Saturday, April 27, 2024
Homeតារាខ្មែរលោកព្រាប សុវ​ត្ថិ ហ៊ានលើកភរិយាដែរឬទេ?

លោកព្រាប សុវ​ត្ថិ ហ៊ានលើកភរិយាដែរឬទេ?

ព្រាប សុវត្ថិ ទោះជាកូនប្រុសទាំង៣ ពេញកំលោះឡើងស្រាងអស់ទៅហើយក្ដី ប៉ុន្ដែលោកនៅតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយភរិយា អ្នកស្រីឡុង ស្រីមុំ ដូចគូស្នេហ៍យុវវ័យដែរ នៅតាមបណ្ដាញសង្គម Facebook និង Tik Tok ។

ទោះជាយ៉ាងណា តារាចម្រៀង Galaxy រូបនេះ មិនទាន់រុញភរិយា លោកអ្នកស្រីឡុង ស្រីមុំ ឲ្យក្លាយទៅជាអ្នកដឹកនាំសម្ដែង MV ដូចតារាចម្រៀងខេមរៈ សិរីមន្ដ ដែលឲ្យប្រពន្ធលោក អ្នកនាងកុយ ផល្លី ដឹកនាំសម្ដែងបទផ្ទាល់ខ្លួន ”I’m Not The Gang “ ផ្អើលកាលពីពេលថ្មីៗនេះ រហូតធ្វើឲ្យអ្នកនាងផល្លី រំភើបពេក ទិញរថយន្ដទំនើប Rolls Royce ១គ្រឿងឲ្យសិរីមន្ដ ជិះទៀតផង។

លោកព្រាប សុវត្ថិ និងភរិយា

ប៉ុន្ដែគេចាំបានថា ព្រាប សុវត្ថិ ធ្លាប់ឲ្យប្រពន្ធថត MV បទចម្រៀងផ្ទាល់ខ្លួនរបស់លោកនៅហង្សមាស កាលពីជាង១០ឆ្នាំមុនផងដែរ។

គួរកត់សម្គាល់ថា លោកព្រាប សុវត្ថិ បានរៀបការជាមួយអ្នកនាងឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ដែលពេលនេះចំណងស្នេហាមានរយៈពេល២៣ឆ្នាំ ទទួលបានចំណងដៃកូនប្រុស៣នាក់ គឺកូនទី១. សុវត្ថិ មុនីវណ្ណ, ទី២. សុវត្ថិ មុនីនាគ និងកូនទី៣. សុវត្ថិ សិរីវុឌ្ឍ ។

កំពូលតារាចម្រៀងរូបនេះមិនដែលលាក់ប្រពន្ធកូនឡើយ ហើយលោកបានក្លាយទៅជាតារាចម្រៀងល្បីបានយូរជាងគេនៅយុគសម័យថ្មីនេះ ពោលគឺរយៈពេលជាង២០ឆ្នាំ ដោយមិនទាន់មានតារាណាអាចផ្ដួលបានឡើយ។

អ្នកជំនិតព្រាប សុវត្ថិ បានបញ្ចេញសារថា ព្រាប សុវត្ថិ មានទ្រព្យ៣០លានដុល្លារ ហើយបទចម្រៀងរបស់លោកថតនៅហង្សមាស ទាំងអស់ បានជាង៣០០០បទ មុនទៅ Galaxy កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

ចំណែកខេមរៈ សិរីមន្ដ វិញអះអាងថា​ បានរៀបការជាមួយអ្នកស្រីកុយ ផល្លី កាលពីឆ្នាំ២០០៩ តែគ្មានភស្ដុតាងបង្ហាញមហាជនឡើយ​ ក្រោយលោកសិរីមន្ដ ព្យាយាមលាក់ប្រពន្ធកូនជាង១០ឆ្នាំ។ ចំណងស្នេហាសិរីមន្ដ និងអ្នកស្រីផល្លី តាំងពីឆ្នាំ២០០៤ ពោលគឺរយៈពេល១៦ឆ្នាំទៅហើយនោះ អ្នកទាំង២ ទទួលបានកូន៣នាក់ គឺកូនប្រុសទី១ . ឈ្មោះខេមរៈ មន្ដស្នេហ៍, កូនស្រីទី២. ឈ្មោះខេមរៈ ស្រ្ដី និងកូនស្រីទី៣. ឈ្មោះថុន ខេមរៈមន្ដ រាជនីយ៍ ។

លោកខេម ប៊ុន ថៃ ហៅខេមរៈ សិរីមន្ដ ត្រូវបានគេរំពឹងថា ជាតារាចម្រៀងតែម្នាក់គត់នៅហង្សមាស ដែលអាចទៅជំនួសតំណែងលោកព្រាប សុវត្ថិ បានក្រោយសិរីមន្ដ ល្បីបទ ”ពឺតៗ” វ៉ាដាច់អស់តារាទាំងឡាយនៅហង្សមាស នោះ។

ប៉ុន្តែអ្នកជំនាញសិល្បៈបានលើកឡើងថា ការដែលលោកសិរីមន្ត ផ្ទុះ១បទនោះ មិនទាន់អាចវ៉ាព្រាប សុវត្ថិ បានទេ គឺទាល់តែរង់ចាំរយៈពេល១ឆ្នាំពេញ ពោលគឺនៅខែធ្នូ ឆ្នាំ២០២១ ទើបគ្រប់គ្នាដឹងថា តើខេមរៈ សិរីមន្ដ និងព្រាប សុវត្ថិ ពេលច្រៀងនៅផលិតកម្មផ្សេងគ្នាបែបនេះ១ណាខ្លាំងជាង?

លោកខេមរៈ សិរីមន្ត និងភរិយា

បើទោះជាព្រាប សុវត្ថិ មិនទាន់បង្ហាញស្នាដៃភរិយាលោក ក្នុងការឈានទៅដឹកនាំ MV ដូចភរិយាខេមរៈ សិរីមន្ដ ក្ដី ប៉ុន្ដែកន្លងមក គេឃើញថា អ្នកស្រីឡុង ស្រីមុំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការច្នៃម៉ូដសម្លៀកបំពាក់ឲ្យស្វាមីក្នុងការច្រៀងសម្ដែង ព្រមទាំងអប់រំកូនទាំង៣ បានល្អទៀតផង។

ដោយឡែក ខេមរៈ សិរីមន្ដ វិញ ពេលនេះមហាជនរង់ចាំមើលថា ក្រោយត្រូវភរិយាទិញរថយន្ដទំនើប Rolls Royce ឲ្យជិះផ្អើលមេឃមក លោកសិរីមន្ត ហ៊ានធ្វើឲ្យប្រពន្ធសប្បាយចិត្ត តាមរយៈការដឹកដៃភរិយារៀបការជាចំហដែរឬទេ?

                                                                                                ហ៊ឹម វិចិត្រ

RELATED ARTICLES