ដោយ អាចារ្យថាំ
សុភាសិតបារាំង ថា “Qui vole un oeuf vole un boeuf” បើប្រែតាមសព្ទដើមថា “បើហ៊ានលួចពងមាន់ មុខតែហ៊ាន លួចគោឈ្មោល” ប៉ុន្តែបើប្រែតាមនិយមន័យ ឬការចូលចិត្តថា “បើហ៊ានលួចមាន់ មុខតែហ៊ានលួចគោ” មានខ្លឹមសារចង្អុល បង្ហាញពីចរិតមនុស្សធ្លាប់លួង ទោះជាមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬចំណេះខ្ពង់ខ្ពស់យ៉ាងណាក៏នៅតែលួច។ ករណីពួកប្រឆាំង ចោទបក្សកាន់អំណាច ពីរឿងបំផ្លាញព្រៃឈើ ជាមនុស្សស្និទ្ធនាយករដ្ឋមន្ត្រី ហើយត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា (CPP) វាយបកវិញ នោះ ជារឿងដដែលៗ ជាន់ដានសុភាសិតខាងលើ ដែល “នគរធំ” ក្តាប់បានក៏លើកមកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។
លោកសាន ប៊ុនឆាយ ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ (CNRP) រស់នៅប្រទេសអូស្ត្រាលី គាំទ្រលោកសម រង្ស៊ី បានបង្ហោះសំណេរតាមហ្វេសប៊ុកថា “អ្នកបំផ្លាញព្រៃឈើ សុទ្ធតែជាមនុស្សស្និទ្ធនឹងសម្តេច, សម្តេច នៅជាមួយអ្នកបំផ្លាញ ព្រៃឈើ តែបែរជាឱ្យពលរដ្ឋខំដាំហើយខំការពារព្រៃឈើទៅវិញ… សុំមិនយល់”។ ចំណែកលោកអ៊ុំ សំអាន អតីតតំណាង-រាស្ត្រ CNRPរ បានប្រាប់ “នគរធំ” ថា “ត្រូវហើយ ឈ្មួញឈើភាគច្រើនហ្នឹង គឺជាមនុស្សដែលនៅជិតដិតជាមួយនឹងលោក ហ៊ុន សែន ដូចជាឧកញ៉ាទ្រី ភាព ជាដើម”។
ជាការឆ្លើយតបវិញ លោកសុខ ឥសាន អ្នកនាំពាក្យ CPP បានប្រាប់ “នគរធំ” ជាអាទិ៍ថា “អត់មានអ្នកណាបំផ្លាញ ព្រៃឈើទេ ឧបមាថា ដូចជាព្រៃរេចរឹល អាហ្នឹងយើងទុកដល់ណាទៀត? តើបានប្រយោជន៍អី? ទុកមើល ឬមួយយ៉ាងម៉េច គឺបើនិយាយចោទថា បាត់គម្របព្រៃបៃតង… យើងកាប់ព្រៃរេចរឹលចោលហើយ យើងដាំកៅស៊ូឡើងវិញ យើងដាំដំឡូងមី យើងដាំម្រេច យើងដាំជាស្វាយចន្ទី យើងដាំស្វាយ យើងដាំសាវម៉ាវ ទុរេន៘” ដែលការឆ្លើយបក និងវាយប្រហារគ្នានេះ ភាគីប្រឆាំងថា ឈ្មួញកាប់ឈើលក់ ភាគីរដ្ឋាភិបាលថា អភិវឌ្ឍព្រៃរេចរឹល ទោជាចម្ការកៅស៊ូ…។
