Saturday, April 27, 2024
Homeតារាខ្មែរអ្នកនាងស៊ឹម សូលិកា ពន្យារពេលពពោះ

អ្នកនាងស៊ឹម សូលិកា ពន្យារពេលពពោះ

ស៊ឹម ​សូលិកា ពិតជាធ្វើឲ្យគូស្នេហ៍ជាច្រើនដែលធ្លាប់តែប្រេះឆាគ្នាហើយនោះ ស្រឡាំងកាំងតែម្ដង​​ ព្រោះថា នាងនិងអតីតប្ដីមិនត្រឹមតែមិនចាត់ទុកគ្នាជាគូបដិបក្ខនោះទេ ប៉ុន្ដែបានប្រែក្លាយទៅជាការរាប់អានគ្នាដូចក្រុមគ្រួសារតែមួយអីចឹង។

ជាក់ស្ដែងថ្មីៗនេះ សូលិកា បានទិញកាដូនូវភេសជ្ជៈមួយកន្ត្រក ទៅជូន និងសួរសុខទុក្ខប្រពន្ធថ្មីប្ដីចាស់របស់នាង លោកសៅ ភីរៈ ដែលសម្រាលកូននៅមន្ទីពេទ្យ។ សូលិកា ថែមទាំងបីកូនអតីតប្ដីដូចកូននាងបង្កើតផងដែរ ដែលមើលទៅពួកគេរាប់អានគ្នា ដោយមិនប្រកាន់ពីរឿងអតីតកាល។

គួររំលឹកថា ស៊ឹម សូលិកា ក្រៅពីទៅមើលប្រពន្ធថ្មីអតីតប្ដីសម្រាលកូននេះនាង ក៏ធ្លាប់បណ្ដើរប្ដីថ្មី លោកអេង រិទ្ធី ទៅចូលរួមមង្គលការរបស់ប្ដីចាស់របស់នាង​ដល់ខេត្តបន្ទាយមានជ័យ កាលពីដើមឆ្នាំ២០១៩ផងដែរ។ ចំណែកលោកសៅ ភរីៈ ក៏ធ្លាប់បានបណ្ដើរប្រពន្ធថ្មីមកចូលរួមមង្គលការសូលិកា ជាមួយលោកអេង រិទ្ធី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅកោះពេជ្រ ដែរ ដែលសកម្មភាពរបស់ពួកគេធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ព្រោះថាកម្រមានគូស្នេហ៍ផ្សេងទៀត អាចធ្វើបានដូចគូស្នេហ៍២គូនេះណាស់។

ស៊ឹម សូលិកា ធ្លាប់បានរៀបការជាមួយលោកសៅ ភីរៈ តែបានប្រេះឆាគ្នាវិញកណ្ដាលផ្លូវ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ស្រស់ស្អាត ឈ្មោះសុកាន ភីរៈណុច អាយុជាង២០ឆ្នាំ។​ពេលនេះ សូលិកា ចាប់ផ្ដើមជីវិតថ្មីជាមួយស្វាមីថ្មីលោកអេង រិទ្ធី ហើយអ្នកទាំង២ កាន់តែមានជីវភាពធូធារទៅៗ ដោយទិញផ្ទះវីឡាស្កឹមស្កៃរស់នៅយ៉ាងមានសេចក្ដីសុខជាមួយការប្រើប្រាស់រថយន្ដទំនើបៗដូចជាLexus LX570 ២គ្រឿង និងJaguar ជាដើម។

ប៉ុន្ដែរក្រោយរៀបការជាង៩ខែមកហើយនេះ សូលិកា នៅតែមិនទាន់ពពោះកូនដំបូង ដែលជាតំណក់ឈាមរបស់លោកអេង រិទ្ធី ឡើយ ខណៈដែលមុនរៀបការនាងធ្លាប់បង្ហាញរូបភាពដូចជាស្រី្ដពោះធំ ប៉ុន្តែតាមពិត គឺនាងមិនទាន់មានកូនទី២ទេ។

ស្វាមីរបស់ស៊ឹម សូលិកា លោកអេង រិទ្ធី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោកនិងភរិយាពិតជាត្រូវបានឪពុកម្ដាយជំរុញឲ្យយកកូនមែន ប៉ុន្ដែពេលនេះប្រពន្ធរបស់លោកមិនទាន់មានផ្ទៃពោះឡើយ។ លោកថា មិនចង់មានកូនដោយចៃដន្យនោះទេ គឺចង់បានកូនតាមគម្រោងដែលចង់បាន ប៉ុន្ដែមិនយូរទេ គឺប្រពន្ធលោកនឹងមានដំណឹងល្អឆាប់ៗនាពេលខាងមុខជាមិនខានឡើយ។

ក្រៅពីស៊ឹម សូលិកា តារាដែលប្រេះឆាគ្នាហើយ នៅតែមានការរាប់អានគ្នាជាមួយអតីតប្ដីជាធម្មតា មានដូចជា អ្នកនាងចន ច័ន្ទលក្ខិណា , កែវ ពិសី និងសុខ សោម៉ាវត្តី ជាដើម​ដែលម្នាក់ៗបានណាត់គ្នាញាំអាហារជាមួយកូនៗ ដូចគ្មានរឿងអ្វីនិងគ្នា ខណៈដែលគូស្នេហ៍ភាគច្រើន​ក្រោយចែកផ្លូវគ្នាហើយច្រើនតែពាក់មុខយក្សដាក់គ្នា៕

                                                                                                ហ៊ឹម វិចិត្រ

RELATED ARTICLES