Monday, November 25, 2024
Homeនយោបាយក្រុមប្រឆាំងសរសើរអតីតចៅសង្កាត់ក្មេងរំសាយមង្គលការ ចាំលោកសម រង្ស៊ី ចូលស្រុក

ក្រុមប្រឆាំងសរសើរអតីតចៅសង្កាត់ក្មេងរំសាយមង្គលការ ចាំលោកសម រង្ស៊ី ចូលស្រុក

ភ្នំពេញ ៖ ក្រុមប្រឆាំងបានសម្តែងការកោតសរសើរលោកជិន សុខង៉េង អតីតចៅសង្កាត់វ័យក្មេង នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៃអតីតគណបក្សសង្គ្រោះជាតិ ដែលសុខចិត្តរំសាយមង្គលការជាមួយគូដណ្តឹង ហើយបន្តស្នាក់នៅក្រៅប្រទេស ដើម្បីរង់ចាំលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញ។

យោងតាមទំព័រហ្វេសប៊ុកទូរទស្សន៍ព្រះអាទិត្យ (SUNTV HD)  របស់អតីតគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសរសេរថា “ទូរទស្សន៍ព្រះអាទិត្យ (SUNTV HD) សូមកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជិន សុខង៉េង មានមនសិការជាតិខ្ពស់ អតីតចៅសង្កាត់វ័យក្មេងរបស់គណបក្សសង្គ្រោះជាតិ លោកសុខចិត្តរំលាយមង្គលការអាពាហ៍ពិពាហ៍របស់ខ្លួន តែមិនបោះបង់ជំហរគាំទ្រលោកប្រធាន សម រង្ស៊ី។

លោកជិន សុខង៉េង ជាយុវជនឈ្លាសវៃ ហើយមានគំរូល្អសម្រាប់ទៅដល់យុវជនខ្មែរដទៃទៀត លោកចេះគិតពីជោគវាសនារបស់ប្រទេសជាតិ រឿងរៀបការអាពាហ៍ពិពាហ៍របស់ខ្លួនទុកមួយ អន្លើសិន ចាំពេលស្រុកសាន្តត្រាណចាំយើងរៀបមង្គលការ វាមិនទាន់ហួសពេលទេរឿងជាតិមាតុភូមិជារឿងសំខាន់បំផុត …”។

ជាមួយគ្នានោះដែរ លោកសេង មេងប៊ុនរ៉ុង ជាអតីតយុវជននៃអតីតគណបក្សសង្គ្រោះជាតិ និងជាមិត្តភក្តិជិតស្និទ្ធរបស់លោកជិន សុខង៉េង ដែលធ្លាប់បានចូលរួមក្នុងពិធីភ្ជាប់ពាក្យរបស់លោកជិន សុខង៉េង និងគូដណ្តឹង នាពេលកន្លងមកនោះ ក៏បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “អាណិតមិត្តភក្តិណាស់ ហើយក៏រំភើបនូវទឹកចិត្តមួយនេះ សុខចិត្តរំសាយមង្គលការថ្ងៃនេះ ថ្ងៃទី២២ វិច្ឆិកា ២០១៩ ហើយនៅរក្សាជំហរគាំទ្រលោកប្រធានសម រង្ស៊ី។ ចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកជិន សុខង៉េង”។

ដោយឡែក អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ លោកគីម សួរភីរិទ្ធិ ដែលជាអតីតសហការីលោកសម រង្ស៊ី ធ្លាប់បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា លោកសូមកោតសរសើរទឹកចិត្តរបស់លោកជិន សុខង៉េង ដែលសុខចិត្តរំសាយចោលការរៀបការដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួនសិន ដូច្នេះលោកសង្ឃឹមថាគូដណ្តឹងរបស់លោកជិន សុខង៉េង នឹងយល់ពីបញ្ហានេះ។

