Saturday, April 27, 2024
Homeតារាខ្មែរខេម ល្បីចេញពីថោន ទៅតាមឧកញ៉ា ពេលនេះលោកបកស្រាយហើយ

ខេម ល្បីចេញពីថោន ទៅតាមឧកញ៉ា ពេលនេះលោកបកស្រាយហើយ

តារាចម្រៀងផលិតកម្មថោន លោកប៉ុន សុណារិន្ទ ហៅខេម ត្រូវបានគេសង្ស័យថា ចេញពីផលិតកម្មថោន ទៅចូលរួមជាមួយផលិតកម្ម Galaxy Navatra របស់ឧកញ៉ាឡេង ណាវ៉ាត្រា។

ការសង្ស័យបែបនេះ ដោយសារតែខេម បានធ្វើសកម្មភាពជាបន្ដបន្ទាប់ ជាមួយមុខជំនួញរបស់ឧកញ៉ាមួយនេះ ដូចជាការឃោសនាផ្សារបន្លែ និងផ្នែកអចលនទ្រព្យផ្សេងៗទៀត គឺដូចតារាចម្រៀងរបស់ផលិតកម្មនេះ កញ្ញាតន់ ច័ន្ទសីម៉ា ដែរ។

ប្រភពនោះបានឲ្យដឹងថា ខេម ដែលជាតារាចម្រៀងសំខាន់របស់ថោន ប៉ុន្តែបើលោកទៅចូលរួមជាមួយផលិតកម្មលោកឧកញ៉ាម្នាក់នោះ ប្រាកដជាត្រូវបានផលិតកម្មនេះលើកស្ទួយថែមមួយកម្រិតទៀតជាមិនខាន ព្រោះតែអ្នកចាត់ការទូទៅរបស់ផលិតកម្មនេះ គឺលោកយឹម តាស្រង់ ក៏ជាអតីតអ្នកនិពន្ធរបស់ថោនដែរ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ខេម បានច្រានចោលចំពោះដំណឹងនេះ ដោយអះអាងថា​ បច្ចុប្បន្នរូបគេនៅតែជាតារាចម្រៀងរបស់ផលិតកម្មថោន នៅឡើយទេ។

ខេម ថា ការស្និទ្ធស្នាលជាមួយឧកញ៉ាដែលជាថៅកែផលិតកម្មនោះ ព្រោះជាការរាប់អានគ្នាជាយូរមកហើយ និងម្យ៉ាងទៀតលោកពេញចិត្តក្នុងការជួយឃោសនាផ្សារបន្លែររបស់គាត់ ដោយសារតែការធ្វើសកម្មភាពទាំងនោះ​គឺដូចជា ជួយដំណាំកសិករខ្មែរឲ្យមានទីផ្សារដែរ។​លោកថា នឹងជួយថតស្ពតផ្សារនោះបន្ថែមទៀត ដោយមិនយកប្រាក់ឡើយ គឺឲ្យតែឧកញ៉ាត្រូវការរូបគេ នឹងទៅធ្វើភ្លាម ឲ្យតែអាចធ្វើបាន។

ក្រៅពីលេចឮថា ខេម នឹងអាចចូលរួមជាសមាជិកជាមួយផលិតកម្ម Galaxy នោះ កន្លងមកក៏ធ្លាប់លេចឮថា អ្នកចម្រៀងរូបនេះត្រូវបានផលិតកម្មរស្មីហង្សមាស ពេញចិត្ត ហើយបើកទ្វារស្វាគមន៍រូបគេទៀតផង។

ប៉ុន្ដែចំណុចនេះ ខេម ធ្លាប់អះអាងថា រូបគេមានជីវភាពលំបាកណាស់ជាអ្នករត់ម៉ូតូឌុប និងដេកតាមសួនច្បារ ប៉ុន្តែតាំងពីបានក្លាយទៅជាតារាចម្រៀងថោន មកធ្វើឲ្យជីវភាពរបស់គេមានការប្រែប្រួល រហូតមកដល់ពេលនេះ​មានផ្ទះនិងរថយន្ដជិះដូចគេ។​លោកថា នឹងបន្ដច្រៀងឲ្យថោន រហូតថៅកែផលិតកម្មលែងត្រូវការ ឬដេញលោកចេញតែម្ដង ទើបឈប់។

ខេម បានផ្លាស់ប្ដូរជីវភាពយ៉ាងឆាប់រហ័ស​នៅពេលដែលរូបគេបានក្លាយទៅជាតារាចម្រៀងសំខាន់របស់ថោន​ដោយតារាចម្រៀងដែលមានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង រូបនេះ មានផ្ទះវីឡា និងជិះរថយន្ដ Range Rover ទៀតផង។

ថ្មីៗនេះដែរ ខេម ត្រូវបានតារាចម្រៀងជើងចាស់ សាន ផានិត បានចេញមកសរសើរថា លោកជាអ្នកចម្រៀងវ័យក្មេងដែលចេះគោរពរៀមច្បង និងចាស់ទុំក្នុងសិល្បៈទៀតផង។

ប៉ុន្ដែអ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួន​ បែរជាថា ខេម ជាតារាចម្រៀងពូកែវាយឬកកាច់រាង ហើយនិយាយស្មើៗជាមួយតារារៀមច្បងទៅវិញ។

ទោះជាយ៉ាងណា ជាមួយក្រុមអ្នកសារព័ត៌មាន ខេម មិនដែលបដិសេធក្នុងការសម្ភាសន៍ឡើយ បើទោះជាអ្នកចម្រៀងសំនៀងស្អករូបនេះ ពូកែលាក់សង្សារនៅបារាំង ជិតមិនឲ្យគេស្គាល់មុខជាច្រើនឆ្នាំក្ដី៕

RELATED ARTICLES