Friday, January 24, 2025
Homeបរិយាយដេញថ្លៃផ្លូវ

ដេញថ្លៃផ្លូវ

ដោយ អាចារ្យថាំ

គម្រោងចំណាយថវិកាជាតិ ទម្លាក់ទៅឃុំ-សង្កាត់ ដើម្បីកសាងបន្ទាន់ រចនាសម្ព័ន្ធជាអាទិភាព រួមមានផ្លូវលំ ស្តារប្រឡាយ សំខាន់បំផុត។ ផែនការកសាង មូលដ្ឋាន តម្រូវឱ្យមានការដេញថ្លៃ ប៉ុន្តែ “ការដេញថ្លៃផ្លូវ” ភាគច្រើនខ្វះតម្លា-ភាព ព្រោះតែបក្ខពួក គ្រួសារនិយម ពុករលួយជាហេតុនាំឱ្យផ្លូវខូចគុណភាព។

ប៉ុន្មានថ្ងៃមុន លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្អួញត្អែរ សារភាពកំហុសថា មកពីលោកធ្វេសប្រហែស បានជាផ្លូវ ជាតិលេខ៣ ពីត្រពាំងរពៅ ទៅវាលរេញ ខេត្តព្រះសីហនុ ខូចអស់ គឺធ្វើអាមុខ ខូចអាក្រោយ យើងក៏ធ្លាប់ ជិះឡានតាមផ្លូវហ្នឹងដែរ វារលាក់ចង់បាក់ចង្កេះ ដោយ សារ “ផ្លូវរន្ធប៉ែន” គឺ ហួសពី “សម្បុកមាន់” ទៅទៀត។

រឿងផ្លូវជាតិ ទុកឱ្យលោករដ្ឋមន្ត្រី ស្តីប្រដៅដកតំណែងកូនចៅខ្លះទៅចុះ តែអ្វីដែល “នគរធំ” ចង់មានយោបល់ នៅត្រង់ “ការដេញថ្លៃធ្វើផ្លូវ នៅឃុំ-សង្កាត់” ដោយប្រែក្លាយ ផ្លូវដី ឬផ្លុវក្រួស ទៅជាផ្លូវបេតុង។ ឃើញមានការ ដាក់ឱ្យដេញថ្លៃទៀតហើយ បើពិចារណាឱ្យហ្មត់ចត់ទៅ អ្នកមកដេញថ្លៃធ្វើផ្លូវ មកពីចង់បានចំណេញ មិនមែនចង់ជួយជាតិនោះទេ។

បើសិនជាថៅកែម្នាក់នោះ “ហ៊ានដេញថ្លៃខ្ពស់” លុះឈ្នះការដេញថ្លៃ ច្បាស់ ជាគាត់ “ស្រង់ដើម” មិនខាន ដូចករណី “ចាក់ស្តើង ស៊ីក្រាស់” ឬរាយគ្រឹះដែក ឃ្លាតៗពីគ្នា អត់គុណភាព។ គាត់អាចបន្ថយស៊ីម៉ងត៍ ដូចជាតាមកម្រិតស្តង់ដារ ត្រូវប្រើស៊ីម៉ងត៍ ១០០បាវ គាត់បន្ថយត្រឹម ៩០បាវ ឱ្យមេការអនុវត្ត និង “ស្ងាត់ មាត់” កុំនិយាយឱ្យគេដឹង។ ផ្លូវបេតុងដែលប៉ះថៅកែស្រង់ដើមបែបនេះ ប្រើ ប្រាស់មិនបាន ១ឆ្នាំផង ក៏មានស្រុតប្រេះបែក លុះពលរដ្ឋរអ៊ូរទាំ គាត់បន្ទោស ថា មកពីរថយន្តដឹកហួសចំណុះឆ្លងកាត់។ រីឯអាជ្ញាធរដែលជាបក្ខពួក ស៊ុមគ្រលុំ គ្នា បន្ទោសថា មកពីភ្លៀងខ្លាំងលិចផ្លូវស្រុតដី។