លោកគីម សួរភីរិទ្ធិ បានមានប្រសាសន៍ថា “ធម្មតាខ្ញុំត្រូវតែគាំទ្រលើសេចក្តីសម្រេចរបស់គេម្នាក់ៗ ទាំងការសម្រេចក្នុងការងារទាំងការសម្រេចក្នុងការងារសង្គម ក៏ដូចជាការងារនយោបាយ អាហ្នឹងជារឿងរបស់គេហើយសំខាន់ឱ្យតែគេស្វែងយល់ឱ្យច្បាស់អំពីគោលដៅរបស់គេតាមផ្លូវដែលគេចង់ទៅនោះ អាហ្នឹងវាជារឿងគួរឱ្យកោតសរសើរទឹកចិត្តគេ ហើយឱ្យតែគោលដៅពិត។

ដូចអ្នកខ្លះគោលដៅចង់ទៅផ្លាស់ប្តូរគេ ចុងក្រោយផ្លាស់ប្តូរខ្លួនឯងអាហ្នឹងខ្ញុំមិនសរសើរទេ។ទោះបីជាការសម្រេចចិត្តមួយទៅផ្លូវខុសយ៉ាងណា ក៏គេបានសម្រេចតាមគោលដៅរបស់គេៗហ៊ានលះបង់ៗអ្វីៗមិន សំខាន់ជាងការសម្រេចគោលបំណងគោលដៅរបស់គេ អ៊ីចឹងខ្ញុំមានតែការកោតសរសើរ”។

ទោះបីជាការសម្រេចចិត្តមួយទៅផ្លូវខុសយ៉ាងណា ក៏គេបានសម្រេចតាមគោលដៅរបស់គេៗហ៊ានលះបង់ៗអ្វីៗមិន សំខាន់ជាងការសម្រេចគោលបំណងគោលដៅរបស់គេ អ៊ីចឹងខ្ញុំមានតែការកោតសរសើរ”។

លោកគឹម សួរភីរិទ្ធិ បន្តថា “ខ្ញុំអត់ដឹងថាគោលដៅត្រឹមត្រូវមិនត្រឹមត្រូវ ពីព្រោះការសម្រេចចិត្តគោលដៅត្រឹមត្រូវមិនត្រឹមត្រូវ វាអាស្រ័យទៅលើបុគ្គលម្នាក់ៗដូចលោក (អ្នកកាសែត) អ៊ីចឹងគោលដៅជីវិតរបស់លោកៗថាផ្លូវហ្នឹងត្រឹមត្រូវ លោកសម្រេចហើយ លោកតាំងចិត្តធ្វើអ្វីៗដើម្បីវា អាហ្នឹងខ្ញុំក៏សរសើរលោកដែរ ព្រោះលោកមានគោលដៅមួយច្បាស់លាស់ទោះបីគោលដៅហ្នឹងវាជារឿងសម្រេចរបស់ខ្លួនក៏យើងគិតថា គាត់ (ជិន សុខង៉េង) មានការសម្រេចចិត្តច្បាស់តាមគោលដៅរបស់គាត់។

និយាយជារួមទៅ ខ្ញុំថាគាត់ធ្វើដើម្បីជាតិដែរ ព្រោះគាត់មិនដែលទៅកាប់បំផ្លាញព្រៃឈើ គាត់មិនដែលបានប្រព្រឹត្តអំពើពុករលួយ គាត់មិនដែលបានផ្តល់ផលវិបាកដល់អ្នកណាទេ អ៊ីចឹងអ្វីដែលគាត់លះបង់គឺខ្លួនគាត់ធ្វើ ដើម្បីភាពត្រឹមត្រូវ។ ក្នុងន័យនេះ គាត់សុខចិត្តនៅក្រៅប្រទេសមិនវិលចូលស្រុក ទោះបីមានការប្រកាសពីនាយករដ្ឋមន្ត្រីថា លើកលែងទោសឱ្យក៏ដោយនោះ អាហ្នឹងជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គាត់ មានន័យថា គាត់យល់ថ គាត់នៅខាងក្រៅនោះ ប្រសើរជាងនៅខាងក្នុង ទោះជាមានការប្រកាសយ៉ាងណាៗក៏ដោយ ក៏គាត់គិតពីគោលដៅរបស់គាត់ត្រូវបន្តឱ្យទៅដល់”។

លោកគីម សួរភីរិទ្ធិ បន្តទៀតថា “ម្នាក់ៗវាមិនមែនថាចាំបាច់ត្រូវអត់រៀបការទេ ពេលខ្លះបុគ្គលខ្លះ លោកចង់លះបង់ខ្លួនតាមផ្លូវសាសនា លោកអត់បានរៀបការទេលោកអត់បានទៅសាងសម្ព័ន្ធភាពគ្រួសារ នោះជាការសម្រេចចិត្តរបស់លោក ប៉ុន្តែបើថ្ងៃណាមួយ លោកថាទេ អស់និស្ស័យជាមួយសាសនា ហើយគាត់ចង់រៀបការ អាហ្នឹងក៏ជាការសម្រេចចិត្តរបស់បុគ្គលរបស់លោក។

ហ្នឹងក៏ស្រដៀងគ្នា ដូចគ្នានេះដែរ ថ្ងៃហ្នឹង គាត់ (ជិន សុខង៉េង) គិតថា ការរៀបការអាចនឹងរៀបការទៅថ្ងៃក្រោយ ដូច្នេះគាត់ផ្អាក គាត់មិនឈប់ទេ គាត់ផ្អាក គាត់លើកពេល។ អាហ្នឹងជាការសម្រេចចិត្តរបស់ គាត់ៗអាចនិយាយជាមួយគូដណ្តឹងគាត់ ក្រុមគ្រួសារគាត់ថាចាំពេលក្រោយចាំពេលណា ដែលគាត់អាចសម្រេចគោលដៅយ៉ាងម៉េចអាហ្នឹងជារឿងរបស់គាត់ហើយ ដូច្នេះមិនមែនបានន័យថា គាត់អត់បានរៀបការរហូតទេ។

ក្នុងន័យនេះ ការរកដូចគាត់មិនមែនថាមិនងាយសុទ្ធទេ វាគ្រាន់តែកម្រ ព្រោះមនុស្សភាគច្រើនអាចនឹងយកកិច្ចការហ្នឹងជាធំ តែមនុស្សភាគតិចមួយចំនួន គេគិតថា កិច្ចការណាដែលចាំបាច់ជាងគេយកអានោះ គឺគាត់គិតថាកិច្ចការនេះចាំបាច់ជាងបានគាត់លះបង់អានោះសិន ព្រោះអានោះអាចទៅថ្ងៃក្រោយរៀប (ការ) បាន អានេះគាត់គិតថា ប្រហែលជាមិនអាចពន្យារអីអ៊ីចឹងទៅ“។

លោកគីម សួរភីរិទ្ធិ បន្ថែមថា “ខ្ញុំធ្លាប់ស្គាល់គាត់ធ្លាប់តាមដានពីប្រវត្តិការងាររបស់គាត់ ខ្ញុំយល់ថា គាត់មិនមែនជាមនុស្សដែលមិនបានសិក្សាខ្ពស់ទេ គាត់ជាវេជ្ជបណ្ឌិត មានការសិក្សារៀនសូត្រ ហើយលះបង់ការងារមកធ្វើចៅសង្កាត់ ហើយបានទទួលការគាំទ្រពីមនុស្សចាស់ ប្រជាពលរដ្ឋដែលជាមនុស្សចាស់ ភាគច្រើននៅក្នុងខេត្តសៀមរាបហ្នឹង ជាការងាររបស់គាត់ ក្រោយពីគាត់ជាប់ ព្រោះគាត់បានទទួលជាចៅសង្កាត់ដ៏ល្អ ហើយប្រជាពលរដ្ឋគោរពស្រលាញ់។

អ៊ីចឹងខ្ញុំគិតថា គាត់ជាបុគ្គលល្អដែលសូម្បីខ្ញុំធ្លាប់ជាអតីតអ្នកតំណាងរាស្ត្រ ក៏ខ្ញុំសុំសម្តែងការកោតសរសើរគាត់ដែរ ពីព្រោះខ្ញុំអាយុច្រើនជាងគាត់ អ៊ីចឹងគាត់នៅក្មេង គាត់មានការលះបង់ប៉ុណ្ណឹង ហៅថា សរសើរហើយ ល្មមដល់គាត់ចាស់ទៅ បើគាត់រក្សាឧត្តមគតិចំពោះប្រជាពលរដ្ឋទៀតហ្នឹង រឹតតែជាមនុស្សល្អជាអ្នកនយោបាយដែលជំនាន់ក្រោយសម្រាប់ប្រទេសជាតិ។

