្លីចុះ…។

សម្បថទាំងប៉ុន្មានយ៉ាងនេះ កប់យ៉ាងជ្រៅក្នុងសង្គមខ្មែរ ដែលពីបុរាណ ឃើញហុចលទ្ធផលស័ក្តិសិទ្ធិណាស់។ ឧទាហរណ៍ “ពិជ័យនាគ” ជាបិតារបស់ស្តេចកន នៅពេលព្រះបាទស្រីសុគន្ធបទ ត្រាស់បង្គាប់ឱ្យទៅហៅស្តេចកន មកវិញ ពិជ័យនាគ ក៏យល់ព្រម ទើបស្តេចឱ្យផឹកទឹកសម្បថ។ លុះពិជ័យនាគ បានទៅជួបស្តេចកន ក៏ត្រូវកូនប្រុសនោះ អូសទាញឱ្យក្បត់ព្រះបាទស្រីសុគន្ធបទ ហើយលទ្ធផលនៃអំពើក្បត់នោះ ពិជ័យនាគ ឈានជើងឡើងជណ្តើរ ក៏ជាន់ខុសកាំ រមៀលធ្លាក់ជង់នឹងផ្លែដាវ ធ្លាយពោះស្លាប់ទៅ ដែលឯកសារប្រវត្តិសាស្ត្រ បញ្ជាក់ថា មកពីគាត់ “ចាញ់សម្បថ”។ ដោយឡែក “ដាបឈួន ម្ជុលពេជ្រ” ធ្លាប់ផឹកទឹកសម្បថ ដែលកូរដោយចុងកាំភ្លើង សន្យាស្មោះត្រង់នឹងរាជបល្ល័ង្ក លុះគាត់ក្បត់ បម្រុងធ្វើរដ្ឋប្រហារ ក៏ត្រូវទាហាន ជាអតីតកូនចៅគាត់ បាញ់ស្លាប់នៅច្រកអូរស្មាច់ កាលពីឆ្នាំ១៩៥៩។ លោកស៊ីវ ហេង អតីតស្ថាបនិកបក្សកុម្មុយនីស្តកម្ពុជា ក៏ធ្លាប់ស្បថសច្ចាថា មិនក្បត់គ្នា លុះគាត់ទៅចុះចូលបម្រើរបបលោកប្រធានាធិបតី លន់ នល់ ក្លាយជាវរសេនីយ៍ឯក ក៏ធ្លាក់ខ្លួនឈឺស្លាប់១ចំហៀងខ្លួន និងត្រូវនួន ជា បងធំទី២ នៃរបបប៉ុល ពត ប្រើមនុស្សជំនិត ឱ្យទៅកាត់ក្បាលឪពុកមាក្បត់នោះទៅ។

ដូច្នេះយើងឃើញថា ជំនឿបុរាណ ផ្តេកផ្តួលទៅលើការស្បថស្បែខ្លាំងណាស់ បើអ្នកកាន់ជំនឿនេះខ្ជាប់ខ្ជួន មិនហ៊ានក្បត់គ្នាទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ មានឧបមាដូច “យក្សក្រុងខរ” ជាប្អូន “យក្សក្រុងរាពណ៍” ទោះជាបងប្រព្រឹត្តអំពើ អាក្រក់យ៉ាងណា ក៏យក្សក្រុងខរ មិនក្បត់ជាតិ រត់ទៅចុះចូល “ព្រះរាម” ជាដាច់ខាត។

ក្រឡេកមើលសកម្មភាពរបស់អតីតបក្សប្រឆាំង (CNRP) ឯណោះវិញ ក៏ធ្លាប់បបួលគ្នាទៅស្បថស្បែមុខប្រាសាទអង្គរវត្ត ដែរ។ តាមជំនឿខ្មែរ នៅមហាប្រាសាទនេះ មានវត្តុស័ក្តិសិទ្ធិថែរក្សា ដូចជា បារមីព្រះកេតុមាលា បារមីព្រះពិស្ណុការ បារមី អ្នកតារាជ ជាដើម បើអ្នកនយោបាយណាបានស្បថ ហើយមិនគោរពពាក្យសម្បថនោះ ច្បាស់ជាបារមីវត្ថុស័ក្តិសិទ្ធិ ផ្តន្ទាទោសមិនខានឡើយ។

ផ្ទុយទៅវិញ “សម្បថអត់ន័យ” ដោយសង្កេតឃើញថា ពួកប្រឆាំងក្បត់គ្នាជាហូរហែ ហើយក៏មិនអាចថា អ្នកណាក្បត់អ្នកណាបានឡើយ ស្រាប់តែឃើញមន្ត្រីប្រឆាំងខ្លះ ចុះចូលបក្សកាន់អំណាច រួចវាយប្រហារអតីតមេកោយរបស់ខ្លួន។ នៅពេលអំពើក្បត់កើតឡើង មិនឃើញហេតុភេទអ្វីគួរឱ្យកត់សម្គាល់ពី “ទណ្ឌកម្មអាទិទេព” នោះទេ ព្រោះអ្នកចុះចូល កាន់តែមានរាសីខ្ពស់ បានបុណ្យស័ក្តិ លាភសក្ការៈ ដែលបង្ហាញថា “សម្បថគ្រាន់តែជាពាក្យសម្តីមួយ ធ្វើឱ្យគេជឿ” ប៉ុណ្ណោះ។

