Sunday, November 24, 2024
Homeនយោបាយលោកកឹម សុខា គាំទ្រសម្តេចហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ

លោកកឹម សុខា គាំទ្រសម្តេចហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ

ភ្នំពេញ ៖ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ (អតីតបក្សប្រឆាំង) បានសម្តែងការគាំទ្រចំពោះសម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នូវផែនការទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ ជាមួយនេះ លោកក៏បានកោតសរសើរចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ ក្នុងស្មារតីសាមគ្គីជាតិ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩ នេះ។ ទន្ទឹមនឹងនេះ លោកកឹម​ សុខា អំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍ មានធនធាន មានមធ្យោបាយ សូមជួយផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ តាមលទ្ធភាព។

លោកកឹម សុខា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ថា​« ខ្ញុំ​សូមចូលរួមគាំទ្រដល់វិធានការនានា​ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ របស់រាជរដ្ឋាភិបាលកម្ពុជា​។ ជាពិសេស នៅពេលថ្មីៗនេះ ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយ​​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ»។

លោកកឹម សុខា បានសរសេរបន្តថា​ «ជាមួយគ្នានេះដែរ​ ខ្ញុំសូមអបអរសាទរ​ និងកោតសរសើរក្រៃលែង​ ​ចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនទៅរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ​ និងសូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស​ មេត្តាចូលរួមជាថវិកា​សម្រាប់ទិញវ៉ាក់សាំងនេះ​ ដោយទឹកចិត្តសប្បុរសធម៌​ សាមគ្គីជាតិខ្មែរ​ ខ្មែរជួយខ្មែរ​ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩​ នេះ។

ទន្ទឹមនឹងនេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ​ និងក្នុងនាមខ្ញុំផ្ទាល់​ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ​ ប្រទេសអភិវឌ្ឍន៍ មានធនធាន​ មានមធ្យោបាយ សូមជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងកូវីដ-១៩ ​នេះ​ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ​ តាមលទ្ធភាព​ ប្រកបដោយមនុស្សធម៌»៕

RELATED ARTICLES