Saturday, May 11, 2024
Homeព័ត៌មានជាតិកាប់ក្មេង៥កាំបិត ខឹងគេចូលជួយកាប់១កាំបិត

កាប់ក្មេង៥កាំបិត ខឹងគេចូលជួយកាប់១កាំបិត

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ទើបនឹងមករួមរស់នៅផ្ទះប្រុសស្នេហ៍បាន១០ថ្ងៃ ឃើញអ្នកជិតខាងរកត្រីបានច្រើន ក៏ចូលទៅជួយធ្វើត្រីរបស់គេ ស្រាប់តែនៅសុខៗ ក៏យកកាំបិតកាប់ចិញ្ច្រាំត្រីខ្ទេច រួចក៏លើកកាំបិត ជន្លអ្នកនៅក្បែរនោះ ធ្វើឱ្យគ្រប់គ្នាភ័យនាំគ្នារត់គេចចេញ ស្រាប់តែស្ត្រី រូបនោះ ក៏ស្ទុះទៅកាប់ក្មេងប្រុសតូចម្នាក់កំពុងអង្គុយលេង ចំនួន៥កាំបិត ធ្វើឱ្យរងរបួសយ៉ាងធ្ងន់ ឃើញបែបនេះ បុរសម្នាក់បានស្ទុះចូលទៅឃាត់ ក៏ត្រូវស្ត្រីដៃដល់កាប់១កាំបិត បណ្តាលឱ្យរយះ ស្មាថែមម្នាក់ទៀត។

ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ។

ជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះហ៊ុយ សុចាន់ ភេទប្រុស អាយុ២ខួប រស់នៅក្នុងបន្ទុកឪពុកម្តាយ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ (រងរបួសធ្ងន់) និងទី២-ឈ្មោះខេន គា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនេសាទ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះជួន សម័យ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង សព្វថ្ងៃមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះរស់ សារឿន ភេទប្រុស អាយុ៣៩ឆ្នាំ បាននាំឈ្មោះជួន សម័យ ដែលជាស្រីកំណាន់ចិត្តរបស់ខ្លួនមករួមរស់នៅជាមួយគ្នា រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះខេន គា បានចេញទៅរកត្រីនៅបឹង ដែលស្ថិតនៅក្រោយភូមិកំពង់អុស រហូតដល់ម៉ោង១ និង៣០នាទីរសៀល ទើប ត្រឡប់មកផ្ទះវិញ យកត្រីដែលរកបាននោះឱ្យប្រពន្ធខ្លួន និងបងប្អូនធ្វើ។ ភ្លាមនោះជនសង្ស័យខាងលើឃើញដូច្នេះ បានយកកាំបិត មកជួយធ្វើត្រី ដែរ ទន្ទឹមពេលនោះជនសង្ស័យបានយកកាំបិតដែលកាន់នឹងដៃនោះ កាប់ចិញ្ច្រាំត្រីខ្ទេច និងកាន់កាំបិតទៅជន្លក្បាលបងប្អូនរបស់ជនរងគ្រោះ ឃើញដូច្នេះ ជនរងគ្រោះនិងបងប្អូនបាននាំគ្នាដើរចេញពីកន្លែងធ្វើត្រីដែលនៅក្រោមផ្ទះ តែភ្លាមនោះដែរស្រាប់តែជនសង្ស័យ បានយកកាំបិតនោះ រត់សំដៅទៅកាប់លើកូនក្មេងតូចឈ្មោះហ៊ុយ សុចាន់ ដែលកំពង់អង្គុយលេងចំនួន៥កាំបិត ឃើញដូចនេះជនរងគ្រោះឈ្មោះខេន គា បានរត់ចូល ទៅជួយក្មេងរងរបួស ស្រាប់តែជនសង្ស័យ បានយកកាំបិតនោះកាប់ទៅលើជនរងគ្រោះឈ្មោះខេន គា មួយកាំបិតចំស្មាបណ្តាលឱ្យរងរបួសហូរ ឈាម ហើយជនរងគ្រោះក៏បានបីក្មេងរងគ្រោះនោះរត់ចេញពីកន្លែងកើតហេតុតែម្តង។ បន្ទាប់មកប្រជាពលរដ្ឋក៏បាននាំគ្នាព័ទ្ធចាប់ឃាត់ខ្លួនជន សង្ស័យខាងលើ ប្រគល់ជូនមកសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលកំពង់អុសតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់គ្លីនិច ប្រាក់ សំអន ដើម្បីព្យាបាលរបួស។

ដោយឡែក ជនសង្យ័យឈ្មោះជួន សម័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយធ្វើការសាកសួរពុំកើតឡើយ ព្រោះតែជនសង្ស័យនិយាយរកស្តាប់គ្នាមិនបាន ទើបសមត្ថកិច្ចសម្រេចរៀបចំកសាងសំណុំរឿង បញ្ជូនទៅបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES