ភ្នំពេញ ៖ កញ្ញាងឹម គាថា យុវតីគាំទ្រលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរត់គេចខ្លួននៅប្រទេសម៉ាឡេស៊ី បានឆ្លើយតបទៅនឹងការអំពាវនាវសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថានាងមិនអាចត្រលប់ទៅផ្ទះដោយឈប់ធ្វើនយោបាយទេ។
កញ្ញាងឹម គាថា បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ថា “យកការដែលឈប់និយាយរឿងនយោបាយ ជាការដោះដូរដើម្បីបានត្រលប់ទៅផ្ទះវិញ សុំទោស ខ្ញុំធ្វើមិនបានទេ”។
កញ្ញាងឹម គាថា បានសរសេរបន្ថែមនៅក្នុងគណនីហ្វេសប៊ុកដដែល នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ថា “ផ្លូវដែលត្រូវដើរនៅវែងឆ្ងាយណាស់ សង្ឃឹមបានជួបគ្នាឆាប់ៗនេះមាតុភូមិជាទីស្រលាញ់”។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កញ្ញាងឹម គាថា បានសរសេរបន្ថែមទៀតថា “ជួបបញ្ហាកាន់តែច្រើន ធ្វើឱ្យយើងកាន់តែរឹងមាំ”។
ការឆ្លើយតបរបស់យុវតីងឹម គាថា ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចទាំងអស់ រួមទាំងតំណាងអយ្យការត្រូវធ្វើកិច្ចការដោះលែងសកម្មជនបក្សប្រឆាំងទាំងអស់ឱ្យលឿនតាមដែលអាចធ្វើទៅបាន។
សម្តេចណែនាំឱ្យគ្រួសាររបស់សកម្មជនដែលត្រូវបានចាប់ខ្លួនទាំងនោះធ្វើលិខិតតាមរយៈមេធាវី ឬមេធាវីខ្លួនឯងអាចធ្វើលិខិតស្នើសុំឱ្យអ្នកដែលកំពុងជាប់ពន្ធនាគារទាំងនោះ បាននៅក្រៅឃុំបណ្តោះអាសន្ន។ ប៉ុន្តែត្រូវបង្ហាញមុខពេលឡើងតុលាការ និងត្រូវទទួលការកាត់ក្តីរបស់តុលាការ នៅពេលខាងមុខ។
សម្តេចក៏បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធដកហូតដីកាចោទប្រកាន់ និងចាប់ខ្លួនសកម្មជនបក្សប្រឆាំង ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ត្រលប់មកវិញទាំងអស់។ ប៉ុន្តែសម្តេច មិនលើកលែងទោសឱ្យមេដឹកនាំគណបក្សប្រឆាំង គឺលោកសម រង្ស៊ី ឡើយ។
សម្តេចក៏បានអំពាវនាវឱ្យសកម្មជនបក្សប្រឆាំង ដែលកំពុងរត់គេចខ្លួនទាំងអស់ត្រលប់វិលចូលផ្ទះសម្បែងជួបជុំគ្រួសារវិញ ដោយគ្មានការភ័យខ្លាច គឺទាំងអ្នករត់គេចខ្លួនពីភូមិទៅតាមបណ្តាខេត្ត និងអ្នករត់គេចចេញទៅក្រៅប្រទេស សូមត្រលប់ចូលផ្ទះវិញ ដោយសម្តេចធានាថា នឹងមិនមានទោសពៃរ៍អ្វីឡើយ ដោយសារសម្តេចយល់ថា អ្នកទាំងនោះចាញ់បោកលោកសម រង្ស៊ី។
កញ្ញាងឹម គាថា បានសរសេរទៀតថា “ត្រឹមតែដោះលែងឱ្យនៅក្រៅឃុំ វាមិនទាន់គ្រប់គ្រាន់ទេ តែគួរតែទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់ចោលផង”។
“នគរធំ” បានព្យាយាមទាក់ទងទៅកញ្ញាងឹម គាថា ដើម្បីសុំការបកស្រាយបន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ ប៉ុន្តែមិនមានការឆ្លើយតប ខណៈដែលនាងស្ថិតនៅក្រៅប្រទេសនោះ។
