Saturday, April 27, 2024
Homeតារាខ្មែរទូច ស៊ុននិច និងម៉េង កែវពេជ្ជតា ផ្ទុះរឿងកូពីបទចម្រៀង ៤០ឆ្នាំមុន

ទូច ស៊ុននិច និងម៉េង កែវពេជ្ជតា ផ្ទុះរឿងកូពីបទចម្រៀង ៤០ឆ្នាំមុន

ទូច ស៊ុននិច នៅតែមានសំឡេងមិនប្រែប្រួលខុសប្លែកពីមុនឆ្ងាយឡើយ បើទោះជានាងជាជនពិការអង្គុយនៅលើតែរទេះរុញ អស់១៧ឆ្នាំទៅហើយក្ដី។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលអតីតតារាចម្រៀងសំនៀងផ្អែមរូបនេះ បានចេញសារពីសហរដ្ឋអាមេរិក​ តបទៅអ្នកនាងម៉េង កែវពេជ្ជតា ជុំវិញរឿងដែលតារាកូន២រូបនេះ ចោទនាងថា បាន Copy បទចម្រៀង ”ពុកអើយវិលវិញ” ទៅជាបទ ”សូមពុកវិលវិញ” កាលពីឆ្នាំ១៩៨០…។

មហាជនមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលអតីតតារាចម្រៀងល្បីល្បាញរបស់ផលិតកម្មរស្មីហង្សមាស ដែលធ្លាក់ខ្លួនពិការ និងកំពុងរស់នៅរដ្ឋកាលីហ្វ័រញ៉ា ទីក្រុងសាកាមេនតូ សហរដ្ឋអាមេរិក ១៧ឆ្នាំទៅហើយនោះ បានចេញសារជាសំឡេងឆ្លើយតបទៅតារាចម្រៀងម៉េង កែវពេជ្ជតា ដែលបានចោទនាងថា បាន Copy បទចម្រៀង ”ពុកអើយវិលវិញ” ដោយច្នៃទៅជាបទ ”សូមពុកវិលវិញ” ដែលបទនេះចេញរយៈពេល៤០ឆ្នាំទៅហើយ ប៉ុន្តែទើបធ្វើឲ្យអ្នកនាងពេជ្ជតា និងស៊ិននិច ចេញមុខតទល់គ្នាពេលនេះ។

តារាចម្រៀងទូច ស៊ុននិច បានបង្ហាញការតក់ស្លុតចំពោះរឿងនេះ ដោយនាងថែមទាំងនិយាយថា មិននឹកស្មានថា អ្នកនាងម៉េង កែវពេជ្ជតា មានចិត្តចង្អៀតចង្អល់ និងខឹងនាងតាំងពីនោះសោះ ក្រោយនាងទើបឃើញអ្នកនាងកែវពេជ្ជតា Live និយាយរឿងបទចម្រៀង១នោះ កាលពីពេលថ្មីៗនេះ។

ទូច ស៊ុននិច បន្តថា កាលនោះនាងមានអាយុត្រឹមតែ៨-៩ឆ្នាំប៉ុណ្ណោះ ហើយទើបតែប៉ិចចូលប្រឡូកសិល្បៈជាលើកដំបូង ហើយនាងនិងឪពុកក៏មិនដែលស្គាល់ និងស្ដាប់បទចម្រៀងរបស់អ្នកនាងម៉េង កែវពេជ្ជតា ដែរ ប៉ុន្តែអ្នកនាងកែវពេជ្ជតា បែរជាថា នាងខំច្រៀងតាមគាត់ Copy ពីគាត់ ដើម្បីឲ្យល្បីតាមគាត់ទៅវិញ។

ទូច ស៊ុននិច បញ្ជាក់ថា បទ ”សូមពុកវិលវិញ” ឪពុកនាងជាអ្នកនិពន្ធឲ្យនាងច្រៀង ហេតុនេះហើយនាងមិនបានច្រៀងតាមកែវពេជ្ជតា ឬ Copy តាមគាត់ចង់ល្បីតាមគាត់នោះទេ។ នាងថា សម័យនោះបច្ចេកវិទ្យាមិនទាន់ទំនើបដូចពេលនេះទេ ហេតុនេះហើយនាងក៏មិនដឹងថា ម៉េង កែវពេជ្ជតា ជាអ្នកណាដែរ។

