Friday, April 26, 2024
Homeព័ត៌មានជាតិនារីម៉ាស្សាស្រែកឡើងផ្អើលហាង... ទាញពីលើម៉ូតូ ចាប់ជាប់ម្នាក់

នារីម៉ាស្សាស្រែកឡើងផ្អើលហាង… ទាញពីលើម៉ូតូ ចាប់ជាប់ម្នាក់

ភ្នំពេញ ៖ ជនសង្ស័យក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីក្មេងប្រុសម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានម្នាក់ប្រគល់ឱ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទី យប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះម៉ាស្សា យីហោ (៧៧៧ម៉ាស្សាកោសជប់) នៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនសង្ស័យមានឈ្មោះសយ ភារម្យ ហៅ រុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ ស្នាក់នៅម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ មានស្រុកកំណើត ខេត្តស្វាយរៀង។

ចំណែកក្មេងរងគ្រោះ មានឈ្មោះកាសេន រដ្ឋា  ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថ្នាក់ទី២ សាលាវត្តដំបូកខ្ពស់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមការរៀបរាប់បានឱ្យដឹងថា ដំបូងឡើយ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស មិនចាំស្លាកលេខ បានមកសួរនាំរកស្រីម៉ាស្សា ហើយខ្លួនបានឆ្លើយថា ជាប់រវល់អស់ហើយ អត់មានស្រីម៉ាស្សានៅសល់ទេ។ ពេលនោះ ជនសង្ស័យក៏ក្រឡេកឃើញមានក្មេងកំពុងតែអង្គុយលេងទូរស័ព្ទនៅក្នុងផ្ទះ ក៏ឆក់យកទូរស័ព្ទបានសម្រេចរត់ឡើងទៅជិះម៉ូតូ តែពេលនោះក្មេងរងគ្រោះបានស្រែកចោរៗ រត់ដេញតាម ទើបឪពុករបស់ក្មេងស្ទុះចេញមកចាប់ទាញបានជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ ចំណែកឯម្នាក់ទៀតបើកម៉ូតូរត់គេចបាត់ស្រមោល។

ក្រោយកើតហេតុ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហើយភ្លាមៗនោះ ជនសង្ស័យត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ចុះមកទទួលយកទៅធ្វើកំណត់ហេតុ រួចបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធី។ ចំណែកទូរស័ព្ទម៉ាក VIVO ដកហូតបានមកវិញ ត្រូវសមត្ថកិច្ចប្រគល់ជូនទៅម្ចាស់វិញ៕

RELATED ARTICLES