ជាសរុបមកវិញ ចំពោះថាអាចមានពាក្យថា គាត់មិនទទួលខុសត្រូវក្នុងរឿងស្នេហានោះ រឿងស្នេហា គេអាចធ្វើបានតើ! មានអ្នកខ្លះការហើយលែងគ្នាតែស្អែកក៏ មានដែរ កុំទៅគិតអ៊ីចឹង ស្នេហាមិនត្រឹមតែស្នេហាបុគ្គលស្នេហាផ្ទាល់ខ្លួនទេ ស្នេហាជាតិ ក៏ជារឿងស្នេហាដែរ។

បើសិនជាខ្ញុំវិញ គូដណ្តឹងគាត់គួរតែយល់ដូចខ្ញុំថា ស្នេហាផ្ទាល់ខ្លួនមិនមែនឈប់ស្រលាញ់ឯណា នៅតែស្រលាញ់ គ្រាន់តែលើកពេលអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ។ ដូច្នេះបើសិនជាគូដណ្តឹងគាត់យល់ នៅជាមួយគ្នាកើតហ្នឹង ទាល់តែមនុស្សដែលមានការយល់ចិត្តគ្នា ទុកចិត្តគ្នាហើយ បើសិនជាគាត់យល់អ៊ីចឹងទៀតរឹតតែល្អ ខ្ញុំសង្ឃឹមថាទៅថ្ងៃមុខគូអនាគតរបស់គាត់ហ្នឹង រឹតតែរស់នៅជាមួយ គ្នាមានសុភមង្គលហើយយូរអង្វែងទៀត។

ដូច្នេះចុងក្រោយ ខ្ញុំអត់មានអីទេ គ្រាន់តែទី១ សម្តែងការកោតសរសើរចំពោះការសម្រេចការចិត្តរបស់គាត់ហ្នឹង ហើយទី២ ខ្ញុំក៏ជូនពរគាត់ឱ្យសម្រេចគោលដៅដែលគាត់ត្រូវទៅហ្នឹងទៅ ហើយសង្ឃឹមថា ទៅថ្ងៃអនាគតគាត់ ហើយនិងគូដណ្តឹងគាត់ នៅតែស្រលាញ់គ្នានិងអាចរៀបអាពាហ៍ពិពាហ៍បានរស់នៅដល់ចាស់មានកូនមានចៅ ដើម្បីប្រទេសជាតិ និងក្រុមគ្រួសារគាត់”។

ទោះជាយ៉ាងណា ជុំវិញការលើកសរសើរពីអតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់ពីលោកជិន សុខង៉េង បានទេ កាលពីម្សិលមិញ ដោយសារពេលនេះលោកមិនមានវត្តមាននៅក្នុងប្រទសនោះទេ ខណៈដែលមុននេះលោកបានបង្ហាញវត្តមានជាមួយលោកសម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ផងដែរ។

ប៉ុន្តែនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកជិន សុខង៉េង បានបង្ហោះរូបភាពលោកទៅអបអរសាទរមិត្តភក្តិនៅហុងកុង ដែលស្ថិតក្នុងក្រុមយុវជននិយមសេរី (Youth CALD) បានជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក នៅហុងកុង ជាមួយសំណេរខ្លីថា “អបអរសាទរមិត្តយើងនៅហុងកុង បានជាប់ឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកនៅហុងកុង”។

