Friday, April 26, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា កូនប្រុសនាំសំណាង

ឱក សុគន្ធកញ្ញា កូនប្រុសនាំសំណាង

ឱក សុគន្ធកញ្ញា បានបីកូនប្រុសឈ្មោះ “ឆាលី” ដោយក្តីស្រលាញ់ ក្រោយពេលដែលនាងសម្រាលទើបបាន៣ថ្ងៃ ខណៈដែលអ្នកគាំទ្រខ្លះថា កូនដំបូងរបស់តារាចម្រៀងហង្សមាស រូបនេះ មានត្រេមុខដូចឱក សុគន្ធកញ្ញា ច្រើនជាងស្វាមីនាង លោកអ៊ឹង សុខលី ប៉ុន្តែខ្លះទៀតថា កូនកាត់ទៅដូច លោកសុខលី ច្រើនជាងសុគន្ធកញ្ញា ទៅវិញ។

តារារួមអាជីពជាច្រើនបានចូលរួមអបអរសាទរ ហើយថា ពេលនេះ សុគន្ធកញ្ញា ក្លាយទៅជាម្តាយរបស់គេទៅហើយ។ ដោយឡែកអ្វីដែលចាប់អារម្មណ៍ដែរនោះ គឺស្វាមីរបស់សុគន្ធកញ្ញា លោកអ៊ឹង សុខលី បានទៅថ្នាក់ថ្នមនិងលើកទឹកចិត្តតារាចម្រៀងរូបនេះដោយផ្ទាល់នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ បើទោះជាលោកសុខលី មានភាពមមាញឹកគ្រប់គ្រងបុគ្គលិករាប់រយនាក់ និងបញ្ជាទូរទស្សន៍ហង្សមាស គ្រប់វិនាទីយ៉ាងណាក៏ដោយ។

ឱក សុគន្ធកញ្ញា ថ្លែងសារថា “ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់។ នៅពេលនេះស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាពនិងសុខភាពល្អ។ ជូនពរចំពោះការបារម្ភនិងពាក្យជូនពររបស់អ៊ំ ពូមីង បងប្អូនទាំងអស់គ្នា”។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាជាង៨ឆ្នាំ។

ប្អូនថ្លៃថៅកែហង្សមាស រូបនេះ បានសម្រាលកូនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យថៃ បំរ៉ុងរ៉ាត់ ដែលការសម្រាលចំថ្ងៃពិសេស ១១-១១-១៩ បែបនេះត្រូវបានគេសង្ស័យថា នាងសម្រាលដោយវះកាត់ដើម្បីយកហុងស៊ុយនៅថ្ងៃពិសេសនោះ ប៉ុន្តែសុគន្ធកញ្ញា បានប្រាប់អ្នកយកព័ត៌មានយើងមុនពេលសម្រាលថា នាងមិនសម្រាលដោយវះកាត់ទេ គឺសម្រាលតាមបែបធម្មជាតិ។

នៅមិនទាន់ដឹងថា ឱក សុគន្ធកញ្ញា វិលពីមន្ទីរពេទ្យមកស្រុកវិញនៅពេលណាឡើយ ខណៈដែលតារារួមអាជីពនៅហង្សមាស បានបង្ហើបឱ្យដឹងថា សុគន្ធកញ្ញា ត្រូវការសម្រាកឱ្យបានរឹងដៃរឹងជើងសិន ហើយនាងនឹងត្រៀមកាន់ក្បាលមីក្រូឡើងឆាកវិញនៅដើមឆ្នាំ២០២០ ខាងមុខនេះហើយ។

គួរបញ្ជាក់ថា ការសម្រេចចិត្តយកកូនភ្លាមៗក្រោយរៀបការរបស់ឱក សុគន្ធកញ្ញា នេះ ធ្វើឱ្យនាងត្រូវបាត់បង់ប្រាក់ចំណូលជាច្រើនម៉ឺនដុល្លារ ព្រោះអំឡុងពេលដែលសុគន្ធកញ្ញា ត្រូវប៉ាន់នេះ នាងរកលុយបានក្នុង១ខែៗមិនក្រោម៦ម៉ឺនដុល្លារឡើយ ដោយសារចេញច្រៀង១កម្មវិធី ស៊ីថ្លៃ ៣០០០ដុល្លារឡើង ហើយជាទូទៅក្នុង១ខែៗនាងចេញច្រៀងមិនក្រោម២០កម្មវិធីទេ ប៉ុន្តែសុគន្ធកញ្ញា ផ្អាក ឡើងឆាកតាំងពីនាងមានផ្ទៃពោះ៦ខែម៉្លេះ។

យ៉ាងណា សុភមង្គលសំខាន់ជាងលុយ ហេតុនេះហើយបានជាសុគន្ធកញ្ញា ត្រូវតែយកកូនក្រោយរៀបការទើបបាន៦ខែ ក៏បានកូនប្រុស១ បីប្រលែងលេងទៅហើយ៕

RELATED ARTICLES