មន្ត្រីអាក្រក់

0
76

ដោយ អាចារ្យថាំ

ព្រះភិក្ខុ ធម្មបាលោ ខៀវ ជុំ បានទុកព្រះមរតកសាសន៍ថា “មន្ត្រីអាក្រក់ម្នាក់ គ្រោះថ្នាក់ជាងចោរ ១០០នាក់” ពិតជាមិនខុសទេ ដែលជាមេរោគស៊ីរូងផ្ទៃក្នុង មិនអាចទុកបាន។

ករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកតំណែងមន្ត្រីក្នុងជួររាជរដ្ឋាភិបាល ជាបន្តបន្ទាប់នោះ ព្រោះរកឃើញភ័ស្តុតាងច្បាស់ថា ជាប្រភេទ “មន្ត្រីអាក្រក់” ធ្វើអ្វីមិនច្រឡំនឹងគេ ទុកក៏មិនចំណេញ ដកចេញក៏មិនខាត។

ត្រឹមតែខែកក្កដានេះ ឃើញដកបញ្ឈរជើងមន្ត្រីម្នាក់ មានឋានៈជាអភិបាលរង ខេត្តកំពត ពីបទ “ដាច់លុយពេក ក៏យកឡានរដ្ឋទៅបញ្ចាំថោកៗ” ឱ្យមកលត់- ដំនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ប៉ុន្មានថ្ងៃមុន សម្តេច បានដករដ្ឋលេខាធិការម្នាក់ ឱ្យក្លាយជាមន្ត្រីសាមញ្ញ ពីបទ “និយាយដើមខ្មោចដែលរងគ្រោះ ដោយកូវីដ-១៩”។ នៅសល់មន្ត្រីអាក្រក់មិនតិចទេ ដែលត្រូវកូនចៅស្អប់ខ្ពើម ព្រោះតែលោក ធំនោះ ជាមនុស្សអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន អត់ខ្វល់ពីបញ្ហាជាតិ ប៉ុន្តែ កូនចៅទាំងនោះ ខ្លាចមេពេក ក៏ធ្វើថ្លង់ ធ្វើគ លេបថ្មលេបក្រួសអ៊ីចឹងទៅ។

ពីមុន CPP មិនសូវហ៊ានដកមន្ត្រីអាក្រក់ ខិលខូចចេញទេ ដោយខ្លាចបាត់បង់ កម្លាំងគាំទ្រ ឬខ្លាចមន្ត្រីដែលដកនោះ ទៅចុះចូលបក្សប្រឆាំង ដែលកំពុងមាន កម្លាំងប្រដមប្រសង CPP។ លុះដល់បក្ស CNRP ត្រូវរំលាយចាប់លោកកឹម សុខា ដាក់គុកត្រពាំងផ្លុង និងឱ្យនៅតែក្នុងផ្ទះ ជាង៣ឆ្នាំ ខណៈដែលមេប្រឆាំង ធំជាងគេ បោលទៅដល់ស្រុកបារាំង នោះ CPP លែងខ្លាចពួកមន្ត្រីអាក្រក់ទៀត ហើយ។ បើរកឃើញថា មន្ត្រីណាខូច ត្រូវតែដកតំណែង បញ្ឈរជើង ឱ្យរាងចាល បើប្រព្រឹត្តល្មើសច្បាប់ ត្រូវតែរុញចូលរង្វង់ក្រចកសេះ។

អភិក្រម៥ “ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់” ដល់ពេលហើយ អត់ច្រិមច្រុមបានទៀតទេ បើក្រសួងស្ថាប័នណាមានមន្ត្រីអាក្រក់ ប៉ុន្តែ កូនចៅ សំងំដូចកណ្តុរខ្លាចឆ្មា ទាល់តែប្រជាពលរដ្ឋនាំគ្នាចង្អុលមុខទើបបាន។ ករណី សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកូកប្រកាសឱ្យ រាស្ត្រ រាយការណ៍ជូនសម្តេចតាមទំព័រហ្វេសប៊ុក របស់សម្តេច នោះ “ជារឿងល្អ បំផុត”។

