កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ៖ ក្រុមហ៊ុនមិត្ដហ្វូន និងសម្ព័ន្ធ Viettel Group បានរៀបចំព្រឹត្ដិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track 2019 ក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមសង់ ស៊ីណាវ៉ុង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ចំពោះវត្ដមានចូលរួមជាគណៈវិនិច្ឆ័យជាមួយក្រុមនាយកប្រតិបត្ដិក្រុមហ៊ុន និង StartUps លំដាប់ពិភពលោកជាច្រើនទៀត រួមមាន លោក Nguyen Manh Dzung នាយកប្រតិបត្ដិនៃក្រុមហ៊ុនផ្សព្វផ្សាយ CyberAgent ក្នុងប្រទេសវៀតណាម និងថៃ , លោក Michael McCarthy សាស្ដ្រាចា្យសាកលវិទ្យាល័យ Harvard Extension School និងលោក Gene Soo សហស្ថាបនិក StartupsHK។
វគ្គផ្ដាច់ព្រ័ត្រគឺជាការប្រកួតរវាងក្រុមឆ្នើមចំនួន១០ ដែលត្រូវបានសម្រាំងចេញពីបេក្ខភាពជាង២០០ ដើម្បីដណ្ដើមជ័យលាភីចំណាត់ថ្នាក់ពី១ដល់៣ ជាមួយប្រាក់រង្វាន់សរុបជាង៧៥០០ដុល្លារ។
ពានដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ក្រុមម្ចាស់ជ័យលាភីទាំង៣ គឺការកក់កៅអីទៅចូលរួមប្រកួតវគ្គចុងក្រោយនៃព្រឹត្ដិការណ៍ Viet Challenge នៅសហរដ្ឋអាមេរិក ដែលត្រូវបានឧបត្ថម្ភទាំងស្រុងដោយសម្ព័ន្ធ Viettel Group និងមានឱកាសឈ្នះប្រាក់រង្វាន់៥ម៉ឺនដុល្លារ ព្រមទាំងត្រូវបានទទួលយកនូវគំនិតវិនិយោគរបស់ពួកគេដោយក្រុមហ៊ុន American Funds លើការបង្កើត StartUps ថ្មីផងដែរ។
LaundryKH គឺជាក្រុមតំណាងពីកម្ពុជាតែមួយគត់ដែលបានចូលរួមការប្រកួតនេះ ក្នុងចំណោមក្រុមឆ្នើមទាំង៩ផ្សេងទៀត។ គំនិតផ្ដួចផ្ដើមក្នុងការប្រកួតរបស់ពួកគេផ្ដោតទៅលើទូរគមនាគមន៍ អប់រំ ឧបករណ៍ផ្សារភ្ជាប់បច្ចេកវិទ្យាអ៊ីនធើរណិត (IoT) ពាណិជ្ជកម្មអេឡិចត្រូនិក និងឡូជីស្ទីក ដែលរួមមាន Graam, VVN, Appa, Vuihoc, MultiGlass, TiMobile, Ipfication និង Innova Solutions។
ក្រៅពីក្រុមឆ្នើមទាំង១០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ អ្នករៀបចំព្រឹត្ដិការណ៍ VAS Track កំពុងដំណើរការចុះកិច្ចសន្យាលើគំនិតវិនិយោគសក្ដានុពលជាង២០ទៀត ក្នុងលក្ខខណ្ឌចែករំលែកប្រាក់ចំណេញពី៤៥រហូតដល់៧៥ភាគរយ សម្រាប់ឆ្នាំ២០១៩នេះ។
លោក Phung Van Cuong នាយកប្រតិបត្ដិក្រុមហ៊ុនមិត្ដហ្វូន បានមានប្រសាសន៍ថា “ព្រឹត្ដិការណ៍ VAS Track ឆ្នាំ២០១៩ នេះ គឺជាការប្រកួតអន្ដរជាតិដ៏ធំមួយដែលប្រមូលផ្ដុំនូវគំនិតបច្ចេកវិទ្យាល្អៗបំផុតក្នុងពិភពលោក។ មិត្ដហ្វូន កំពុងស្វែងរកឱកាសសហការជាមួយ StartUps នានាក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាលប្រទេសដទៃជុំវិញពិភពលោក ដោយសារមិត្ដហ្វូន កំណត់ខ្លួនឯងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខ ដែលតែងតែបើកទ្វារទទួលយកគំនិតថ្មីៗ និងអនុវត្ដវាជាក់ស្ដែង។ យើងចង់រួមចំណែកអភិវឌ្ឍសង្គមឌីជីថលក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត”។
ក្រោមពាក្យស្លោក “បង្កើតការពិតថ្មីមួយ” ការប្រកួតនេះគឺជាឱកាសដ៏យុត្ដិធម៌សម្រាប់ StartUps ជាតិ និងអន្ដរជាតិជាមួយការព្យាយាមស្វែងរកដំណោះស្រាយដ៏ឈ្លាសវៃក្នុងវិស័យទូរគមនាគមន៍ដើម្បីបង្កើតផលិតផល និងសេវាកម្មប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ការប្រកួតនេះក៏ជាការជឿជាក់យ៉ាងមុតមាំរបស់មិត្ដហ្វូន ក្នុងការគាំទ្រ StartUps នៅកម្ពុជា និងជុំវិញពិភពលោក។
សម្រាប់ពត៌មានលម្អិតអំពីព្រឹត្ដិការណ៍ការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track ឆ្នាំ២០១៩ សុំចូលទៅកាន់វេបសាយ http://vas.viettel.vn./។