Friday, April 26, 2024
Homeតារាខ្មែរព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ស្ងាត់រឿងកាច់កុងគ្នា

ព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ស្ងាត់រឿងកាច់កុងគ្នា

រយៈពេលជិត៣ឆ្នាំហើយ ដែលតារាចម្រៀងល្បីល្បាញទាំង២ដួង ព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ជ្រកនៅទ្រនំហង្សមាស ជាមួយគ្នា ខណៈដែលមនុស្សភាគច្រើនគិតថា​”ភ្នំ១មិនអាចមានខ្លា២”​ទេ អីចឹងត្រូវតែមានម្នាក់ណាមួយដើរចេញជាមិនខាន។

ប៉ុន្ដែរហូតមកដល់ពេលនេះ ទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ រក្សាភាពស្ងាត់ស្ងៀមរៀងៗខ្លួន ទើបធ្វើឲ្យដំណឹងនៃការកាច់កុងគ្នារបស់តារាទាំង២ ហាក់បន្សាបទៅវិញបន្ដិចម្ដងៗ នៅរយៈពេលចុងក្រោយនេះ ស្របពេលដែលមន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកសាស្រា្ដចារ្យសេង សំអាន ធ្លាប់និយាយថា រឿងពាក្យថា ”ភ្នំ១មិនអាចមានខ្លា២” នោះ គេសំដៅក្នុងន័យមិនល្អប៉ុណ្ណោះ តែព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ អាចធ្វើការនៅផលិតកម្មជាមួយគ្នាបាន ព្រោះថាពេលនេះ ហង្សមាស មានខ្លាលើសពី២ទៅហើយ។

ភស្ដុតាងជាច្រើនបញ្ជាក់ថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មិនត្រូវគ្នានោះទេ ព្រោះគេចាំបានថា អំឡុងពេលដែលខេមរៈ សិរីមន្ដ ច្រៀងនៅសាន់ដេ នោះ អ្នកចម្រៀងរូបនេះទៅច្រៀងខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុនស្មាត ហើយពេលត្រៀមឈានជើងឡើងឆាកតន្រ្ដីទៅហើយ ប៉ុន្តែត្រូវព្រាប សុវត្ថិ ប្ដឹងទៅស្នងការខេត្តកំពង់ស្ពឺ ឲ្យបិទឆាកតន្រ្ដីនោះចោលភ្លាមៗតែម្ដង ដែលមូលហេតុគឺដោយសារតែព្រាប សុវត្ថិ មិនសប្បាយចិត្តរឿងការដាក់តាំងរូបនៅលើបដា (Banner) នោះ មានរូបសិរីមន្ដ ធំជាង គឺគ្របនៅលើរូបលោកតែម្ដង បើទោះជាឆាកតន្រ្ដីនោះ លោកមិនតម្រូវឲ្យទៅច្រៀងសម្ដែងក្ដី។

តាំងពីពេលនោះមក មហាជនគិតថា តារាល្បីទាំង២ដួងនេះ មិនចុះសម្រុងគ្នាឡើយ គឺកាច់កុងគ្នាខ្លាំងណាស់ ខណៈដែលទស្សនិកជនភាគច្រើនបានគាំទ្រព្រាប សុវត្ថិ ព្រោះលោកជារៀមច្បង ឬប្រៀបបានជាគ្រូរបស់ខេមរៈ សិរីមន្ដ ហើយពេលនេះ សិរីមន្ដ ក៏មិនទាន់វ៉ាលោកបានដែរ អីចឹងការឌីហ្សាញរូបដែលលោកនៅតូចជាងសិរីមន្ដ ធ្វើឲ្យមានជម្លោះ។

គេចាំបានថា អំឡុងពេលដែលសិរីមន្ដ ឡើងប្រលងចម្រៀងក្នុងកម្មវិធី “ណេស្លេកាហ្វេ” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ កាលពីឆ្នាំមុននោះ លោកសិរីមន្ត ក៏ធ្លាប់លើកយកបទ ”បើកសៀវភៅឃើញស្នេហ៍” របស់ព្រាប សុវត្ថិ ទៅច្រៀងដែរ ហេតុនេះហើយបានជាព្រាប សុវត្ថិ ដែលមានទីផ្សារសិល្បៈនៅតែរឹងមាំនៅឡើយនោះ មិនសុខចិត្តឲ្យការដាក់រូបពន្លេចលោក។

បើទោះជាភស្ដុតាងទាំងនេះបញ្ជាក់ថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ អត់ស៊ីចង្វាក់គ្នាមែន ប៉ុន្ដែតារាទាំង២ដួងនេះបានជួប និងចាប់ដៃគ្នានៅចំពោះមុខអ្នកកាសែតក្នុងកម្មវិធីលក់ដីឡូតិ៍មួយកន្លែង នៅខេត្តកំពង់ស្ពឺ របស់អតីតពលករមកពីកូរ៉េ លោកឡេង ណាវ៉ាត្រា ហើយពួកគេថា មិនមានបញ្ហាវិវាទជាមួយគ្នាឡើយ និងអះអាងថា ប្រឹងប្រែងរៀងៗខ្លួនសម្រាប់បន្ដអាជីពចម្រៀង ក៏ដូចជាមុខជំនួញផ្នែកអចលនទ្រព្យ។

ប៉ុន្ដែបើគិតរយៈពេលជិត៣ឆ្នាំ នៃការឈរជើងនៅហង្សមាស នេះ ខេមរៈ សិរីមន្ដ នៅតែមិនទាន់អាចដណ្ដើមតំណែងព្រាប សុវត្ថិ ដែលឈរនៅហង្សមាស ជាង២០ឆ្នាំនោះបានទេ ខណៈដែលអ្នកជំនាញសិល្បៈលោកម៉ិញ សុធីវណ្ណ បានអះអាងថា រវាងព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ  ពេលនៅទ្រនំជាមួយគ្នាបែបនេះ អ្នកណាចេញបទចម្រៀងបានច្រើនជាង ម្នាក់នោះហើយជាអ្នកឈ្នះ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES