Monday, November 25, 2024
Homeនយោបាយជិន សុខង៉េង សុខចិត្តរំសាយមង្គលការ មិនបោះបង់ជំហរគាំទ្រលោកសម រង្ស៊ី

ជិន សុខង៉េង សុខចិត្តរំសាយមង្គលការ មិនបោះបង់ជំហរគាំទ្រលោកសម រង្ស៊ី

ភ្នំពេញ ៖ បន្ទាប់ពីបានរត់ចេញទៅក្រៅប្រទេសមួយរយៈខ្លី គេចចេញពីដីកាចាប់ខ្លួនរបស់តុលាការ ពីបទ “រួមគំនិតក្បត់” ទាំងខ្លួនបានភ្ជាប់ពាក្យនិងកំណត់ថ្ងៃរៀបការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះក៏ដោយ ក៏អតីតចៅសង្កាត់វ័យក្មេងនៃអតីតគណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) លោកជិន សុខង៉េង បានសម្រេចចិត្តមិនវិលត្រលប់មកប្រទេសកម្ពុជាវិញទេ បើទោះមានការប្រកាសបើកផ្លូវពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ គឺសុខចិត្តរំសាយមង្គលការមិនបោះបង់ជំហរគាំទ្រលោកសម រង្ស៊ី ឡើយ។

តាមព័ត៌មានថា លោកជិន សុខង៉េង ត្រូវរៀបការជាមួយគូដណ្តឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅឯរាជធានីភ្នំពេញ ប៉ុន្តែមង្គលការនេះត្រូវបានរំសាយចោល ឬលើកពេលទៅថ្ងៃក្រោយវិញ ដោយសារតែកូនកំលោះកំពុងស្ថិតនៅក្រៅប្រទេសបន្តគាំទ្រជំហរនយោបាយរបស់លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ដែលប្រកាសវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញឆាប់ៗ នេះ បើទោះបីបរាជ័យផែនការចូលស្រុកថ្ងៃ០៩ វិច្ឆិកា ក៏ដោយ។

គួរបញ្ជាក់ថា បន្ទាប់ពីមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីតុលាកាខេត្តសៀមរាប លោកជិន សុខង៉េង អតីតចៅសង្កាត់សាលាកំរើក មកពីអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានរត់គេចខ្លួនទៅក្រៅប្រទេស ជួបក្រុមប្រឆាំងដែលស្មោះត្រង់នឹងលោកសម រង្ស៊ី ដោយមិនព្រមចូលសារភាពដូចអតីតសកម្មជនមួយចំនួនដើម្បីបានរួចទោសនោះឡើយ។

ចុងក្រោយនេះ ទោះបីមានការអំពាវនាវពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យអ្នកដែលរត់គេចខ្លួនទៅក្រៅប្រទេសវិលមកផ្ទះវិញរួមរស់ជាមួយក្រុមគ្រួសារ ដោយគ្មានទោសពៃរ៍ក៏ដោយ ក៏អតីតចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប រូបនេះ មិនព្រមវិលត្រឡប់ចូលស្រុកវិញ ដោយសុខចិត្តបន្តនៅក្រៅប្រទេសដើម្បីគាំទ្រផែនការមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី ខណៈគម្រោងមង្គលការរបស់ខ្លួនជាមួយគូដណ្តឹងដ៏ស្រស់ស្អាត វ័យ២០ ឆ្នាំ ដែលត្រូវសំពះផ្ទឹមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៩នេះ ត្រូវបានរំសាយចោលដោយ លើកពេលទៅថ្ងៃក្រោយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់រូបលោកជិន សុខង៉េង ពីបទ “រួមគំនិតក្បត់” ពាក់ព័ន្ធនឹងការដែលលោកបានទៅជួបលោកសម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំផុសបំផុលឱ្យប្រជាជនចូលរួមគាំទ្រផែនការចូលមកប្រទេសកម្ពុជាវិញ របស់លោកសម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ហើយនៅថ្ងៃដដែលនោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ក៏ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទរូបនេះផងដែរ។

ទោះជាយ៉ាងណា ជិន សុខង៉េង បានចាត់ទុកដីកាចោទប្រកាន់ និងបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ថាជាលិខិតសរសើរ ហើយថាគេយកតំណែងរបស់លោកហើយ គេព្យាយាមធ្វើបាបលោកទៀត។

លោកជិន សុខង៉េង បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថា “គេយកតំណែងយើងហើយ គេព្យាយាមធ្វើបាបយើងទៀត ខ្ញុំនិ ប្រជាពលរដ្ឋផ្សេងទៀត មានកិត្តិយសនិងមោទនភាពដែលទទួលបានលិខិតសរសើរបែបនេះ។ បញ្ហាប្រទេសជាតិ ជាបញ្ហារបស់យើងទាំងអស់គ្នា។ នេះជាវិបត្តិនយោបាយ នាំឱ្យមានវិបត្តិសង្គមធ្ងន់នៅក្នុងប្រទេសរបស់ខ្ញុំ”៕

RELATED ARTICLES