Friday, April 26, 2024
Homeតារាខ្មែរពេជ្រ សោភា ប្រាប់មូលហេតុផុតឆ្នាំឆ្កែ បោកកូនជ្រូកវិញ

ពេជ្រ សោភា ប្រាប់មូលហេតុផុតឆ្នាំឆ្កែ បោកកូនជ្រូកវិញ

ពេជ្រ សោភា ដែលធ្លាប់ផ្ទុះបទល្បីៗជាច្រើន ទាក់ទងសត្វឆ្កែនោះ សម្រាប់បុណ្យប្រពៃណីចូលឆ្នាំខ្មែរ ឆ្នាំកុរ ខាងមុខនេះ សោភា មិនមានច្រៀងបទទាក់ទងសត្វឆ្កែដូចឆ្នាំមុនទៀតឡើយ គឺតារាហង្សមាស រូបនេះ ធ្វើបទ “សារិកាកែវអើយ”, “វ៉ៃឡើង” និងបទ  “រាំរ៉េរ៉” ទៅវិញ។

មានការលើកឡើងថា ពេជ្រ សោភា លែងហ៊ានធ្វើបទឆ្កែដូចឆ្នាំមុនទៀត ដោយសារតែអ្នកចម្រៀងផលិតកម្មរស្មីហង្សមាស នេះ បាក់ស្បាត បន្ទាប់ពីមាននាយទាហ៊ាននៅខេត្តកំពង់ស្ពឺ ម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះអធិរាជមហាសាច់ បានរិះគន់នាងយ៉ាងស្ពឹកមុខថា ច្រៀងបទឆ្កែដដែលៗ គ្មានអ្វីចំណេញដល់ជាតិ ខណៈដែលព្រះសង្ឃ1អង្គទៀត ក៏មិនទុកមុខឱ្យសោភា ដែរ ដោយចាត់ទុកថា អ្នកណាបីឆ្កែទៅរាំ គឺមានតែមនុស្សឆ្កួត។

ក្នុងជំនួបផ្ទាល់ ពេជ្រ សោភា បានបំភ្លឺថា នាងមិនច្រៀងបទទាក់ទងសត្វ “ឆ្កែ” ព្រោះឆ្នាំនេះ ជាឆ្នាំកុរ (ជ្រូក) មិនមែនខ្លាចលោកអធិរាជមហាសាច់ និងលោកសង្ឃរិះគន់នោះទេ។

សោភា បញ្ជាក់ថា “ឆ្នាំហ្នឹង ឆ្នាំជ្រូក អ៊ីចឹងខ្ញុំច្រៀងបទ “បោកកូនជ្រូក” វិញម្តង ដើម្បីឱ្យត្រូវឆ្នាំ។ បើច្រៀងបទឆ្កែទៀត ខ្លាចខុសប្រធានបទ ទើបគិតធ្វើបទជ្រូកម្តង។ មិនមែនខ្ញុំមិនហ៊ានធ្វើបទឆ្កែ ព្រោះខ្លាចលោកអធិរាជ មហាសាច់ហ្នឹងរិះគន់ទេ។ គាត់បានសុំទោសខ្ញុំហើយតើ! ខ្ញុំមិនឈប់ធ្វើបទឆ្កែរហូតទេ ព្រោះសត្វឆ្កែ គឺជាសត្វគួរឱ្យស្រលាញ់ ការពារម្ចាស់ និងផ្ទះ អ៊ីចឹងខ្ញុំនឹងធ្វើបទទាក់ទងសត្វឆ្កែ នៅពេលក្រោយៗទៀត”។

ពេជ្រ សោភា ធ្លាប់ល្បីបទទាក់ទងសត្វឆ្កែ មានដូចជាបទ “ស្រលាញ់បង ម៉ែឱ្យជិះឆ្កែ”, “ឆ្កែរត់បុកប៉ោត” និងបទ “បីឆ្កែទៅរាំ”ជាដើម។ ដោយឡែក សម្រាប់បុណ្យចូលឆ្នាំខ្មែរ ឆ្នាំកុរ 2019 នេះ អ្នកមេម៉ាយ ពេជ្រ សោភា ដែលកំពុងសាងស្នេហ៍ស្អិតល្មួតជាមួយប្រុសក្មេង ឆឹម សក្កដា រំពឹងល្បីបទ “សារិកាកែវអើយ” និង “បោកកូនជ្រូក”៕

RELATED ARTICLES