ទោះយ៉ាងណា បើពិចារណាឱ្យច្បាស់លាស់ កាលពីសម័យសង្គមរាស្ត្រនិយម រហូតដល់សម័យប៉ុល ពត ព្រៃរេចរឹល ឬ ព្រៃរបោះ មានតែនៅតំបន់ណាឆ្ងាយពីភ្នំ ជាប្រភេទវាលស្បូវលាយឡំព្រៃគុម្ពោត ជាប្រភេទដីល្បាយខ្សាច់ ជាជម្រកសត្វ ទន្សាយ ទទា មាន់ព្រៃជាដើម។ ព្រៃរបោះ មិនសូវមានជីជាតិ និងគ្មានឈើសម្រាប់ធ្វើសំណង់ទេ គេអាចគាស់លើងធ្វើចម្ការ ដំឡូងមី ដំឡូងជ្វា ប៉ិកួៈ ត្រឡាច ត្រសក់ស្រូវ ឪឡឹក៘
ចំណែក “ព្រៃស្រោង” ជាប្រភេទព្រៃក្រាស់លំនៅខ្លា ដំរី ម្រឹគីម្រឹគា គ្រប់ប្រភេទ លាតសន្ធឹងជាប់ជើងភ្នំ មានឈើ សំណង់ ឬឈើប្រណីត ដូចជា គ្រញូង នាងនួន បេង ផ្ចឹក សុក្រំ នាងដែង ធ្នង់៘
រីឯ “ព្រៃហ័ត ព្រៃហោង” ជាប្រភេទព្រៃជ្រៅនៅកណ្តាលជ្រលងភ្នំ មានទឹកជ្រោះ ទឹកធ្លាក់ បាំងជាច្រើនជាន់ មិន ងាយទៅដល់ សម្បូរឈើប្រណីតគ្រប់ប្រភេទ មានតែព្រានព្រៃ ចេះមន្តអាគមគាថា ទើបហ៊ានទៅដល់។
ពីមុន កម្ពុជា មានព្រៃទាំង ៣ប្រភេទនេះ គឺព្រៃរបោះ ព្រៃស្រោង និងព្រៃហ័ត ព្រៃហោង ប៉ុន្តែសព្វថ្ងៃ គ្មានទេ សូម្បី តែព្រៃនៅកណ្តាលភ្នំក្រវាញ ភ្នំឱរ៉ាល់ ក៏មានអ្នកទៅកាប់ឈើ ឬដើររកខ្លឹមចន្ទន៍ក្រស្នា។
ដោយឡែក “មនុស្សមានចរិតចោរ” មុនដំបូងគេកាប់រានត្រឹមតែព្រៃរបោះ លុះអស់ព្រៃរបោះ ក៏ឆ្លងទៅកាប់ដល់ព្រៃ ស្រោង លុះព្រៃស្រោង អស់ឈើល្អ ក៏ឆ្លងទៅកាប់ដល់ព្រៃហ័តព្រៃហោង ឯណោះទៀត។ គេមានមធ្យោបាយយកឈើចេញ ពីព្រៃ ដោយប្រើគ្រឿងចក្រ មិនមែនប្រើដំរីអូសឈើហុបដូចពីបុរាណនោះទេ ទោះជាមានទឹកជ្រោះ ជារបាំង ក៏គេអាចអូស ឈើចេញពីព្រៃជ្រៅបានដែរ។
ដូច្នេះពិតណាស់ថា “បើហ៊ានលួចមាន់ មុខតែហ៊ានលួចគោ” ដោយហេតុថា ការឈូសឆាយយកព្រៃបោះ ដាំពោត ដំឡូង ម្រេច កៅស៊ូ យូរឆ្នាំទើបបានផល បានន័យថា ព្រៃរបោះនោះជា “សត្វមាន់ ឬពងមាន់” គេលួចពីរដ្ឋ ដោយយកអំណាចបុណ្យស័ក្តិ មាសប្រាក់ទៅប្រើ គប់គិតសមគំនិតគ្នាជាប្រព័ន្ធ គេលួចមាន់ ស៊ីសាច់មាន់យូរៗទៅលែងឆ្ងាញ់ ក៏លួចគោម្តង។ ព្រៃស្រោង ចាត់ទុកថា “ជាគោចាស់” សាច់ស្វិតបន្តិច រីឯព្រៃហ័តហោង ប្រៀបបាននឹង “គោស្ទាវ ឬមេគោក្រមុំ សាច់ខ្ចី”។
