Saturday, April 27, 2024
Homeតារាខ្មែរនី មុនីនាថ មិនទាន់ហ៊ានបណ្ដើរសង្សារថ្មី

នី មុនីនាថ មិនទាន់ហ៊ានបណ្ដើរសង្សារថ្មី

មុននេះ តារាទឹកភ្នែកនី មុនីនាថ បានប្រកាសជាសាធារណៈថា នាងមានម្ចាស់ចិត្តថ្មីហើយ ដែលអនាគតស្វាមីរបស់នាង គឺជាអាណិកជនខ្មែរ រស់នៅប្រទេសអូស្រា្ដលី ម្នាក់ ដែលពូកែរកស៊ីចេញចូលៗមកស្រុកខ្មែរ។

ប៉ុន្ដែក្រោយអះអាងថា ពេលនេះបេះដូងនាងមិនមែននៅទំនេរនោះ នី មុនីនាថ បែរជាមិនហ៊ានបណ្ដើរសង្សារថ្មីជាសាធារណៈដូចគូស្នេហ៍តារាដទៃទៀតឡើយ បើទោះជាពេលនេះប្រុសអូស្រ្ដាលី នោះ កំពុងតែរស់នៅស្រុកខ្មែរក្ដី។ ដូចជា ពេលថ្មីៗនេះ នាងទៅចូលរួមខួបកំណើតកូនប្រុសលី ម៉ារីណា ហើយនៅពេលមិត្តរួមអាជីពសួរថា ម៉េចបានមិនយកសង្សារមកជាមួយផង នាងបានត្រឹមតែគ្រវីក្បាលប៉ុណ្ណោះ មិនឆ្លើយពីចម្ងល់នេះតបទៅម្ចាស់សំណួរឡើយ។

នី មុនីនាថ បានរងភាពអាម៉ាសក្រោយត្រូវអតីតគូដណ្ដឹងអាណិកជនខ្មែរ មកពីអាមេរិក លោកអ៊ុង សូឡាង ប្ដឹងទារជំងឺចិត្តនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ដោយចោទថា នាងបោកទាំងចិត្តនិងលុយរបស់គេ។ ប៉ុន្ដែសំណុំរឿងនេះបែរជាប់គាំង និងស្ងប់ស្ងាត់ទៅវិញ ខណៈលោកសូឡាង បង្ហាញក្ដីអស់សង្ឃឹមក្នុងការទទួលបានយុត្តិធម៌ ព្រោះលោកឮថា មានអ្នកធំជួយអន្ដរាគមន៍មុនីនាថ។

យ៉ាងណា ទាំងមុនីនាថ និងម្ដាយនាង អ្នកស្រីឌី សុភាលី បានច្រានចោលដំណឹងនេះ ស្របពេលដែលតារាទឹកភ្នែកស្ងប់ស្ងាត់អាជីពសិល្បៈជាងមុន ប៉ុន្តែនាងបែរជាកើនទ្រព្យដោយរហ័សទៅវិញ ដូចជា មុននាងទិញផ្ទះវីឡាស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីជីពម៉ុង លែនទី១ ហើយនាងបានផ្លាស់ប្ដូររថយន្ដជាបន្ដបន្ទាប់ទៀតផង។

ទាក់ទងរឿងដឹកដៃគូស្នេហ៍ថ្មីចូលរោងការវិញ មុនីនាថ មិនទាន់កំណត់ថ្ងៃនាងក្រាបផ្ទឹមឡើយ បើទោះជានាងថា ពេលនេះចាស់ទុំទាំងសងខាងដឹងឮអស់ទៅហើយក្ដី៕

RELATED ARTICLES