ដោយឡែក បើសិនជាថៅកែម្នាក់នោះ “ដេញថ្លៃទាបជាងគេ” លុះគាត់ចាប់- ផ្តើមធ្វើផ្លូវ អត់សូវមានគ្រឿងចក្រគ្រប់គ្រាន់ ប្រើកម្លាំងកម្មករតិច មិនសូវហ៊ាន ចំណាយវត្ថុធាតុដើម មិនដឹកក្រួសចាក់បំពេញកន្លែងទាប ឬកន្លែងបាក់ស្រុត ក៏ ឈូសដី ឬកាយដីក្បែរថ្នល់ ទៅចាក់បំពេញ អត់គុណភាព បើប៉ះដីជ្រាយ។ ការដេញថ្លៃទាប បើចំណាយច្រើន វាអត់ចំណេញ ម៉្លោះហើយ ក៏ “ចេញក្បួន រិះថាំ” លុះផ្លូវបេតុងចេញជារូបរាង ប្រើការមិនបានប៉ុន្មាន ក៏បាក់ស្រុត។ លុះ ប្រជាពលរដ្ឋស្តីបន្ទោស រអ៊ូរទាំ គាត់ដោះសាថា មកពីដេញថ្លៃថោក ចេញលុយ ហោប៉ៅខ្លួនឯងថែមទៀត បានជាផ្លូវឆាប់ខូច។

នែ៎! រឿងដេញថ្លៃផ្លូវ វាយ៉ាប់អ៊ីចឹង! ដេញខ្ពស់ពេក ក៏ឆាប់ខូច ព្រោះរឿង “ចាក់ស្តើង ស៊ីក្រាស់” ដេញទាបពេក ក៏ប្រើការមិនបានយូរ ព្រោះរឿង “ចេញ លុយថែម”។ ដូច្នេះថវិកាឃុំ-សង្កាត់ បើថ្នាក់លើមិនប្រយ័ត្ន ច្បាស់ជាផ្លូវ “ធ្វើ ជាប់” ទៀតហើយ ព្រោះតែបក្ខពួកជាប់ការដេញថ្លៃនោះ។

ទោះយ៉ាងណា ផ្លូវលំ ១ខ្សែ តាំងពីរាជ្យណារាជ្យណីមក អត់ទាន់មានវាសនា មានគេដេញថ្លៃនៅឡើយ។ ផ្លូវលំនោះ ប្រជែងជាង ១០គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិ លេខ២ ទៅផ្លូវជាតិលេខ៣១ នៅសល់ ១កំណាត់ ចាប់ពីទូកមាស ទៅពោធិ៍តាស៊ុយ អត់អ្នកដេញថ្លៃទេ។ ប្រជាពលរដ្ឋស្រុកគិរីវង់ ខេត្តតាកែវ និងស្រុកបន្ទាយមាស ខេត្តកំពត ត្រូវប្រើប្រាស់ផ្លូវនេះ តលាលួតមកហើយ ឃើញតែប៉ុណ្ណឹង បើរដូវ ប្រាំង ហុយទ្រលោម តែបើប៉ះរដូវវស្សា ទឹកលិច បែកភក់ផុង រអិលប៉ះប៉ិចប៉ប៉ាច់ ក្លាយជាជង្ហុក។

“នគរធំ” លេចឮព័ត៌មានពីមុនថា ដើមឆ្នាំ២០២១ ផ្លូវនេះ នឹងត្រូវចាក់ កៅស៊ូ តាមការគ្រោងទុក ប៉ុន្តែរហូតមកទល់ពេលនេះ អត់ទាន់ឃើញធ្វើនៅ ឡើយ ឯការដេញថ្លៃផ្លូវ ក៏អត់។ ប្រជាពលរដ្ឋត្អូញត្អែរថា ទោះជាដេញថ្លៃខ្ពស់ ឬទាប មិនសូវមានគុណភាពយ៉ាងណាក៏ដោយចុះ វាគ្រាន់បើជាងផ្លូវបែកភក់ ដែរ ហេតុនេះពួកគាត់មានសំណូមពរដល់រាជរដ្ឋាភិបាល សូមមេត្តាជួយអភិវឌ្ឍ ផ្លូវដ៏សំខាន់នេះផង ព្រោះមនុស្សខ្លះ កើតមកជិតស្លាប់ទៅវិញ ចង់ឃើញផ្លូវនេះ ចាក់កៅស៊ូ ឬបេតុង។

ដូច្នេះរឿងដេញថ្លៃផ្លូវ មិនសំខាន់ តែវាសំខាន់ មានផ្លូវបេតុង ឬផ្លូវកៅស៊ូ។ រឿងគេស៊ីចុក ឬចែកគ្នារស់នោះ វាធម្មតាទៅហើយ យ៉ាងម៉េចយ៉ាងម៉ាក៏ដោយ ចុះ ឱ្យតែបានស្រួលជាងនេះ ព្រោះផ្លូវបេតុងស្រុត ក៏វាប្រសើរជាងផ្លូវភក់ផុង ជង្ហុករអិលដួលម៉ូតូដែរ…”៕

RELATED ARTICLES