នៅថ្ងៃដដែលនោះ តាមរយៈគណនីហ្វេសប៊ុកដដែល លោកជិន សុខង៉េង ទំនងជាចង់បកស្រាយពីការសម្រេចចិត្តរបស់លោកដែលបានរំសាយមង្គលការដើម្បីបន្តគាំទ្រផែនការរបស់លោកសម រង្ស៊ី តែលោកមិនបានបញ្ជាក់ផ្ទាល់ទេ បែរជាដកស្រង់ថេរដីការបស់ព្រះគ្រូគូ សូភាព ព្រះចៅអធិការវត្តគល់ទទឹង ដែលមានខ្លឹមសារថា “មនុស្សនៅលើផែនដីនេះមានការគិតខុសៗគ្នា គេមានរបៀបគិតរបស់គេ យើងមានរបៀបគិតរបស់យើង ម្នាក់ៗមានចំណេះដឹងមានការយល់ឃើញខុសៗគ្នា អ្នកមិនអាចបង្ខំគេឱ្យគិតដូចយើងបានគ្រប់រឿងនោះបានទេ តែអាចពន្យល់ហេតុផលរបស់អ្នកឱ្យគេបាន ដឹងអស់ពីសមត្ថភាពរបស់អ្នកទៅ បើស្តាប់បានជារឿងល្អ បើស្តាប់មិនបានក៏មិនដឹងធ្វើម៉េចដែរ បើមួម៉ៅទៅ បានត្រឹមតែកើតទុក្ខខ្លួនឯង តែអ្នកអាចណែនាំឱ្យអស់ពីសមត្ថភាពរបសអ្នក”។

គួរបញ្ជាក់ថា បន្ទាប់ពីមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីតុលាកាខេត្តសៀមរាប លោកជិន សុខង៉េង អតីតចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប មកពីអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានរត់គេចខ្លួនទៅក្រៅប្រទេស ជួបក្រុមប្រឆាំងដែលស្មោះត្រង់នឹងលោកសម រង្ស៊ី ដោយមិនព្រមចូលសារភាពដូចអតីតសកម្មជនមួយចំនួន ដើម្បីបានរួចទោសនោះឡើយ។

ហើយចុងក្រោយនេះទោះបីមានការអំពាវនាវពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យអ្នកដែលរត់គេចខ្លួនទៅក្រៅប្រទេស វិលមកផ្ទះវិញរួមរស់ជាមួយក្រុមគ្រួសារដោយគ្មានទោសពៃរ៍ក៏ដោយ ក៏អតីតចៅសង្កាត់វ័យក្មេងរូបនេះ មិនព្រមវិល ត្រលប់ចូលស្រុកវិញឡើយ ដោយសុខចិត្តបន្តនៅក្រៅប្រទេសដើម្បីគាំទ្រផែនការមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី ខណៈគម្រោងមង្គលការរបស់ខ្លួនជាមួយគូដណ្តឹងដ៏ស្រស់ស្អាតវ័យ២០ឆ្នាំ ដែលត្រូវសំពះផ្ទឹមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៩ ត្រូវបានរំសាយចោលដោយលើកពេលទៅថ្ងៃក្រោយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់រូបលោកជិន សុខង៉េង ពីបទ “រួមគំនិតក្បត់” ពាក់ព័ន្ធនឹងការដែលលោកបានទៅជួបលោកសម រង្ស៊ី នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំផុសបំផុលឱ្យប្រជាជនចូលរួមគាំទ្រផែនការចូលមកប្រទេសកម្ពុជាវិញ របស់លោកសម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយនៅថ្ងៃដដែលនោះចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបក៏ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទរូបនេះផងដែរ។

ទោះជាយ៉ាងណា ជិន សុខង៉េង បានចាត់ទុកដីកាចោទប្រកាន់ និងបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ថាជាលិខិតសរសើរ ហើយថា គេយកតំណែងរបស់លោកហើយ គេព្យាយាមធ្វើបាបលោកទៀត។

លោកជិន សុខង៉េង បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថា “គេយកតំណែងយើងហើយ គេព្យាយាមធ្វើបាបយើងទៀត ខ្ញុំនិងប្រជាពលរដ្ឋផ្សេងទៀត មានកិត្តិយសនិងមោទភាពដែលទទួលបានលិខិតសរសើរបែបនេះ។ បញ្ហាប្រទេសជាតិ ជាបញ្ហារបស់យើងទាំងអស់គ្នា។ នេះជាវិបត្តិនយោបាយ នាំឱ្យមានវិបត្តិសង្គមធ្ងន់នៅក្នុងប្រទេសរបស់ខ្ញុំ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES