Saturday, April 27, 2024
Homeតារាខ្មែរអុីវ៉ា ពន្យារពេលរៀបការប្តី និងលែងកំណត់លាភាពនៅលីវ

អុីវ៉ា ពន្យារពេលរៀបការប្តី និងលែងកំណត់លាភាពនៅលីវ

តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ថាវ័យរបស់នាងទើបតែ២៤ឆ្នាំទេ ហេតុនេះហើយរឿងរៀបការនៅពេលនេះមិនសមស្របឡើយទើប នាងពន្យារពេលមិនកំណត់ថាត្រូវលាភាពនៅលីវនៅឆ្នាំណាឡើយ។

ទោះជាយ៉ាងណា លោកអ៊ូ វ៉ាវ ដែលជាឪពុករបស់អ៊ីវ៉ា បានអះអាងថា លោកចង់ឱ្យកូនស្រីមានស្វាមីឆាប់ៗ ហើយលោកមិនខ្លាចកូនមានប្តីធ្លាក់កូដនោះទេ…។

អ៊ីវ៉ា នៅតែគ្មានសញ្ញាណាមួយថានាងព្រមផ្សះផ្សាស្នេហ៍ចាស់ជាមួយលោកថៅកែក្លឹបនិងហាងបញ្ចាំនៅក្រុងសៀមរាប លោក “ប” ឡើយ បើទោះជាប្អូនមន្ត្រីធំរូបនោះកាន់តែស្រលាញ់នាងខ្លាំងៗឡើងយ៉ាងណា ក៏តារាសាន់ដេ រូបនេះ នៅតែបែរខ្នងដាក់លោកថៅកែជានិច្ច។

ថ្មីៗនេះដែរ អ៊ីវ៉ា បានប្រាប់ត្រង់ៗថានាងគ្មានបំណងចូលរោងការឆាប់ៗនេះទេ ដែលដំណឹងនេះហាក់ចង់ឆ្លើយតបទៅលោកថៅកែដែលអន្ទះសាចង់តែរៀបការជាមួយនាងឆាប់ៗកាន់តែល្អ ប៉ុន្តែស្រីស្រស់អ៊ីវ៉ា បែរជាថាវ័យនាងនៅស្ទើររៀបការនៅពេលនេះមិនសមស្របទៅវិញ។

ការថ្លែងរបស់អ៊ីវ៉ា នៅពេលនេះចំពេលដែលតារាល្បីៗជាច្រើនដួងកំពុងប្រជែងគ្នាចូលរោងការ បន្ទាប់ពីឱក សុគន្ធកញ្ញា បានលាភាពនៅលីវមក។

អ៊ីវ៉ា វាចាថា “ខ្ញុំឆ្នាំហ្នឹងទើប24ឆ្នាំ អ៊ីចឹងដូចនៅក្មេងដែរ។ មិនទាន់អីទេ អាចនៅច្រើនឆ្នាំទៀត ទើបគិតគូររឿងរៀបការ។ ចំពោះបងៗគាត់រៀបការថ្មីៗហ្នឹង និងខ្លះទៀតត្រៀមរៀបការ ខ្ញុំយល់ថា គាត់អាយុច្រើនជាងខ្ញុំ ហើយពួកគាត់ស្រលាញ់គ្នាច្រើនឆ្នាំមកហើយ។ ខ្ញុំអាចយកគំរូតាមពួកគាត់ ចាំអាយុច្រើនបន្តិច ទើបគិតគូររឿងរៀបការដែរ តែឥឡូវអត់ទាន់ចង់ទេ”។

ការអះអាងរបស់អ៊ីវ៉ា នៅពេលនេះ គឺហាក់ផ្ទុយស្រឡះទៅនឹងលោកអ៊ូ វ៉ាវ ដែលជាឪពុករបស់នាង ព្រោះលោកវ៉ាវ ធ្លាប់និយាយថា លោកមិនខ្លាចកូនស្រីធ្លាក់កូដនោះទេ បើមានគេស្រលាញ់ស្មោះចូលស្តីដណ្តឹងមក ព្រោះលោកជូនកូនស្រីច្រៀងគ្រប់ខេត្តក្រុង អ៊ីចឹងបើមានកូនប្រសាទៅអាចលោកសម្រាកនៅផ្ទះបានហើយ។

ប៉ុន្តែលោកវ៉ាវ និយាយត្រង់ៗថា សម័យនេះហើយគឺមិនមែនយកអ្នកណាដែលក្របំផុត ឱ្យតែស្មោះនោះទេ គឺរកឱ្យសមរម្យដែរ ប៉ុន្តែលោកមិនត្រូវការកូនប្រសាជាអ្នកធំឡើយ គឺសូមមួយល្មម ស័ក្តិសមគ្នាជាមួយកូនស្រីលោក។ ដោយឡែក ទាក់ទងរឿងលោកថៅកែក្លឹបនិងហាងបញ្ចាំនៅសៀមរាបវិញ ឪពុករបស់អ៊ីវ៉ា ថា លោកសូមមិនធ្វើអត្ថាធិប្បាយជុំវិញលោកថៅកែឡើយ។

យ៉ាងណា អ៊ីវ៉ា ថា នាងមិនធ្លាប់ស្រមៃចង់ធ្វើ “ជំទាវ” នោះទេ ស្របពេលដែលឪពុកនាងថា បុរសណាក៏អាចស្នេហាកូនស្រីរបស់លោកបានដែរ តាមរយៈការចូលចែចូវតាមប្រពៃណីខ្មែរ ប៉ុន្តែគ្រួសារលោកហាមតែម៉្យាងគត់ គឺ “ប្តីគេ” ទោះជាមហាសេដ្ឋីក៏លោកមិនស្វាគមន៍ជាដាច់ខាត៕

RELATED ARTICLES