Saturday, April 27, 2024
Homeតារាខ្មែរមាស សុខសោភា បាត់មុខ២ខែ យកបទចម្រៀងចាស់ៗច្រៀង

មាស សុខសោភា បាត់មុខ២ខែ យកបទចម្រៀងចាស់ៗច្រៀង

តារាចម្រៀងមាស សុខសោភា បានចេញមកស្ដារមុខមាត់ឡើងវិញ តាមរយៈការតុបតែងខ្លួនបែបយុវវ័យជាមួយស្ទីលថ្មីនោះ គឺការលេងម៉ូដសក់គូរឲ្យទាក់ទាញ ប៉ុន្តែនៅលើឆាកតន្រ្ដី CTN កាលពីថ្ងៃទីអាទិត្យ ទី១៨ ខែឧសភានោះ គេកត់សម្គាល់ឃើញថា មាស សុខសោភា បែរជាលើកយកបទចម្រៀងចាស់ៗរបស់នាងមកច្រៀងឡើងវិញ ដូចជាបទ ”ម្នាក់ឯងមិនស្លាប់ទេ” និងបទ ”ដោះសារ”​ជាដើម ដែលបើទោះជាបទទាំងនោះពិតជាស័ក្តិសមជាមួយកាយវិការ និងទឹកដមសំឡេងរបស់នាងយ៉ាងណាក៏ដោយ តែទស្សនាភាគច្រើនចង់ឃើញបទថ្មីៗច្រើនជាង។

មាស សុខសោភា និយាយថា នេះគឺជាការវិលមករកឆាកតន្រ្ដីសាជាថ្មីឡើងវិញ ក្រោយពីនាងបានផ្អាកឡើងច្រៀងជាង២ខែមកហើយ ពោលគឺតាំងពីផ្ទុះកូវីដ-១៩មកម្ល៉េះ។ ប៉ុន្តែដោយសារឆាកថ្មី ម្ចាស់កម្មវិធីគាត់តម្រូវការនាង គួបផ្សំនាងចង់រំលឹកបទចាស់ៗផង ទើបនាងត្រូវតែមកបំពេអារម្មណ៍បងប្អូន។

មាស សុខសោភា ហាក់មានការប្រុងប្រយ័ត្នខ្លាំងណាស់ ចំពោះជំងឺកូវីដ-១៩ ដូចជានាងជិះរថយន្ដពាក់ស្រោមមុខជ័រការពារជាប្រចាំ ហើយនាងបានដឹកដៃស្វាមី លោកអ៊ឹត រ៉ាដា ទៅចារយ័ន និងបញ្ចូលអាគមគាថាការពារជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះទៀតផង។

សោភា ក៏បានបង្ហាញអារម្មណ៍ស្រងូតស្រងាត់ផងដែរ ព្រោះថាមុននេះស្វាមីរបស់នាង លោករ៉ាដា បានធ្លាក់ខ្លួនឈឺ ហើយនាងបាននាំទៅព្យាបាលដល់ប្រទេសថៃ និងបួងសួងដើម្បីឲ្យប្ដីឆាប់បានជាសះស្បើយឡើងវិញទៀតផង។

ដោយឡែក នៅតាមឆាកតន្រ្ដីវិញ សោភា បានផ្អាកចេញច្រៀងសម្ដែងមួយអន្លឺ ព្រោះខ្លាចកូវីដ-១៩ផង និងមិនចង់រាំច្រៀងទាំងប្ដីកំពុងឈឺនេះផង។

តាមរយៈការចេញមុខមកវិញ ហើយមាស សុខសោភា បានឡើងច្រៀងតែបទចាស់ៗបែបនេះ ធ្វើឲ្យមានការសង្ស័យជាថ្មីថា សោភា នៅតែមានភាពស្រពេចស្រពិលជាមួយផលិតកម្មថោន ព្រោះថាតារាវ័យក្មេងរបស់ផលិតកម្មនេះ ពួកគេសុទ្ធតែមានបទចម្រៀងថ្មីៗចេញជាបន្ដរបន្ទាប់ នៅរយៈពេលចុងក្រោយនេះ តែសោភា បែរជាគ្មានបទថ្មីមកបង្ហាញ ហើយបង្ខំចិត្តច្រៀងបទចាស់ៗឡើងវិញតែម្ដង។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា មាស សុខសោភា មានផលិតកម្មផ្ទាល់ខ្លួន Camtrax ហើយបើថោន ធ្វើបទមិនទាន់ឲ្យនាងច្រៀងទេ នាងអាចធ្វើបទចម្រៀងដោយខ្លួនឯងបាន ព្រោះថាពេលនេះថៅកែថោន បានបើកសិទ្ធិឲ្យនាងពេញលេញតែម្ដង ក្នុងការធ្វើបទចម្រៀងនៅខាងក្រៅ ដោយសារតែសោភា មិនមែនជាតារាចម្រៀងមានកុងត្រានៅថោនឡើយ។

ប៉ុន្ដែមូលហេតុដែលមាស សុខសោភា លើកយកបទចាស់ៗមកច្រៀងឡើងវិញនោះ មិនមែនមកពីនាងគា្មនបទថ្មីៗច្រៀងទេ តែអាចមកពីនាងដឹងថាបទចាស់ៗទាំងនោះ នៅតែមានការពេញនិយម ទើបនាងចង់គាស់កកាយឡើងវិញ។

មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា ជាអាណិកជនខ្មែរ មកពីកាណាដា រយៈពេលជាង១៣ឆ្នាំមកហើយ ប៉ុន្តែពេលនេះនាងនៅតែមិនច្បាស់លាស់ពីរឿងចូលរោងការតាមប្រពៃណីខ្មែរឡើយ បន្ទាប់ពីបានរៀបការតាមបែបសាសនាគ្រឹស្តម្ដងរួចទៅហើយ កាលពីឆ្នាំ២០០៨ នៅព្រះវិហារមួយនៅកាណាដា។

សោភា ថា នាងមិនដែលចង់រៀបការជាចំហទេ ប៉ុន្តែពេលខ្លះនាងថា អាចរយៈពេល២ទៅ៣ឆ្នាំទៀត នាងនឹងរៀបការដែលចម្លើយមិនច្បាស់លាស់នេះ ធ្វើឲ្យគេពិបាកជឿជាក់លើសោភា ថា​នាងនឹងហ៊ានរៀបការមែន ឬក៏គេចរោងការរោងការរហូត?៕

RELATED ARTICLES