Saturday, April 27, 2024
Homeតារាខ្មែរសោភា ទេពី កំពុងជិះ Lexus NX 200t ថ្ងូរចង់បាន Range Rover

សោភា ទេពី កំពុងជិះ Lexus NX 200t ថ្ងូរចង់បាន Range Rover

តារាចម្រៀងសោភា ទេពី បានប្ដូរពីជិះរថយន្ដ Highlander មកជិះ Lexus NX 200t ដែលមានតម្លៃជាង៦ម៉ឺនដុល្លារ ហើយទើបតែជិះឡានថ្មីនេះមិនទាន់បាន១ឆ្នាំផង ស្រាប់តែស្រីស្រស់វាចាថា ចង់ជិះ Range Rover វិញម្ដង។

ទោះជាយ៉ាងណា ទេពី ប្រាប់ថា មិនទាន់អាចដឹងបានទេថា​ត្រូវការប្រើពេលប៉ុន្មានឆ្នាំទៀត​ទើបអាចសម្រេចបំណងនេះបាន ព្រោះថា នាងគ្មានអ្នកណាជួយឧបត្ថម្ភឡើយ គឺពឹងតែកម្លាំងខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្ដែនាងថា ការមានបំណង​ព្រមទាំងមានការតាំងចិត្ត នឹងធ្វើឲ្យនាងសម្រេចបំណងនេះនៅថ្ងៃណាមួយជាមិនខានឡើយ ព្រោះថា ចិត្តនាងចង់ជិះរថយន្ដនៅក្នុងក្ដីស្រម៉ៃឲ្យខាងតែបាន គ្រាន់តែត្រូវការប្រើពេលវេលាប៉ុណ្ណោះ។

សោភា ទេពី អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ បានល្បីល្បាញ បទ ”អ្នកណាកែចិត្តបង?” របស់ផលិតកម្ម Zone ដែលមានអ្នកចូលទស្សនាចំនួន45M។ ប៉ុន្ដែក្រោយចាកចេញពីទ្រនំនេះ ដោយមានជម្លោះដ៏ចម្រូងចម្រាសជាមួយថៅកែផលិតកម្មមក ទេពី មិនចូលច្រៀងនៅផលិតកម្មណាទៀតទេ គឺនាងផលិតបទចម្រៀងដោយខ្លួនឯង មានទាំងបទ Original Songs និងបទ​ Cover ពីមរតកដើម។

ទេពី បានឲ្យដឹងថា នាងក៏បានងាកមកច្រៀងរ៉េបបែបថ្មីផងដែរ ដើម្បីធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួល ខណៈដែលទោះជារវល់យ៉ាងណា នាងនៅតែបន្ដរធ្វើបទចម្រៀងជាបន្ដបន្ទាប់ទៅទៀត ព្រោះនេះជាអាជីពដែលនាងស្រលាញ់ បើទោះជាត្រូវចំណាយថវិកាផ្ទាល់ខ្លួនក្ដី។ ប៉ុន្តែនាងថា តាំងពីផ្ទុះកូវីដ-១៩មក ពេលនេះនាងបានបានប៉ះពាល់ដល់ប្រាក់ចំណូលពីសិល្បៈមួយផ្នែកដែរ តែដោយសារនាងគ្មានទម្លាប់ជំពាក់លុយធនាគារ យកមកទិញផ្ទះ ឬរថយន្ដ ហេតុនេះហើយមិនធ្វើឲ្យនាងជួបផលវិបាកច្រើនពេកនោះទេ។

ដោយឡែករឿងស្នេហាវិញ ទេពី បន្ថែមថា មិនអាចកំណត់រឿងចូលរោងការបាននៅពេលណាឡើយ ព្រោះថា ពេលនេះនាងនៅតែមិនទាន់មានសង្សារឡើយ ប៉ុន្តែនាងនិយាយបែបនេះមិនសូវមានអ្នកជឿរជាក់ទេ តែធ្វើម៉េច បើនាងពិតជាគ្មានគូស្នេហ៍ដូចគេមែន៕

RELATED ARTICLES