Saturday, April 27, 2024
Homeតារាខ្មែរម៉ូលីកា ដឹកដៃស្វាមីទៅក្រេបទឹកឃ្មុំនៅបារាំង រយៈពេល១សប្តាហ៍

ម៉ូលីកា ដឹកដៃស្វាមីទៅក្រេបទឹកឃ្មុំនៅបារាំង រយៈពេល១សប្តាហ៍

តារាចម្រៀងម៉ូលីកា បានក្លាយទៅជាភរិយាស្របច្បាប់របស់តារាសម្តែងលោកឆានុន ហើយ បន្ទាប់ពីពួកគេបានដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវ  កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅអគារB ដឺព្រេមៀ សេនធ័រ សែនសុខ ដោយជប់លៀង៨០តុ។

ស្រីស្រស់ម៉ូលីកា និងប្រុសសង្ហាឆានុន ពិតជាស្រស់ស្អាតខ្លាំងណាស់ នៅពេលដែលអ្នកទាំង២ គ្រងឈុតប្រពៃណី ខណៈដែលកាលពីព្រឹកថ្ងៃរៀបការនោះ ពេលចូលដល់ពិធីកាត់សក់ តារាកំប្លែងនាយពាក់ម៉ី និងនាងខ្ញុង ជាអ្នកច្រៀងផ្តោះផ្តងគ្នានៅចំពោះមុខកូនកំលោះក្រមុំ និងភ្ញៀវជាច្រើន ទើបធ្វើឱ្យបរិយាកាសកាន់តែរីករាយថែមទៀត។

ម៉ូលីកា និយាយប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនដែលប៉ងរៀបការធំបែបនេះឡើយ ប៉ុន្តែ ដោយសារមុខជំនួញរបស់នាងជោគជ័យមានជីវភាពធូរធារជាងមុន ទើបរៀបការចំណាយប្រាក់អស់ច្រើនបែបនេះតែម្តង។ នាងថា កម្មវិធីទាំងមូលគិតត្រួសៗចូលជាង១០ម៉ឺនដុល្លារទៅហើយ។

ដោយឡែក មូលហេតុដែលម៉ូលីកា សម្រេចចិត្តរៀបការជាមួយលោកឆានុន ត្រូវបានអតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ អះអាងថា ដោយសារតែស្វាមីរបស់នាងជាមនុស្សល្អស្មោះត្រង់ជាមួយនាង ហើយតស៊ូកម្សត់កម្រជាមួយគ្នាយូរឆ្នាំហើយ ទើបនាងគិតថា ពេលនេះដល់ពេលវេលារៀបការហើយ។

ចំណែក លោកឆានុន វិញ អះអាងថា លោកស្រលាញ់ពេញចិត្តតែម៉ូលីកា តែម្នាក់ អ៊ីចឹងលោកទន្ទឹងរង់ចាំថ្ងៃពិសេសនេះជាយូរមកហើយ គឺគ្មានហេតុផលណាដែលលោកត្រូវរារែកចិត្តនោះទេ។

ម៉ូលីកា មានឈ្មោះដើមថា អឿន ម៉ូលីកា បានភ្ជាប់ស្នេហ៍ជាមួយលោកហុង មានុន ហៅឆានុន ជាង៣ឆ្នាំមកហើយ ទើបពួកគេដឹកដៃក្រាបផ្ទឹមនៅពេលនេះ។ មុនរៀបអាពាហ៍ពិពាហ៍នេះ ម៉ូលីកា បានសម្រេចបំណងធំបើកសម្ពោធហាងរក្សាសម្រស់អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ដែលចំណាយទុនអស់ដល់ទៅ១០ម៉ឺនដុល្លារ បន្ទាប់ពីនាងរកស៊ីលក់ជ្រក់ជើងមាន់តាមអនឡាញ ដែលផ្តើមដំបូង ពីទុនត្រឹម៣០០ដុល្លារប៉ុណ្ណោះ។

នៅពេលដែលសួររឿងគម្រោងដឹកដៃ ស្វាមីទៅដើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ម៉ូលីកា អះអាងថា នាងនឹងនាំលោកឆានុន ទៅដើរលេងនៅប្រទេសបារាំង រយៈពេល១សប្តាហ៍ ក្រោយរៀបការនេះ។ ចំពោះគម្រោងយកកូនវិញ នាងថាពិតជាចង់បានកូនដំបូងជាកូនស្រីមែន។

ម៉ូលីកា និងស្វាមី អះអាងស្រដៀងគ្នាថា អាជីពសិល្បៈពួកគេនៅតែស្រលាញ់ ប៉ុន្តែក្រោយរៀបអាពាហ៍ពិពាហ៍ហើយ អ្នកទាំង២នឹងងាកមកពង្រឹងលើមុខជំនួញច្រើនជាងលេងសិល្បៈ៕

RELATED ARTICLES