Friday, April 26, 2024
Homeតារាខ្មែរហេតុផលទាំងនេះ ទើបកំពូលតារាចម្រៀង ព្រាប សុវត្ថិ មិនយកកូនទាំង៣ ទៅអូស្ត្រាលី

ហេតុផលទាំងនេះ ទើបកំពូលតារាចម្រៀង ព្រាប សុវត្ថិ មិនយកកូនទាំង៣ ទៅអូស្ត្រាលី

ព្រាប សុវត្ថិ បានចេញទៅច្រៀងសម្តែងនៅអូស្ត្រាលីរយៈពេល១ខែ ដោយរួមដំណើរជាមួយតារាចម្រៀងចំរើន សុភ័ក្ត្រ, សោម ស្រីនាថ និងលោកពេជ្រ រដ្ឋា។

ការទៅអូស្ត្រាលីលើកនេះ ខុសពីទៅអាមេរិក ព្រោះព្រាប សុវត្ថិ មិនបានយកកូនប្រុសទាំង៣ គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្តិ សីរីវុឌ្ឍ ទៅជាមួយឡើយទើបធ្វើឱ្យមហាជនមួយចំនួនងឿងឆ្ងល់ខណៈដែលព្រាប សុវត្ថិ ក៏បានយកក្រុមភ្លេងផ្ទាល់ខ្លួនទៅដូចទៅប្រទេសផ្សេងៗទៀតដែរ។

ក្នុងជំនួបតាមទូរស័ព្ទ ព្រាប សុវត្ថិ បានឱ្យដឹងថា លោកបានមកដល់ស្រុកវិញកាលពីថ្ងៃទី៦ ខែសីហា នេះ ហើយការសម្តែងនៅអូស្ត្រាលីលើកនេះ ទទួលបានជោគជ័យដូចការរំពឹងទុក បន្ទាប់ពីលោកធ្លាប់បានចេញទៅសម្តែងនៅប្រទេសនេះចំនួន៨លើកមកហើយ តែបានខកខានចេញទៅនៅរយៈពេល៦ឆ្នាំចុងក្រោយនេះ។

ព្រាប សុវត្ថិ ប្រាប់ថា “ខ្ញុំច្រៀងនៅអូស្ត្រាលី បាន៦កន្លែងផ្សេងៗគ្នា ហើយគេជ្រើសរើសទីតាំងបានល្អៗ អ៊ីចឹងមានអ្នកទស្សនាទៅចូលរួមច្រើនណាស់។ ខ្ញុំខានទៅអូស្ត្រាលី ៦ឆ្នាំហើយ គឺចេញទៅចុងក្រោយឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៩នេះ ទើបបានទៅម្តងទៀត។ ចំពោះការចេញទៅអូស្ត្រាលីនេះ ខ្ញុំមិនបានយកកូនប្រុសទាំង៣ទៅច្រៀងសម្តែងជាមួយ ដោយសារមុនហ្នឹងពួកគេបានទៅច្រៀងសម្តែងជាមួយខ្ញុំនៅអាមេរិក រយៈពេល២ខែកន្លះហើយ។ ពួកគេជាប់រៀនជាប់ប្រលង ហើយយើងទើបសុំច្បាប់សាលា ទៅអាមេរិកហើយ អ៊ីចឹងមិនអាចសុំច្បាប់ទៅអូស្ត្រាលីទៀតទេ ទើបខ្ញុំមិនបានយកពួកគាត់ទាំង៣ទៅជាមួយ”។

ព្រាប សុវត្ថិ ចេញទៅច្រៀងសម្តែងនៅអូស្ត្រាលី លើកនេះ ដើម្បីរកថវិការជួយដល់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ហើយតាមព័ត៌មានថា កំពូលតារាចម្រៀងរូបនេះបានសម្តែងនៅរដ្ឋម៉ែលលប៊ន, ប្រីសបន, អាដឺឡែត៍ និងស៊ីដនី ជាដើម គឺសុទ្ធតែមានអ្នកចូលទៅទស្សនាណែនៗសាលតែម្តង។

ព្រាប សុវត្ថិ បន្ថែមថា “ខ្ញុំបានធ្វើការជាមួយអង្គការមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី (Save Cambodian Children Fund Australia) រយៈពេល៦ឆ្នាំមកហើយ គឺយើងសហការគ្នារហូត។ ខ្ញុំពេញចិត្តក្នុងការបន្តជួយកុមារតាមរយៈអង្គការនេះ ហើយពេលដែលខ្ញុំអាចឆ្លៀតបាន គឺយើងនឹងទៅសម្តែងនៅអូស្ត្រាលីនៅពេលក្រោយៗទៀត”។

ការចេញទៅច្រៀងសម្តែងលើកនេះនៅអូស្ត្រាលី ជាលើកទី៩ហើយសម្រាប់តារាចម្រៀងព្រាប សុវត្ថិ ខណៈដែលមានបណ្តាប្រទេសផ្សេងៗមួយចំនួនទៀតនៅប៉ែកអឺរ៉ុប បានទាក់ទងមកដែរ ប៉ុន្តែព្រាប សុវត្ថិ សម្រេចចិត្តចេញទៅអូស្ត្រាលី ដើម្បីមានឱកាសជួយដល់កុមារកម្ពុជា-អូស្ត្រាលី។

ដោយឡែកគ្រាន់តែមកដល់ស្រុកភ្លាម គេឃើញព្រាប សុវត្ថិ បានលេខមុខធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រលងច្រៀង Cambodian Idol Junior រដូវកាលទី១ ដោយចាប់ដៃជាមួយគណៈកម្មការ ឆន សុវណ្ណារាជ និង សុខ ស្រីនាង។ នេះជាការបង្ហាញខ្លួនសម្រាប់កម្មវិធីទី៣ហើយ ដែលព្រាប សុវត្ថិ កាន់តំណែងជាគណៈកម្មការនិងគ្រូបង្វឹក បន្ទាប់ពីលោកបានកាន់តំណែង២ កន្លងមកដូចជា Cambodian Idol និង The Voice Kids Cambodia។

ព្រាប សុវត្ថិ បញ្ជាក់ថា “វាជាកម្មវិធីដែលមានរសជាតិមួយផ្នែកផ្សេងទៀតពីកម្មវិធីមុនៗ។ ខ្ញុំបានប្រឹងប្រែងការងារសិល្បៈជាច្រើនឆ្នាំមកហើយ គឺដើម្បីផ្តល់បទពិសោធន៍ដល់ប្អូនៗនៅពេលនេះ។ ខ្ញុំពេញចិត្តនឹងផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំមានជូនដល់ប្អូនៗដែលស្រលាញ់សិល្បៈចម្រៀង”។

ព្រាប សុវត្ថិ ក៏បន្ថែមថា ការមកដល់ស្រុកវិញក្រៅពីមមាញឹកខាងសិល្បៈ លោកក៏បន្តរកស៊ីផ្នែកអចលនទ្រព្យជាធម្មតាដូចមុនដែរ៕

RELATED ARTICLES