ភ្នំពេញ ៖ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ (អតីតបក្សប្រឆាំង) បានសម្តែងការគាំទ្រចំពោះសម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នូវផែនការទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ ជាមួយនេះ លោកក៏បានកោតសរសើរចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ ក្នុងស្មារតីសាមគ្គីជាតិ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩ នេះ។ ទន្ទឹមនឹងនេះ លោកកឹម សុខា អំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍ មានធនធាន មានមធ្យោបាយ សូមជួយផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ តាមលទ្ធភាព។
លោកកឹម សុខា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ថា« ខ្ញុំសូមចូលរួមគាំទ្រដល់វិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស នៅពេលថ្មីៗនេះ ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ»។
លោកកឹម សុខា បានសរសេរបន្តថា «ជាមួយគ្នានេះដែរ ខ្ញុំសូមអបអរសាទរ និងកោតសរសើរក្រៃលែង ចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនទៅរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ និងសូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស មេត្តាចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ ដោយទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩ នេះ។
ទន្ទឹមនឹងនេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍ មានធនធាន មានមធ្យោបាយ សូមជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងកូវីដ-១៩ នេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ តាមលទ្ធភាព ប្រកបដោយមនុស្សធម៌»៕