សព្វថ្ងៃ “បម្រាមនយោបាយ” ត្រូវបានដកចេញ បើកផ្លូវឱ្យមន្ត្រីប្រឆាំង ១១៨នាក់ មានសិទ្ធិធ្វើនយោបាយឡើងវិញ ប៉ុន្តែអ្នកឃ្លាំមើលឃើញថា ទើបតែមាន២នាក់ប៉ុណ្ណោះ ដែលបានដាក់ពាក្យសុំទៅក្រសួងមហាផ្ទៃ ខណៈដែលមន្ត្រី១១៦នាក់ទៀត (ដកលោកជាម ច័ន្ទនី ដែលទទួលមរណភាព) ដូចជាមិនឃើញអើពើក្នុងការដាក់ពាក្យនោះសោះ។ ចំណុចនេះ អាចថាមកពី “ខ្លាចត្រូវសម្បថ” មុខប្រាសាទអង្គរវត្ត តែម្តង បានជារួញរាបែបនេះ ប៉ុន្តែចំពោះអ្នកមិនខ្លាច  ច្បាស់ជា “សម្បថអត់ន័យ”។

ករណី “សម្បថអត់ន័យ” បែបនេះ កំពុងដើរចូលគន្លង “ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឱ្យជឿ“ ព្រោះប្រុសព្រាននារី ពូកែបំផុតខាង “ស្បថមុខអ្នកតា” ហើយក៏មិនឃើញអ្នកតាឯណា “កាច់ក” នោះទេ។ កាលបើមហិទ្ធិប្ញទ្ធិអ្នកតា អស់ប្រសិទ្ធភាព ឯនាងក្រមុំ ជឿពាក្យប្រុសស្បថនេះ បានត្រឹម “ទឹកភ្នែកជូតក្បាលជង្គង់”។

ដោយឡែក មន្ត្រី CPP មិនទាន់ឃើញមានការក្បត់គ្នាជាចំហនោះឡើយ ព្រោះតែ “វិន័យដែកថែប” ដោយមិននិយាយ ពី “មនោសញ្ចោតនាបក្សចង្អៀតចង្អល់” ឬ ច្រណែនឈ្នានីសគ្នា រឿងឡើងបុណ្យស័ក្តិតាមខ្សែនោះទេ។ វិធីទប់ទល់មិនឱ្យ មានការក្បត់គ្នាជាចំហ គឺជា “យុទ្ធសាស្ត្រឈ្នះ-ឈ្នះ” ប៉ុន្តែបើគ្មានវិធីទប់ទល់ដូចពួកប្រឆាំង ដែលមានអ្នករត់ចោលជួរជា បន្តបន្ទាប់នោះ ចាត់ទុកថា ជា “យុទ្ធសាស្ត្រចាញ់”។ កាលណាវិទ្យាសាស្ត្រកាន់តែជឿនលឿន ជំនឿទៅលើការស្បថសច្ចា កាន់តែសាបទៅៗ ប៉ុន្តែក៏មិនទាន់រលុបរលាយនោះដែរ ដរាបណា អ្នកតា អ្នកដូន នៅតែមានក្នុងសង្គមខ្មែរ។ ចំណែក ប្រាសាទអង្គរវត្ត បើនៅតែឈរត្រដែតបង្អួតភ្នែកទេសចរ ក៏នៅតែរក្សាអត្តសញ្ញាណខ្មែរ ពាក់ព័ន្ធដល់ជំនឿមិនរលុបរលាយ ទោះជា “សម្បថអត់ន័យ” ក៏អ្នកខ្លាចសម្បថ នៅតែខ្លាចជានិច្ច។

សរុបទៅ “សម្បថអត់ន័យ” ចង់បង្ហាញពីការស្បថស្បែក្នុងសង្គមខ្មែរ មានច្រើនប្រភេទ ដូចលើកឡើងខាងលើ។ ការស្បថស្បែ មានបំណងតែម៉្យាង គឺ “ទប់កុំឱ្យមានការក្បត់គ្នា” ប៉ុន្តែបើគេលែងជឿសម្បថ ក៏មិនឃើញគ្រោះថ្នាក់អ្វីដែរ ដែលជាបរិបទសម្រាប់អ្នកនយោបាយដែលចូលចិត្តការស្បថ ពិចារណា…៕

RELATED ARTICLES