Friday, April 26, 2024
Homeតារាខ្មែរខួបស្នេហ៍៤ឆ្នាំ! ដេវីត ចូលហាងផ្នួស ទេព បូព្រឹក្ស បញ្ចេញវាចាថា "អរគុណ...

ខួបស្នេហ៍៤ឆ្នាំ! ដេវីត ចូលហាងផ្នួស ទេព បូព្រឹក្ស បញ្ចេញវាចាថា “អរគុណ…

តារាចម្រៀងដែលមានឈ្មោះ៣ គឺងួន ចាន់ដេវីត, Dit Way និង G-Devith បានកោរសក់បួស កាលពីរសៀលថ្ងៃទី២២ ខែកក្កដា និងគ្រងជាសង្ឃនៅថ្ងៃទី២៣ ខែកក្កដា ដោយមិនកំណត់ថា ថ្ងៃណាទើបលោកលាចាកសិក្ខាបទវិញឡើយ។

តាមព័ត៌មានថា ដេវីត បានបួសនៅវត្តភ្នំតូច ខេត្តកំពង់ចាម តែនៅពេលដែលក្រុមអ្នកគាំទ្រខមិនសួរនោះ ទាំងដេវីត និងបូព្រឹក្ស នៅមិនទាន់បញ្ជាក់ពីទីតាំងដែលអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ ផ្ញើខ្លួនជាមួយព្រះពុទ្ធសាសនាឡើយ។

ប៉ុន្ដែគេកត់សម្គាល់ថា ការសម្រេចចិត្តសាងផ្នួសរបស់ម្ចាស់បទ ”រាំញីកែងជើង” រូបនេះ កើតមានបន្ទាប់ពីលោកបានទិញរថយន្ដទំនើបម៉ាក Rolls-Royce Ghost តម្លៃប្រមាណ៣១៥០០០ដុល្លារ ជូនសង្សារសំណព្វចិត្តរបស់លោក គឺទេព បូព្រឹក្ស នៅថ្ងៃខួបកំណើតស្នេហ៍គម្រប់៤ឆ្នាំ ធ្វើឲ្យបូព្រឹក្ស ហៅស្រីនិច្ច យំខ្សឹបខ្សួលអួលដើមក ព្រោះរំភើបខ្លាំងពេក។

ងូន ចាន់ដេវីត បានថ្លែងសារថា ការដែលលោកចូលសាងផ្នួសនៅពេលនេះ គឺដើម្បីចង់ឲ្យស្ងប់អារម្មណ៍ ចង់ស្វែងយល់ដឹងពីព្រះពុទ្ធសាសនា និងស្វែងយល់ពីព្រះធម៌ផងដែរ។ ​លោកថា មួយរយៈនេះមានបញ្ហាស្មុគស្មាញច្រើន ហើយចាប់ពីថ្ងៃបួសនេះទៅ លោកមិនកាន់លុយ ឬទូរស័ព្ទនោះទេ។ ចំពោះអ្នកជេរ ប្រមាថលោកកន្លងមក លោកសុំអហោសកម្មឲ្យត្រឹមនេះតែម្ដង។

ចំណែកឪពុករបស់ដេវីត លោកកុសស រស់ បានបញ្ចេញសារថា ”កូនសម្លាញ់ ពុកមានមោទនភាពហួសបរិយាយ ក្នុងនាមពុទ្ធសាសនិកដ៏ឧត្តម សូមឲ្យកូនបានស្ងប់ក្នុងពុទ្ធឱវាទ”។

ដោយឡែក ទេព បូព្រឹក្ស បានថ្លែងសារបែបក្នាញ់ដាក់គូស្នេហ៍ថា ”អរគុណដែលផ្ដល់ក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ ភាពស្មោះត្រង់ ភាពកក់ក្ដៅ ផ្ដល់តម្លៃ អរគុណពេលវេលាដែលផ្ដល់បុរសដ៏គូរឲ្យស្អប់ម្នាក់ មកជីវិតខ្ញុំ G-Devith ព្រោះបងធ្វើតាមចិត្តអូនពេក…”។

គូរបញ្ជាក់ថា ក្រោយដេវីត ទិញ Rolls-Royce ឲ្យទេព បូព្រឹក្ស ឡើងផ្អើលមេឃនោះ ស្រាប់តែមានអ្នកខ្លះរិះគន់ថា រថយន្ដនោះជាប្រភេទស៊េរីចាស់ , ខ្លះថា ទិញបង់រំលស់ និងខ្លះទៀតថា ជួលគេថត MV ទើបធ្វើឲ្យបូព្រឹក្ស មួម៉ៅក្ដៅចិត្តជាខ្លាំង ខណៈដែលដេវីត ថា លោកសូមអហោសកម្មឲ្យអ្នកជេរប្រមាថលោកទាំងឡាយ ត្រឹមថ្ងៃសាងផ្នួសនេះហើយ៕

RELATED ARTICLES