Saturday, April 27, 2024
Homeតារាខ្មែរពេជ្រ សោភា ផលិតកម្ម Galaxy កំពុងទាក់ទង ហើយត្រៀមចំណាយលុយដល់ទៅកន្លះលាន

ពេជ្រ សោភា ផលិតកម្ម Galaxy កំពុងទាក់ទង ហើយត្រៀមចំណាយលុយដល់ទៅកន្លះលាន

លុយ ឡាន និងវីឡា នឹងក្លាយទៅជាកម្មសិទ្ធិរបស់តារាចម្រៀងពេជ្រ សោភា ភ្លាម ឲ្យតែនាងព្រមដើរចេញពីផលិតកម្មរស្មីហង្សមាស ទៅចូលរួមជាមួយផលិតកម្មថ្មីមួយ ដែលកំពុងតែអុកឡុកទីផ្សារចម្រៀង។

តាមព័ត៌មានថា ដោយសារតែពេជ្រ សោភា ចេះធ្វើភ្លេង និងសរសេរប៉ារ៉ូលចម្រៀងដោយខ្លួនឯងនោះ ទើបមេធំផលិតកម្មមួយ តាមទិញនាងយកទៅពង្រឹងផលិតកម្មរបស់លោក ដោយហ៊ានជះលុយរហូតដល់ទៅកញ្ចប់កន្លះលានដុល្លារ ($500000) ឯណោះ ដែលតម្លៃខ្លួនខ្ពស់បែបនេះ មិនធ្លាប់មានឡើយសម្រាប់តារាចម្រៀងនៅស្រុកខ្មែរ ក្នុងការផ្លាស់ប្ដូរផលិតកម្ម។

ទោះជាយ៉ាងណា សោភា ជាគោលដៅរបស់មេធំផលិតកម្មមួយនោះទៅវិញ ហើយមិនមែនតែរូបនាងនោះទេ គឺនៅមានគ្រូភ្លេងល្បីឈ្មោះម្នាក់ទៀត ដែលទើបចាប់ដៃនាងរ៉េបក្នុងបទចម្រៀងថ្មីនោះ គឺលោកមាស សុគន្ធ ហៅគ្រូអ៊ួយ ក៏ជាមុខសញ្ញានៃការចង់បានរបស់ផលិតកម្មដែលមានលុយរាប់លានដុល្លារ កំពុងតែប្រជែងជាមួយហង្សមាស នេះដែរ។

ក្នុងជំនួបជាមួយពេជ្រ សោភា តាមទូរស័ព្ទ តារាចម្រៀងដែលជ្រកកោននៅផលិតកម្មរស្មីហង្សមាស ជាង១៥ឆ្នាំរូបនេះ បានសារភាពថា នាងពិតជាធ្លាប់ត្រូវបានផលិតកម្មមួយទាក់ទងមែន។ នាងថា គេអាចនឹងជូនរបស់ទាំងឡាយដូចការលេចឮមែនសម្រាប់រូបនាង ប៉ុន្ដែនាងសូមមិននិយាយពីឈ្មោះផលិតកម្មនោះទេ។

សោភា បន្តថា គេចង់លើកទឹកចិត្តនាងឲ្យទៅចូលរួមធ្វើការជាមួយគេ ប៉ុន្ដែរហូតមកដល់ពេលនេះ នាងមិនទាន់សម្រេចចិត្តនៅឡើយ ព្រោះជាភាពតានតឹងមួយក្នុងការគិតឲ្យបានច្បាស់លាស់ ដោយសារតែនាងច្រៀងនៅហង្សមាស ច្រើនឆ្នាំមកហើយ។

តារាចម្រៀងហង្សមាស រូបនេះ និយាយដោយសា្រលៗថា ”ខ្ញុំមិនទាន់ដឹងទេ រឿងហ្នឹង។ ខ្ញុំនៅតែជាអ្នកចម្រៀងហង្សមាស ទេ។ រឿងគេទាក់ទង តាមទិញហ្នឹង មានមែនតើ! ខ្ញុំមិនអាចនិយាយច្រើនរឿងហ្នឹងបានទេ ចាំមើលទៅមុខទៀតសិន ព្រោះអីពេលហ្នឹង ខ្ញុំនៅធ្វើការហង្សមាស ទេ ហើយត្រៀមចេញបទចម្រៀងមួយចំនួន ក្រោយស្ងាត់កូវីដ-១៩”។

មុនធ្លាយរឿងថៅកែធំតាមទិញនេះ ពេជ្រ សោភា មានដំណឹងថា នាងនឹងទៅចូលរួមជាមួយលោកព្រាប សុវត្ថិ ចាប់ដៃគូគ្នាសាជាថ្មីនៅផលិតកម្ម Galaxy ព្រោះសោភា អាកអន់ស្រពនចិត្ត ជាមួយហង្សមាស ដោយសារតែពេញមួយរដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ គ្មានបទចម្រៀងនាងចេញបាន១បទសោះ គឺមានតែបទខេមរៈ សិរីមន្ដ ចេញបុកគ្នាជាមួយអតីតតារាចម្រៀងហង្សមាស លោកព្រាប សុវត្ថិ។

ប៉ុន្ដែសោភា អះអាងថា នាងមិនចេញបទភ្ជុំ ព្រោះឆ្នាំហ្នឹងនាងមិនចង់ចេញ ហើយរឿងនេះ ថ្នាក់ដឹកនាំហង្សមាស ក៏បានសួរនាងដែរថា ចង់ចេញបទចម្រៀងអត់ខែភ្ជុំហ្នឹង នាងឆ្លើយតបវិញថា អត់ចង់ទេ។

សោភា បន្ថែមថា ចំពោះការចង់ចេញទៅច្រៀងនៅផលិតកម្មជាមួយលោកព្រាប សុវត្ថិ នោះ ដោយសារតែកន្លងមកនាងធ្លាប់ច្រៀងជាដៃគូជាច្រើបបទ ជាមួយកំពូលតារាចម្រៀងរូបនេះ ហេតុនេះហើយបានជាគេម៉ៃថា នឹងទៅតាមគាត់អីចឹងទៅ ហើយរឿងនេះនាងមិនអាចហាមឃាត់អ្នកនិយាយបានទេ។ នាងថា ការដែលនាងមានកេរ្ដិ៍ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ គឺមួយផ្នែកបានមកពីការតោងកាលីពលោកព្រាប សុវត្ថិ តែម្ដង អីចឹងពេលគាត់ទៅច្រៀងនៅផលិតកម្មផ្សេង នាងមានតែពាក្យជូនពរសូមឲ្យគាត់កាន់តែជោគជ័យថែមទៀត។

ថ្វីត្បិតតែពេជ្រ សោភា ថា នឹងបន្ដរួមរស់ជាមួយផលិតកម្មហង្សមាស មែន ប៉ុន្ដែនាងក៏សារភាពថា ពេលខ្លះអាជីពសិល្បៈ គឺធ្វើទៅតាមពេលវេលា។

ដោយឡែក ទាក់ទងរឿងស្នេហាជាមួយប្រុសរូបសង្ហា ឆឹម សក្កដា វិញ សោភា ថា ចាស់ទុំទាំងសងខាងបានដឹងឮអស់ហើយ តែនាងមិនចង់រៀបការលើកទី២ទេ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES