Saturday, April 27, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត រយៈពេល១ឆ្នាំ អាចយកតំណែងព្រាប សុវត្ថិ បានឬអត់?

ខេមរៈ សិរីមន្ត រយៈពេល១ឆ្នាំ អាចយកតំណែងព្រាប សុវត្ថិ បានឬអត់?

ខេមរៈ សិរីមន្ដ ខេមរៈ សិរីមន្ដ មានការប្រកួតប្រជែងទីផ្សារចម្រៀងជាមួយលោកព្រាប សុវត្ថិ យ៉ាងស្វិតស្វាញ នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ប៉ុន្ដែសិរីមន្ដ តែងតែចាញ់ប្រៀបព្រាប សុវត្ថិ រហូតដូចជាកាលអំឡុងដែលរូបគេច្រៀងនៅសាន់ដេ ត្រូវបានគេលើកឡើងថា សិរីមន្ដ មិនអាចឈ្នះព្រាប សុវត្ថិ ព្រោះតែសិរីមន្ត នៅផលិតកម្មតូចជាងហង្សមាស។

ប៉ុន្ដែពេលដែលខេមរៈ សិរីមន្ដ ទៅដល់ហង្សមាស ក៏ត្រូវបានគេថា មិនអាចតទល់ជាមួយព្រាប សុវ​ត្ថិ បានដដែល ព្រោះលោកសុវត្ថិ ល្បីល្បាញនៅហង្សមាស ២៣ឆ្នាំទៅហើយ គឺជាតួឯករបស់ហង្សមាស អីចឹងផលិតកម្មនេះមិនលើកតារាណាជាងតារារបស់ខ្លួននោះទេ។

ប៉ុន្តែចាប់តាំងពីព្រាប សុវត្ថិ ដើរចេញពីហង្សមាស និងបានទៅចូលរួមជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មក ធ្វើឲ្យមហាជនខ្លះលើកឡើងថា លោកខេមរៈ សិរីមន្ត នឹងជិះសេះលែងដៃ ខ្លះទៀតថា ឡើងធ្វើស្ដេចត្រាញ់នៅហង្សមាស ជាដើម​ព្រោះថា មានតែអ្នកចម្រៀងរូបនេះទេ ដែលមានគីឡូខ្ពស់ជាងគេក្នុងការទៅជំនួសព្រាប សុវត្ថិ ដែលចាកចេញ។

អ្នកជំនាញសិល្បៈ មានដូចជា លោកនូ ស៊ិប , ម៉ិញ សុធីវណ្ណ និងលោកគង់ វិសាល ជាដើម បាននិយាយស្រដៀងគ្នាថា មិនហ៊ានធ្វើអត្ថាធិប្បាយលើរឿងនេះទេ ព្រោះមិនដឹងថា ហង្សមាស មានគោលការណ៍លើកអ្នកណាទៀត ពេលអត់ពីព្រាប សុវត្ថិ នេះ ព្រោះផលិតកម្មនីមួយៗមានផែនការរៀងៗខ្លួន។

យ៉ាងណាមហាជនបានមើលឃើញច្បាស់ថា គ្រាន់តែព្រាប សុវត្ថិ ដើរចេញភ្លាម ហង្សមាស បានលើកខេមរៈ សិរីមន្ដ ធ្វើជាតួឯកភ្លាមនោះ គឺចេញបទចម្រៀងទាក់ទងបុណ្យភ្ជុំបិណ្ឌបន្តកន្ទុយគ្នា មានដូចជាបទ ”ជូនម៉ែ១លានខែភ្ជុំ” , ”គុណពុកគុណម៉ែ” និងបទឆ្លងឆ្លើយជាមួយឱក សុគន្ធកញ្ញា “ភ្ជុំបិណ្ឌដល់ហើយ” ខណៈដែលព្រាប សុវត្ថិ មានតែ១បទប៉ុណ្ណោះ តដៃជាមួយខេមរៈ សិរីមន្ដ នោះគឺបទ ”ខែភ្ជុំជ្រូកយំពេញទ្រុង”។

អ្នកជំនាញធ្វើភ្លេង (Music Composer) ម្នាក់ បាននិយាយដោយមិនឲ្យដាក់ឈ្មោះថា យ៉ាងហោចណាស់ត្រូវការពេលវេលា៣ខែ ទៅ១ឆ្នាំ ទើបអាចមើលដឹងថា ខេមរៈ សិរីមន្ដ អាចយកតំណែងព្រាប សុវត្ថិ​ បានឬអត់ ព្រោះថា ពេលនេះ ព្រាប សុវត្ថិ ទើបចេញអីចឹងមើលមិនទាន់ដឹងទេ ប៉ុន្ដែហង្សមាស ចាប់ផ្ដើមលើកខេមរៈ សិរីមន្ដ ហើយដែលតាមលោកសន្និដ្ឋាន គឺទាំង MV របស់សិរីមន្ដ ផង ចាប់ពីបទក្រោយៗទៅ ដឹងតែមានការសម្រិតសម្រាំងជាងមុនហើយ ព្រោះកុំឲ្យចាញ់ Galaxy។

លោកបន្តថា ប្រសិនបើព្រាប សុវត្ថិ ដើរចេញពីហង្សមាស ហើយខេមរៈ សិរីមន្ដ មិនទាន់មកហង្សមាស វិញ គឺហង្សមាស ដឹងតែរងាតែម្ដង តែពេលនេះមានសិរីមន្ដ នៅទប់ទល់ គឺអាចប្រជែងជាមួយព្រាប សុវត្ថិ បាន ហើយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។

ខេមរៈ សិរីមន្ដ ចាប់ផ្ដើមងាកមកចាប់ដៃគូជាមួយឱក សុគន្ធកញ្ញា ដែលទើបរឹងដៃរឹងជើងក្រោយសម្រាលកូន ហើយគ្រប់គ្នាសន្និដ្ឋានបានថា តារាទាំង២ នឹងត្រូវផលិតកម្មនេះលើកឲ្យធ្វើជាតួឯកតែម្ដង។

ដោយឡែក ព្រាប សុវត្ថិ វិញ មិនទាន់រកបានដៃគូចម្រៀងស្រីណាដែលស័ក្តិសមជាមួយលោក ក្នុងការធ្វើជាដៃគូឆ្លងឆ្លើយនៅផលិតកម្មថ្មីនេះឡើយ។

មជ្ឈដ្ឋានមហាជនកំពុងរង់ចាំមើលថា តើព្រាប សុវត្ថិ ដែលធ្លាប់គ្រងតំណែងជាតារាឈានមុខគេនៅហង្សមាស ២៣ឆ្នាំ(១៩៩៧-២០២០) មកហើយនោះ ចាប់ពីពេលនេះតទៅ កៅអីរបស់លោកនឹងត្រូវបានខេមរៈ សិរីមន្ដ ឡើងអង្គុយបានដែរឬទេ?៕

RELATED ARTICLES