ទូច ស៊ុននិច បានបន្ថែមថា ឪពុករបស់នាងនិពន្ធបទចម្រៀង ”សូមពុកវិលវិញ” នេះ ក្នុងអត្ថន័យចង់ឲ្យឪពុកទាំងឡាយដែលចូលព្រៃ ព្រោះចាញ់កលខ្មាំងឲ្យត្រឡប់មកមភូមិស្រុកវិញ។ នាងថា ចង់ឲ្យបងប្អូនទាំងឡាយចូលស្ដាប់បទចម្រៀងរបស់អ្នកនាងម៉េង កែវពេជ្ជតា “ពុកអើយវិលវិញ” និងបទរបស់នាង ”សូមពុកវិលវិញ” តើដូចគ្នាត្រង់ណា? នាងទទួលស្គាល់ថា ចំពោះអត្ថន័យវិញ គឺមានស្រដៀងគ្នាមែនហើយ ព្រោះចង់ឲ្យឪពុកវិញមកវិញ អីចឹងនាងចង់សួរថា ក្មេងៗទាំងឡាយសម័យនោះ ដែលច្រៀងចង់ឲ្យឪពុកវិលមកភូមិស្រុកវិញ សុទ្ធតែចម្លងបទចម្រៀងពីអ្នកនាងម៉េង កែវពេជ្ជតា?

ទោះជាយ៉ាងណាជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសនេះ អ្នកនាងម៉េង កែវពេជ្ជតា ក៏បានបង្ហោះសារតបទៅទូច ស៊ុននិច វិញថា “នេះជាសម្លេងពិតរបស់ខ្ញុំ​ ដែលនិយាយក្នុងវីដេអូឡាយ​នៅវត្ត​ ពេលទៅមើលក្លោងទ្វាវត្ត​ដែលខ្ញុំ​ និងគ្រួសារបានចូលរួមកសាង។ អ្វីដែលខ្ញុំនិយាយគ្មានប៉ះពាល់នរណាទេ​ សូម្បីបន្តិច ប៉ុន្តែគឺពួកគេទេ​ (​ អាខោន​ កាកា​ កង់កង់​ )​ ដែលចូលមករករឿងចោទថា ខ្ញុំយកបទនាង​ទូច​ ស្រីនិច​ មកច្រៀង​ និងកូពីតាមនាងទាំងអស់​។

កាកា​ កង់កង់​ នេះព្យាយាមកំដៅចិត្តដោយពាក្យដដែលដដែល​ ។ ខ្ញុំក៏បកស្រាយធម្មតា​ និងពាក្យល្អៗ​ តែអាខោននេះនៅតែដុតកំដៅចិត្តយើងបន្ថែមទៀត​ ក្នុងចេតនាទម្លាក់កំហុសឲ្យយើង​។ សូមអ្នកដែលបានស្តាប់សំឡេងរបស់នាង​ទូច​ ស៊ុននិច​ ដែលបានមុសាមកលើខ្ញុំជាច្រើន​ ចូលរួមពិចារណា​។ ពេលឡាយថ្ងៃមិញ ខ្ញុំចង់បង្ហាញដែរ​ តែរូបភាពនេះវានៅក្នុងមាស៊ីនដែលខ្ញុំកំពុងផ្សាយផ្ទាល់​។ សូមអរគុណរាល់ការជឿជាក់​ និងសូមឲ្យទេវតាបរាមុខជនទុច្ចរិតទាំងឡាយណាដែលបានធ្វើបាបខ្ញុំ​ឲ្យបានទាន់ហន់​!”។

គួររំលឹកថាទូច ស៊ុននិច ត្រូវបានឃាតករឬស្យាបាញ់ប្រហាមកលើរូបនាង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៣ បណ្ដាលឲ្យនាងស្ទើរតែបាត់បង់ជីវិត ហើយត្រូវជម្លៀសចេញទៅរស់នៅសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួនក្រោមការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលអាមេរិក។

ស៊ុននិច មិនអាចធ្វើការអ្វីបានទេ គឺរស់ក្នុងសភាពជាជនពិការ ហើយអង្គុយតែលើរទេះរុញ និងលេបថ្នាំជាប្រចាំ ដែលមានឪពុករបស់នាងមើលថែ។ នាងនៅតែអាចច្រៀងបាន ប៉ុន្ដែដង្ហើមខ្លីជាងមុន ខណៈដែលការនិយាយវិញ នាងនៅតែមានសភាពស្ទើរតែដូចដើម។

វាជាសារដ៏កម្រររបស់ទូច ស៊ិននិច ក្នុងការឆ្លើយតបទៅអ្នកនាងម៉េង កែវពេជ្ជតា ជុំវិញរឿងរ៉ាវបទចម្រៀង១បទ ដែលមានអាយុ៤០ឆ្នាំទៅហើយ គឺមានតែមហាជនទេ ទើបអាចវិនិច្ឆ័យចំពោះភាពចម្រូងចម្រាសលើរឿងរ៉ាវនេះបាន៕

RELATED ARTICLES