Saturday, April 27, 2024
Homeតារាខ្មែរពេជ្រ សោភា ឃ្លាតកាយាម្ចាស់ស្នេហ៍

ពេជ្រ សោភា ឃ្លាតកាយាម្ចាស់ស្នេហ៍

ខណៈដែលរឿងក្រុមអ្នកនាងចន ច័ន្ទលក្ខិណា, ហេង ឡុង និង ឡេង ណាវ៉ាត្រា ផ្ទុះជម្លោះចម្រូងចម្រាសជាមួយក្រុមពលករនៅកូរ៉េ ឯព្រលានយន្តហោះម៉ាឡេស៊ី នៅមិនទាន់បានស្ងាត់នោះ ស្រាប់តែកាលពីថ្ងៃទី២០ ខែកញ្ញា ចំថ្ងៃកាន់បិណ្ឌទី៧ តារាចម្រៀងពេជ្រ សោភា បាននាំក្រុមរាំអមដល់ទៅ១០នាក់ហោះទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី ទាំងព្រឹក។

ប៉ុន្តែពេជ្រ សោភា ខុសពីក្រុមអ្នកនាងចន ច័ន្ទលក្ខិណា ព្រោះនាងមិនអនុញ្ញាត្តឱ្យក្រុមរាំរបស់នាងរាំគ្រលែងចង្កេះផ្អើលពេញព្រលានយន្តហោះនោះទេ តែផ្ទុយទៅវិញ សោភា បែរជានាំក្រុមរាំជិះឡានដើរលេងកម្សាន្តពេញទីក្រុងកូឡាឡាំពួរ របស់ម៉ាឡេស៊ី ទៅវិញ។

មើលទៅអ្នកមេម៉ាយឡើងកូដ ពេជ្រ សោភា ហាក់រីករាយចិត្តខ្លាំងណាស់ពេលទៅច្រៀងនិងដើរលេងកម្សាន្តម្តងៗនៅក្រៅស្រុក ខណៈដែលខែមុននេះនាងក៏បាននាំក្រុមគ្រួសារទៅដើរលេងនៅប្រទេសកូរ៉េខាងត្បូង ដោយថែមទាំងស្លៀកឈុតធ្វើជាកូនក្រមុំរបស់កូរ៉េទៀតផង។

ពេជ្រ សោភា ថា នាងនឹងត្រូវច្រៀងសម្តែងនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២១ ខែកញ្ញា នេះហើយ តាមការផ្សព្វផ្សាយ តារាចម្រៀងហង្សមាស នឹងត្រូវប៉ះគ្នាជាមួយតារាចម្រៀងមកពីប្រទេសថៃ នាង Pamela Bowden និងតារាចម្រៀងមកពីប្រទេសមីយ៉ាន់ម៉ា នាង Eint Chit ផងដែរ នៅក្នុងកម្មវិធី “Zhulian LeaderShip #39” ដែលរៀបចំពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញា។

ការចេញទៅម៉ាឡេស៊ី លើកនេះ ក៏ដូចជាទៅកូរ៉េ ផងដែរ ព្រោះពេជ្រ សោភា មិនបាននាំប្រុសក្មេង ឆឹម សក្កដា ទៅជាមួយឡើយ ដែលធ្វើឱ្យពួកគេឃ្លាតកាយាគ្នាទាំងមិនអស់ចិត្ត។

យ៉ាងណា ការរយាលពីគ្នារបស់ពេជ្រ សោភា និងឆឹម សក្កដា នៅពេលនេះ មិនមែនតែនៅក្រៅស្រុកទេ គឺនៅក្នុងស្រុក ក៏ពួកគេមិនសូវបានបង្ហាញភាពស្អិតល្មួតជាមួយគ្នាដូចមុនដែរ បើនៅតែបែបនេះទៀតចំណងស្នេហាខុសវ័យនេះនឹងកាន់តែឈានទៅរកភាពអាក្រក់ទៅៗជាមិនខានឡើយ។

គួរបញ្ជាក់ថា ពេជ្រ សោភា ត្រូវបានបណ្តា Sponsor នៅក្រៅស្រុកមួយចំនួនព្យាយាមទាក់ទងឱ្យនាងចេញទៅច្រៀងសម្តែងនៅប៉ែកអឺរ៉ុបនៅរដូវធ្លាក់ភ្លៀងនេះ។ ប៉ុន្តែ សោភា ធ្លាប់ប្រាប់ថា នាងមិនអាចចេញទៅច្រៀងសម្តែងនៅប៉ែកអឺរ៉ុប ដែលមានរយៈពេលច្រើនថ្ងៃបានទេ គឺទៅបានតែប្រទេសជិតខាងប៉ុណ្ណោះ ព្រោះការសម្តែងមានរយៈពេលខ្លីៗឆាប់បានវិលទៅបន្តធ្វើការនៅក្នុងស្រុកវិញ៕

RELATED ARTICLES