គ្រាន់តែប្រកាសបានប៉ុន្មានថ្ងៃ ឃើញអ្នករាយការណ៍រាប់រយនាក់ទៅហើយ ដែលភាគច្រើននិយាយពីការរំលោភយកដីធ្លីពីសំណាក់មន្ត្រីអាក្រក់។ អ្វីដែល CPP ប្រយ័ត្នបំផុត គឺប្រភេទមន្ត្រីធ្វើការតែមួយកន្លែង រាប់សិបឆ្នាំ “គួរពិនិត្យ កៅអីគាត់ផង ក្រែងដុះស្នឹមក្អែល” សូមជួយយកកៅអីនោះទៅដុសលាងក្អែល ឱ្យស្អាតផង។ មិនកាន់ក្អែល ឯណាបាន? បើកៅអីគាត់ អង្គុយព្រឹក-ល្ងាច ចេញ ញើសក្អែល ផោមប្រឡាក់ស្អុយ សូម្បីតែកៅអីមន្ត្រីកីឡាប្រដាល់ ក៏ដុះស្នឹមក្អែល យ៉ាងក្រាស់ឃ្មឹក។

មន្ត្រីកីឡាប្រដាល់ខ្លះ ធ្វើការរាប់សិបឆ្នាំហើយ បង្កើតឱ្យមានបក្ខពួកអយុត្តិធម៌ សង្គម ដូចប៉ុន្មានថ្ងៃមុន ឃើញសម្តេច បញ្ចោញប្រតិកម្មធ្ងន់ៗពាក់ព័ន្ធដល់កីឡាករ ម្នាក់ ខឹងដាល់មិនឈ្នះគេ ក៏ចាប់គេបោកដូចកង្កែប ខុសច្បាប់ប្រដាល់ ប៉ុន្តែអាជ្ញា- កណ្តាល និងមន្ត្រីប្រដាល់ មិនដាក់ទណ្ឌកម្មអ្នកបោកគេនោះ។ លុះដល់សម្តេច កិន ប៉ោចៗ ទើបមន្ត្រីទាំងនោះ ស្ទុះជើងបីជើងបួន ភ្នែកនៅលើថ្ងាស ប្រកូកប្រកាស ឱ្យអ្នកសន្លប់ ជាអ្នកឈ្នះ។

ដូច្នេះបើប្រទេសណា សង្គមណា សម្បូរតែមន្ត្រីអាក្រក់ ធ្វើការរាប់សិបឆ្នាំ តែកន្លែងដដែលអត់ស្រួលទេ។ ពីដើមតំណែងមន្ត្រីឃើញផ្លាស់ប្តូរជានិច្ច ដូចចៅ- ហ្វាយស្រុក ចៅហ្វាយខេត្ត រដ្ឋមន្ត្រី ផ្លាស់ពីខេត្តមួយ ទៅខេត្តមួយ ពីក្រសួងមួយ ទៅក្រសួងមួយ តែឥឡូវអត់សូវឃើញដូរជើងគ្នាទេ ជាហេតុនាំឱ្យកៅអីដុះស្នឹម។

ហេតុនេះ CPP ឈប់បារម្ភពីរឿងថា កាលណាដកមន្ត្រីខ្លួន នាំឱ្យមន្ត្រីអាក្រក់ អន់ចិត្ត ទៅចុះចូលបក្សប្រឆាំងទៀតទៅ។ នៅកម្ពុជា អស់បក្សប្រឆាំង ខ្លាំងហើយ នៅសល់តែបក្សរាយរងបង្កើតថ្មីនោះ គ្មានមន្ត្រីណាល្ងង់ទៅចុះចូលនោះទេ។ ដូច្នេះ CPP ត្រូវតែបោសសម្អាតឱ្យអស់បណ្តាមន្ត្រីអាក្រក់ ដើម្បីថ្នមចិត្តរាស្ត្រ វិញល្អជាង…”៕