Friday, April 26, 2024
Homeតារាខ្មែរអ្នកនាងម៉េង កែវពេជ្ជតា លើកទឹកចិត្តពេជ្រ សូលីកា "អ្នក​ល្បីឈ្មោះ ​ជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនុះទេ"

អ្នកនាងម៉េង កែវពេជ្ជតា លើកទឹកចិត្តពេជ្រ សូលីកា “អ្នក​ល្បីឈ្មោះ ​ជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនុះទេ”

បន្ទាប់ពីពេជ្រ សូលីកា បានរៀបរាប់ពីទុក្ខលំបាក ក្រោយពេលម្តាយក្លាយជាឃាតករសម្លាប់មនុស្ស ហើយត្រូវបានមហាជនជាច្រើនភ្ជាប់រូបនាងដែលជាកូនស្រីមិនមានកំហុសអ្វីសោះ ធ្វើឲ្យនាងមានអារម្មណ៍បាក់ទឹកចិត្ត ប៉ុន្តែយ៉ាងណា អ្នកនាងម៉េង កែវពេជ្ជតា បានសរសេរសារជាច្រើនលើកទឹកចិត្តពេជ្រ សូលីកា ផងដែរ។

តារាចម្រៀងសំនៀងផ្អែម ម៉េង កែវពេជ្ជតា បានបង្ហោះសារនៅថ្ងៃនេះថា “រឹងមាំឡើងប្អូនស្រី​! មានមនុស្សច្រើនណាស់ដែលយល់ដឹង​និងចេះបែងចែក​។ ប្អូនកុំអស់សង្ឃឹម​។ ជាអ្នក​ល្បីឈ្មោះ​ជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនុះទេ​ វាត្រូវតែបែបនេះ​ តែសំខាន់ប្អូនកុំបាក់ទឹកចិត្ត​ កុំតក់ស្លុត​ ហើយខំថែទាំសុខភាពដើម្បីកូន​ ព្រោះអូននៅមានកូន​ អូននៅមានស្វាមីល្អ​ ពិសេសអូននៅមានអ្នកគាំទ្រជាច្រើនទៀត ស៊ូស៊ូ​កុំព្រមចាញ់អោយសោះណា​ សូលីកា!”។

អ្នកនាងពេជ្ជតា បានបន្ថែមថា “ចំពោះអ្នកមួយចំនួន​ :​ ឈប់បន្តទៅ​ ត្រូវគិតថានេះជារឿងបុគ្គលទេ​ កុំទាញឈ្មោះអ្នកនេះ​អ្នកនោះមកពាក់ព័ន្ធដើម្បីប្រយោជន៍​ អ្នកអាចប្រឈមនឹងច្បាប់​បាន សូម្បីសមត្ថកិច្ចលោកមិននិយាយដល់បុគ្គលផ្សេងក្រៅរង្វង់ផង​។ កុំចេះតែហ៊ាន​!!!”។

ដោយឡែក កាលពីម្សិលមិញនេះ ពេជ្រ សូលីកា បានបង្ហោះសារយ៉ាងវែងអន្លាយបង្ហាញពីអារម្មណ៍ពិតថា “រឿងដែលបានកើតឡើងហើយ វាក៏មិនអាចបកក្រោយបានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះ

ខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត

ដើរតួជាឪពុកផង
ដើរតួជាម្ដាយផង
ដើរតួជាបងស្រីផង
ហើយនៅមិនយូរទៀត
ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត

ព័ត៌មាន នឹងសង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច ? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារព័ត៌មាន អាចមកយករូបខ្ញុំប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះដែលមានគ្រប់ Page ព័ត៌មានទាំងអស់បែបនេះដែរទេ?

ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថាជីវិតសិល្បះមួយនេះដែរ នេះមិនមែនជាការសម្ដែង តែវាជាអាម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូល រួចក៏សួរខ្លួនឯងថា ខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ ហេតុអីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វី បានជាខ្ញុំមិនដឹង

ខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួបបញ្ហាអ្វី ខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបាកបែបនេះទេ ក៏មិនបណ្ដោយអោយប្អូនស្រីរបស់ខ្ញុំឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ លឺហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់ បងៗសារព័ត៌មាន នឹងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំ ត្រូវចាំថា អ្នកមិនបានធ្វើអោយខ្ញុំមានអាម្មណ៍ថា បាក់ទឹកចិត្ត នឹងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងអោយក្មេងស្រីដែលគ្នាមិនដឹងអី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ ៕

ម៉ាក់ហត់ខ្លាំងណាស់ហើយ ទើបម៉ាក់មិនអោយកូនដឹងបែបនេះ ម្ដាយខ្ញុំធ្វើខុស គាត់ក៏បានទទួលនូវកំហុស ចំណែកច្បាប់ក៏បានធ្វើការទៅតាមផ្លូវច្បាប់ តែហេតុអ្វីអ្នកដែលគ្មានមេត្តា ខំប្រឹងមកកាត់ក្ដីជំនួសច្បាប់បន្ថែមទៀតបែបនេះ។

ម្នាក់ៗសុទ្ធតែមានម្ដាយ សុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួន អ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែក ហេតុអីមកសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំ? អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺរឹងមាំ រឹងមាំ ដើម្បីប្អូន ដើម្បីកូន នឹងអនាគតគ្រួសាររបស់ខ្ញុំ សុំទោសណា៎ម៉ាក់”៕

RELATED ARTICLES