គួរបញ្ជាក់ថា កញ្ញាងឹម គាថា និងសកម្មជនអតីតគណបក្សប្រឆាំងម្នាក់ទៀត ឈ្មោះហេង ស៊ាងលាង ត្រូវបានសាកសួរនិងឃុំខ្លួនដោយមន្ត្រីអន្តោប្រវេសន៍ម៉ាឡេស៊ី កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ហើយគ្រោងបញ្ជូនមកទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏ប៉ុន្តែគណៈកម្មការសិទ្ធិមនុស្សម៉ាឡេស៊ី បានតវ៉ាកុំឱ្យអាជ្ញាធរម៉ាឡេស៊ី បញ្ជូនខ្លួនអ្នកទាំងពីរនេះ។
យោងតាមឯកសាររបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនឬហៅកាត់ថា UNHCR បានបញ្ជាក់ថា កញ្ញាងឹម គាថា ដែលជាសកម្មជនបក្សប្រឆាំងប្រចាំខេត្តព្រះសីហនុ បានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅប្រទេសទីបី តាមរយៈអង្គការ UNHCR ប្រចាំប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីរូបនាងត្រូវបានតុលាការខេត្តព្រះសីហនុ ចោទប្រកាន់បទ “រួម គំនិតក្បត់” តាមក្រមព្រហ្មទណ្ឌកម្ពុជា។
រីឯលោកហេង ស៊ាងលាង ដែលជាអតីតចៅសង្កាត់រងទី១នៃសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកញ្ញា ដោយសារលោកបានរងការគំរាមកំហែងសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។
លោកហេង ស៊ាងលាង បានធ្វើដំណើរទៅកាន់ប្រទេសថៃ កាលពីថ្ងៃ ទី១៨ ខែតុលា ដើម្បីស្នើសុំទិដ្ឋាការសាជាថ្មីមកកាន់ប្រទេសម៉ាឡេស៊ី ហើយក្រោយមកក៏ត្រូវបានឃុំខ្លួនមួយរយៈជាមួយកញ្ញាងឹម គាថា នៅពេលពួកគេគ្រោងធ្វើដំណើរទៅប្រទេសថៃ។
ដោយឡែក សកម្មជនអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន ដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេស ឱ្យដឹងថា ពួកគេនឹងមិនវិលមកកម្ពុជាវិញ តាមការអំពាវនាវរបស់សម្តេ ហ៊ុន សែន ឡើយ ព្រោះពួកគេមិនទុកចិត្តសម្តីរបស់ប្រមុខរាជរដ្ឋាភិបាលរូបនេះ។
អតីតសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម នៃអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី គឹន ស្រីអូន ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស បានថ្លែងថា អ្នកស្រីមិនអាចទទួលយកលក្ខខណ្ឌឈប់ធ្វើសកម្មភាពនយោបាយគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ជាថ្នូរនឹងការវិលចូលស្រុកវិញនោះឡើយ ពីព្រោះអ្នកស្រីគាំទ្រគណបក្សនេះ ដោយឆន្ទៈពិតប្រាកដនិងចង់ឱ្យកម្ពុជា មានការផ្លាស់ប្តូរមេដឹកនាំ។
ដូច្នេះមកទល់ពេលនេះ ក្រៅពីអ្នកស្រី គឺមានសកម្មជនតិចតួចប៉ុណ្ណោះដែលវិលត្រលប់ទៅកម្ពុជាវិញ ក្រោយការប្រកាសរបស់សម្តេចហ៊ុន សែន។ មូលហេតុសំខាន់នៃការវិលទៅវិញនោះទៀតសោតមិនមែនដោយសារពួកគេជឿជាក់លើសម្តេចហ៊ុន សែន នោះឡើយ ប៉ុន្តែគឺដោយសារពួកគេនឹករលឹកគ្រួសារ និងត្រូវរកចំណូលផ្គត់ផ្គង់គ្រួសារ។
អ្នកស្រីអះអាងបន្តថា សកម្មជនជាច្រើនសុខចិត្តបន្តស្នាក់នៅក្រៅប្រទេស ដើម្បីរង់ចាំដំណើរ មាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ សកម្មជនគ្រប់គ្នាបានតាំងចិត្តរួចហើយថា នឹងជម្នះគ្រប់ឧបសគ្គដើម្បីឱ្យកម្ពុជា ផ្លាស់ប្តូរទៅរករបបប្រជាធិបតេយ្យពិតប្រាកដ៕
ដោយ ៖ កុលបុត្រ