Friday, April 26, 2024
Homeព័ត៌មានជាតិធ្វើចឹងពីមុខសមត្ថកិច្ចបានទៀត ព្រោះតែខ្លាចរឿងមួយនេះ

ធ្វើចឹងពីមុខសមត្ថកិច្ចបានទៀត ព្រោះតែខ្លាចរឿងមួយនេះ

ភ្នំពេញ ៖ យុវជនម្នាក់ខណៈចេញពីប្រើប្រាស់គ្រឿងញៀន បើកម៉ូតូបញ្ច្រាសទិសចរាចរណ៍ លុះដល់គោលដៅសមត្ថកិច្ចខណ្ឌមានជ័យ អនុវត្តច្បាប់ចរាចរណ៍ ក៏បានបង្ហោះម៉ូតូឌឺសមត្ថកិច្ច និងបន្ថែមល្បឿនម៉ូតូបើកគេចខ្លួន បែរជាភ្លាត់ស្នៀតរអិលដួល បណ្តាលឱ្យ រងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅមុខដេប៉ូបូមខ្សាច់មួយកន្លែង លើផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ២ លុះនៅវេលាម៉ោងខាងលើ ក៏ស្រាប់តែមានយុវជនម្នាក់បានជិះម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GD-4946 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសដៅចរាចរណ៍។

លុះមកដល់ចំណុចដែលកម្លាំងសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ចរាចរណ៍ និងពិនិត្យជាតិស្រវឹង យុវជនរូបនោះក៏រោទ៍ម៉ូតូបង្ហោះបង្អួតមុខសមត្ថកិច្ច ហើយបើកទៅមុខទៀត ដោយឃើញសមត្ថកិច្ចចេញមកច្រើន ខ្លាចសមត្ថកិច្ចចាប់បានពិនិត្យទឹកនោម ក៏ស្រាប់តែបន្ថែមល្បឿនម៉ូតូយ៉ាងលឿន តាមផ្លូវជាតិលេខ២ ឆ្ពោះទៅចាក់អង្រែលើ ខណៈមកដល់មុខដេប៉ូបូមខ្សាច់ ក៏រអិលដួលម៉ូតូបោកជាច្រើនត្រឡប់ បណ្តាលឱ្យរងរបួសធ្ងន់។

លុះសមត្ថកិច្ចសួរនាំ ស្រាប់តែឆ្លើយយ៉ាងខ្លីថា រូបគេទើបចេញពីប្រើប្រាស់គ្រឿងញៀន នៅឯខេត្តតាកែវ ដោយទិញថ្នាំពីភ្នំពេញ ចំនួន៣ម៉ឺនរៀល យកទៅលេង ហើយមកវិញក៏ជួបរឿងបែបនេះតែម្តង។

ក្នុងហេតុការណ៍នេះដែរ ដោយឃើញជនរងគ្រោះមានរបួសធ្ងន់ សមត្ថកិច្ចក៏បានទាក់ទងហៅសាច់ញាតិក្រុមគ្រួសារឱ្យមកលើកយុវជនខាងលើដាក់ម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ នៅសល់ម៉ូតូដែលរងការខូចខាតយ៉ាងដំណំនោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ យកទៅផ្ទះវិញ៕

RELATED ARTICLES