Friday, April 26, 2024
Homeតារាខ្មែរឪពុកឱក សុគន្ធកញ្ញា ថាអាថ៌កំបាំង លាក់មិនឱ្យគេដឹង ក៏ខ្លួនឯងដឹងដែរ

ឪពុកឱក សុគន្ធកញ្ញា ថាអាថ៌កំបាំង លាក់មិនឱ្យគេដឹង ក៏ខ្លួនឯងដឹងដែរ

ភ្នំពេញ ៖ ឪពុកបង្កើតរបស់តារាចម្រៀងល្បី ឱក សុគន្ធកញ្ញា លោកឱក បូនី ដែលមុននេះបានទម្លាយថា កូនស្រី (ឱក សុគន្ធកញ្ញា) មិនស្គាល់ឪពុកនោះ បន្ទាប់ពីរឿងនេះរាងស្ងប់ស្ងាត់បន្តិច ខណៈឱក សុគន្ធកញ្ញា មិនបានឆ្លើយតបទៅលោកផ្ទាល់នោះ នៅពេលនេះទំនងជាចង់ដៀមដាមឱ្យកូនស្រីដែលលោកថា មិនស្គាល់ឪនោះ លោកឱក បូនី បានលើកឡើងថា លើលោកនេះ គ្មានអាថ៌កំបាំងណាលាក់មនុស្សជិតទេ ទោះបីលាក់មិនឱ្យគេដឹង ក៏ខ្លួនឯងដឹងដែរ។

លោកឱក បូនី បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ថា “លើលោកនេះ គ្មានអាថ៌កំបាំងណាលាក់មនុស្សបានទេ បើគេមិនដឹង ក៏ខ្លួនឯងជាអ្នកដឹងដែរ”។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកឱក បូនី ឪពុកបង្កើតរបស់ តារាចម្រៀងឱក សុគន្ធកញ្ញា បានបង្ហោះ រូបភាពជាច្រើនសន្លឹកជាមួយកូនស្រី ឱក សុគន្ធកញ្ញា និងអតីតប្រពន្ធ (ម្តាយឱក សុគន្ធកញ្ញា) ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោកថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪ នៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ”។

បន្ទាប់ពីរងការចោទប្រកាន់ពីឪពុកបង្កើតថា “កូនមិនស្គាល់ឪ” នោះមក តារាចម្រៀងឱក សុគន្ធកញ្ញា បានបំភ្លឺថា នាងបែកបាក់គ្រួសារតាំងពីនៅក្មេង ហើយនាងត្រូវតស៊ូរៀន រៀនផងមើលថែប្អូនផង ពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេលដែលឪពុកចាកចេញ នាងមានតែម្តាយដែលត្រូវចិញ្ចឹមគ្រួសារទាំងមូល ហើយនៅពេលនោះនាងតែងតែនិយាយប្រាប់ម្តាយថា នាងនឹងរឹងប៉ឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹងពាក់កម្លាំងមនុស្សប្រុស (ឪពុក) ទេ រហូតនាងមានកេរ្តិ៍ឈ្មោះ កិត្តិយសដូចសព្វថ្ងៃ។

ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូដែលនាងបកស្រាយទាំងទឹកភ្នែកពីការតស៊ូពីអតីតកាលរបស់នាងដែលជាកូនកំព្រាឪពុក ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ជាមួយសំណេរថា “អរគុណ Fan MOMMY សម្រាប់វីដេអូមួយនេះ!

ជីវិតមនុស្សម្នាក់ៗតែងតែជួបបញ្ហានិងជួបឧបសគ្គ ប៉ុន្តែសំខាន់ឧបសគ្គនោះត្រូវមានទំហំធំប៉ុនណា ហើយនិងរបៀបណាផ្សេងៗគ្នា… ប៉ុន្តែនៅក្នុងឆាកជីវិតរបស់ខ្ញុំ រឿងដែលបរាជ័យទីមួយ គឺខ្ញុំបែកបាក់គ្រួសារ បែកបាក់ក្រុមគ្រួសារតាំងពីនៅក្មេង ហើយខ្ញុំត្រូវតស៊ូរៀន រៀនផង ត្រូវមើលប្អូនផង ហើយខ្លួនជាស្រីត្រូវពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេលដែលឪពុកខ្ញុំចាកចេញ ខ្ញុំមានតែម្តាយ ហើយគាត់ត្រូវចិញ្ចឹមគ្រួសារទាំងមូល។

នៅពេលនោះ ខ្ញុំតែងតែនិយាយប្រាប់គាត់ថា ខ្ញុំនឹងរឹងប៉ឹង ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹងពាក់កម្លាំងមនុស្សប្រុសទេ។ កូនស្រីម្នាក់នេះនឹងធ្វើជាមនុស្សធំម្នាក់ ហើយពេលនោះខ្ញុំតែងតែគិតថា លុយប្រហែលជាសំខាន់ អ៊ីចឹងខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងរកលុយចិញ្ចឹមគ្រួសារមួយនេះ ដោយកិត្តិយស”។

