Saturday, April 27, 2024
Homeតារាខ្មែរកែវ និសា របូតងារជំទាវ ទើបលេចមុខសាជាថ្មី?

កែវ និសា របូតងារជំទាវ ទើបលេចមុខសាជាថ្មី?

ក្រោយបាត់ខ្លួនមួយរយៈធំ ដោយរវល់តែដើរចាយលុយនិងទិញទំនិញម៉ាកល្បីៗនៅបរទេស ចំពេលមានដំណឹងថា មន្ត្រីនៅក្រសួងមហាផ្ទៃម្នាក់តាមស្នេហ៍នោះ ពេលនេះអ្នកម៉ាយសាច់សខ្ចីដូចបណ្តូលចេក កែវ និសា បានវិលត្រឡប់មករកឆ្នាំងចាស់សាជាថ្មីវិញ ទើបធ្វើឱ្យមានការសង្ស័យថា ការជិតបានងារជាជំទាវរបស់កែវ និសា ត្រូវបរាជ័យទៅហើយ ព្រោះតែនិសា ខ្លាចជាប់ទ្រុងស្នេហ៍…។

កែវ និសា អាច “ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច” ប្រសិនបើនាងទាត់ចោលសំណើស្នេហ៍របស់មន្ត្រីធំម្នាក់នៅក្រសួងមហាផ្ទៃ ខណៈដែលចំណងស្នេហាជាមួយប្រុសក្មេងលឹម ជាឡាយ បានដើរដល់ទីបញ្ចប់ត្រឹមឆ្នាំ2018 ធ្វើឱ្យប្រុសក្មេងឈឺចាប់ខ្លាំងណាស់ រហូតទៅស្និទ្ធស្នេហ៍អតីតតារាហង្សមាស គៀត សុវណ្ណាឡាង។

ការវិលត្រឡប់មកចាប់កាន់ក្បាលមីក្រូ និងកើបលុយសាជាថ្មីរបស់និសា នៅពេលនេះ គេឃើញនាងមានការតុបតែងខ្លួនកាន់តែប្លែកទៅៗ ហើយស្បែកក៏កាន់តែសខ្ចីផងដែរ បើទោះជាពេលនេះ និសា អាយុ37ឆ្នាំក្តី។

តារាដែលស្និទ្ធកែវ និសា បានខ្សឹបខ្សៀវគ្នាថា និសា អាចនឹងមិនចាប់តំណែងជំទាវទេ បានជាមកលេងសិល្បៈវិញ ប៉ុន្តែអ្នកខ្លះទៀតបែរជាថា និសា ត្រូវបានមន្ត្រីធំនោះដោះលែងឱ្យមានសេរីភាពឡើងវិញ។

ការថ្លែងបែបនេះដោយសារតែកែវ និសា បានបាត់ខ្លួនមួយរយៈធំ ហើយពួកគេគ្មានរំពឹងថា នាងអាចវិលរកអាជីពចាស់សាថ្មីម្តងទៀតទេ តែដឹងអី! ពេលដើរលេងក្រៅស្រុកអស់ចិត្តហើយ និសា បែរជាមិនដាច់អាល័យពីអាជីពចាស់ទៅវិញ។

កែវ និសា ឬវង្ស សុផាវណ្ណ បានផ្តាច់ស្នេហ៍ប្រុសក្មេងលឹម ជាឡាយ កណ្តាលផ្លូវ បន្ទាប់ពីពួកគេសាងស្នេហ៍លាក់លៀមជាង5ឆ្នាំ។ ការអស់និស្ស័យស្នេហ៍ប្រុសក្មេងរបស់និសា នៅពេលនេះ នៅពេលដែលដំណឹងស្នេហារបស់នាងជាមួយមន្ត្រីធំម្នាក់ល្បីសុសសាយ ហើយនិសា ក៏បង្ហាញរថយន្តទំនើប Audi ជិះយ៉ាងហ៊ឺហាផងដែរ ទើបធ្វើឱ្យដំណឹងថា អ្នកមេម៉ាយរូបស្រស់នេះជិតបានតំណែងជំទាវហើយ ព្រោះលោកធំនោះស្រលាញ់នាងស្ទើរលេប បើនាងចង់បានអ្វីៗគឺបានតាមចិត្តទាំងអស់ ឱ្យតែនិសា ព្រមផ្តាច់ស្នេហ៍ប្រុសក្មេងជាឡាយ។

ប៉ុន្តែតាមព័ត៌មានថា និសា ខ្លាចជាប់ទ្រុងស្នេហ៍របស់មន្ត្រីធំនោះដូចអតីតតារាមួយចំនួន ដែលឱ្យតែលោកតាមស្នេហាហើយ មិនអាចបង្ហាញខ្លួនយ៉ាងហោចណាស់ក៏ជិត10ឆ្នាំដែរ រហូតតារាខ្លះមានកូនមួយ ទើបវិលរកអាជីពចាស់វិញ ហួសពេលទៅហើយ។

យ៉ាងណា កែវ និសា មិនមែនមានតែលោកធំម្នាក់នោះទេដែលតាមស្នេហានាង គឺប្រុសៗជាច្រើននាក់ផ្សេងទៀត តាមស្នេហ៍អ្នកមេម៉ាយរូបនេះ ដែលក្នុងនោះ គេបង្ហើបឱ្យដឹងថា មានលោកឧកញ៉ា2រូបក៏លង់សម្រស់អ្នកមេម៉ាយល្បីរូបនេះផងដែរ។

កែវ និសា បានលែងលះប្តីអាណិកជនខ្មែរ នៅអាមេរិក លោកគាំ វ៉ារី​ កាលពីឆ្នាំ2009 ​ហើយនាងភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងគ្មានសក់​ សាន ​ផានិត ​រហូតម្តាយរបស់នាងបានវ៉ៃម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” នៅពេលដែលតារារូបនេះទៅរកកូនស្រីគាត់ដល់ផ្ទះទៀតផង។

ទោះជាយ៉ាងណា ពេលនេះ កែវ និសា ដែលប៉ះរឿងអាស្រូវស្នេហាច្រើននេះ នៅតែមានទីផ្សារសិល្បៈ ដោយឈរជាពិធីការនីដែលធ្វើឱ្យគេចាប់អារម្មណ៍ទៅលើរូបសម្រស់របស់នាងច្រើនជាងការធ្វើអត្ថាធិប្បាយ។

អ្នកដែលស្និទ្ធកែវ និសា បានឱ្យដឹងថា បើសិនជានិសា ចង់ដេកលើគំនរទ្រព្យដូចគេនោះ ខ្វះអីអ្នកចង់ប្រគល់ឱ្យនាង តែនិសា មិនចង់ប៉ះប្តីគេទេ ព្រោះភាគច្រើនប្រុសៗទាំងនោះ សុទ្ធតែមានប្រពន្ធកូនអស់ទៅហើយ អ៊ីចឹងហើយបានជានាងវិលមកចូលសិល្បៈវិញហ្នឹង។

ប្រភពនោះបានឱ្យដឹងទៀតថា មិនមែនប្រុស2ទៅ3នាក់ទេ ដែលតាមស្រលាញ់អ្នកមេម៉ាយ កែវ និសា នេះ គឺមានច្រើនរហូតរាប់មិនអស់ទេ ហើយក្នុងនោះ មានទាំងអ្នកសុំនាងរៀបការទៀតផង។

ទស្សនិកជនរង់ចាំមើលថា ក្រោយកែវ និសា មិនអើពើសំណើស្នេហ៍របស់លោកធំនោះ នាងអាចវិលត្រឡប់មករកការផ្សះផ្សាស្នេហ៍ចាស់ជាមួយប្រុសក្មេង លឹម ជាឡាយ ឬអត់? ព្រោះថា មុនប្រេះឆាស្នេហ៍នោះ ពួកគេក៏ធ្លាប់ចង់រៀបការជាមួយគ្នាដែរ ប៉ុន្តែពេលនេះ ជាឡាយ មិនត្រឹមតែលែងចង់ក្រាបផ្ទឹមជាមួយនិសា ទេ គឺថែមទាំងទៅឱបថើបគៀត សុវណ្ណាឡាង បញ្ឈឺចិត្តនិសា ថែមទៀតផង។

ប៉ុន្តែតាមការបង្ហើបពីតារាស្និទ្ធកែវ និសា បានឱ្យដឹងដែរថា កន្លងមកអ្នកមេម៉ាយរូបនេះស្នេហាតែប្រុសក្មេងទេ បើប្រុសចាស់ចង់ជះទឹកលុយយកបានបេះដូងនាង មកធ្វើជាកម្មសិទ្ធិផ្តាច់មុខតែម្នាក់ឯង គឺមិនអាចទៅរួចឡើយ ហេតុនេះហើយបានជាអ្នកខ្លះ យល់ថា និសា មិនចាប់អារម្មណ៍តំណែងជំទាវ ហើយព្យាយាមគេចស្នេហ៍មន្ត្រីធំវ័យចំណាស់ ព្រោះនាងនៅអាល័យស្នេហ៍ប្រុសក្មេង…៕

RELATED ARTICLES