ជុំវិញអធិករណ៍រវាងឪពុកនិងកូនស្រី ខាងលើនេះ “នគរធំ” មិនអាចសុំយោបល់ការបញ្ជាក់បន្ថែមពីលោកឱក បូនី ជាឪពុកនិងអ្នកនាងឱក សុគន្ធកញ្ញា ជាកូនស្រី បានទេកាលពីម្សិលមិញ។

ទោះជាយ៉ាងណា ជុំវិញការបែកបាក់គ្រួសារ រហូតមានការលើកឡើងថា កូនមិនស្គាល់ឪនេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោកឱក បូនី ជាឪពុកបង្កើតរបស់តារាចម្រៀងឱក សុគន្ធកញ្ញា ធ្លាប់បានបញ្ជាក់ប្រាប់ “នគរធំ” ថា លោកបានបែកបាក់ពីម្តាយឱក សុគន្ធកញ្ញា (អ្នកស្រីអ៊ិន ថាច) តាំងពីឆ្នាំ២០០០ គឺតាំងពីកូនស្រីឱក សុគន្ធកញ្ញា មានអាយុ១២ឆ្នាំ។

ចំពោះមូលហេតុនៃការបែកបាក់នោះ លោកឱក បូនី រំលឹកថា កាលពីឆ្នាំ២០០០ លោកនិងអតីតភរិយា (ម្តាយឱក សុគន្ធកញ្ញា) បានព្រមព្រៀងគ្នាឱ្យលោករៀបការក្លែងក្លាយជាមួយនារីអាណិកជនខ្មែរនៅអូស្ត្រាលី ដើម្បីបានចេញទៅរស់នៅក្រៅប្រទេស ហើយបន្ទាប់មកលោកក៏បានចេញទៅរស់នៅប្រទេសអូស្ត្រាលី រយៈពេល២ឆ្នាំ៧ខែ តែអំឡុងពេលនោះលោកតែងផ្ញើលុយកាក់ឱ្យប្រពន្ធកូនជាបន្តបន្ទាប់។ លុះនៅឆ្នាំ២០០៣ លោកបានវិលត្រឡប់មកស្រុកខ្មែរវិញ ស្រាប់តែប្រពន្ធលោក (ម្តាយឱក សុគន្ធកញ្ញា) បានទាមទារលែងលះលោក ទើបលោកព្រមផ្តិតមេដៃលែងលះទៅ ដោយយល់ព្រមប្រគល់កូនស្រីទាំងពីរឱ្យទៅប្រពន្ធ។

លោកឱក បូនី បន្តថា ក្រោយលែងលះ លោកនៅតែចង់ជួបកូន តែក្រោយមកហាក់ រយាលបន្តិចម្តងៗ ទំនងដោយសារអតីតប្រពន្ធធ្វើមនោគមន៍វិជ្ជា ឱ្យកូនផ្តាច់ទំនាក់ទំនងជាមួយលោកជាឪពុកបង្កើត។

លោកឱក បូនី បញ្ជាក់ថា សូម្បីពេលឱក សុគន្ធកញ្ញា រៀបការ បើកុំតែលោកទូរស័ព្ទសួរ ក៏កូនស្រីមិនអញ្ជើញលោកចូលរួមដែរ តែការចូលរួមនោះ ធ្វើឱ្យលោកមានការខកចិត្តខ្លាំង ដោយដំបូងថា ឱ្យលោកចូលរួមក្នុងនាមជាឪពុក ស្រាប់តែដល់ថ្ងៃការ បែរជាលោកមិនបានធ្វើជាឪពុករបស់កូនក្រមុំឡើយ ធ្វើឱ្យលោកតូចចិត្តមែនទែន ព្រោះថ្ងៃការកូននោះ លោកមិនដឹងថាត្រូវគេចាត់ទុកជាភ្ញៀវ ឬជាស្អីទេ សូម្បីឱកាសទទួលផ្កាស្លាពីកូនស្រីក៏គ្មានផង។

ឪពុកបង្កើតរបស់ឱក សុគន្ធកញ្ញា បន្តទៀតថា ទោះជាយ៉ាងណា លោកមិនប្រកាន់ខឹងកូនស្រីទេ ដោយយល់ថា អ្វីៗស្ថិតនៅលើការរៀបចំរបស់ម្តាយនាង។ លោកត្រេកអរដែលឃើញកូនមានសេចក្តីសុខ ហើយលោកតែងតែចង់ដឹងពីសុខទុក្ខកូនស្រី លោកមិនចង់បានអ្វីពីកូនស្រីទេ ចង់បានត្រឹមកូនស្គាល់ឪ ចេះសួរសុខទុក្ខឪខ្លះផង តែកូនស្រីហាក់ធ្វើជាមិនស្គាល់ឪ សូម្បីទូរស័ព្ទក៏មិនដែលឃើញរោទ៍ម្តងសោះ ស្ងាត់ឈឹងតែម្តង ទើបលោកបង្ហោះសំណេរខ្លីតាមហ្វេសប៊ុកថា “ទោះជាកូនមិនស្គាល់ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ” បែបនេះ៕

RELATED ARTICLES