មនុស្សដែលមានចរិតចោរ ញៀនញ៉ាមនឹងផលចំណេញ មិនសូវរំពឹងលើកសិផល ដាំដុះចេញពីចម្ការដែលវាតយកពី ព្រៃរបោះនោះទេ តែគេសម្លឹងឃើញឈើប្រណីតឯណោះ ដែលអាចលក់ភ្លាម បានលុយភ្លាម មិនរង់ចាំ ៧ឆ្នាំ ដូចដំណាំកៅស៊ូ ឬ ៤ខែ ដូចដំឡូងមីនោះទេ។
ជាទូទៅ មនុស្សមានចរិតលួចពីកំណើត ទោះជាបានសាងផ្នួសជាសង្ឃ ក៏នៅតែលួចដែរ ដូច “ព្រះធនីយត្ថេរ” ជាសាវ័ក ព្រះពុទ្ធ បានទៅកុហកបោកប្រាស់នាយឃ្លាំងរបស់ព្រះបាទពិម្ពិសារ យកឈើទៅសង់កុដិ ដែលការភូតភរនោះ មានន័យស្មើ នឹងលួច ព្រោះតែសង្ឃអង្គនោះ ធ្លាប់លួចគេតាំងពីមិនទាន់បួស ក្លាយជា “ភិក្ខុដើមប្បញ្ញត្តិ” នាំឱ្យព្រះពុទ្ធបរមគ្រូ កោះប្រជុំ សាវ័ក ដាក់វិន័យសិក្ខាបទ “អទិន្នាទា វេរមណី” ដែលមានន័យថា វៀរចាកការលួច ឬពោលនូវពាក្យបោកប្រាស់។
សម័យនេះ បុគ្គលខ្លះនៀដល់បណ្ឌិត ក៏លួចដែរ ដូចពេលគាត់ចូលស្រាវជ្រាវរកឯកសារផ្សេងៗ ក្នុងបណ្ណាល័យ លុះរក ឃើញ ១ទំព័រសំខាន់ ក៏លួចហែកយកទៅបាត់ ដោយមិនរវល់ចម្លង ឬខ្ជិលចម្លង ក៏ហែកយកតែម្តង។
បុគ្គលខ្លះកាលនៅកុមារ លួចលុយម៉ែឪ ឬលួចបេះផ្លែឈើអ្នកជិតខាង លុះធំពេញវ័យ ឬមានគ្រួសារ ក៏ក្លាយជាចោរ លួចប្លន់ឡាន ម៉ូតូ ចាប់ជំរិត ព្រោះតែដុះចរិតលួចតាំងពីកំណើត។
ដូច្នេះរឿងព្រៃឈើ បើមនុស្សមិនចេះលួច គាត់ធ្វើអាជីវកម្មតែលើដីកម្មសិទ្ធី ដែលរដ្ឋចែកឱ្យ ឬថាគាត់មានដីព្រៃរបោះ ៣ហិកតារ ក៏ព្យាយាមកាប់គាស់លើងយកព្រៃគុម្ពោត គុម្ពស្បូវចេញ ក្លាយទៅជាចម្ការដំឡូងមី ពណ៌បៃតង គួរឱ្យទាក់ទាញ។ ទោះជាមានព្រៃស្រោង សម្បូរឈើល្អៗនៅជិតចម្ការគាត់ ក៏គាត់មិនហ៊ានលួចកាប់ដែរ ព្រោះគោរពច្បាប់ និងគ្មានចរិតលួច។
ផ្ទុយទៅវិញ បុគ្គលមានចរិតលួច ទោះបីជាទទួលបានដីសម្បទាន ជាព្រៃរបោះរាបរយហិកតារពីរដ្ឋ កែច្នៃជាចម្ការ ផ្លែឈើ ក៏គាត់មិនស្កប់ស្កល់ ឈានទៅកាប់បំផ្លាញព្រៃស្រោង ឆ្លងដល់ព្រៃហ័តព្រៃហោង ឯណោះទៀត។ ទិន្នផលចេញពី ព្រៃរបោះរេចរឹល មិនសូវឆ្ងាញ់ទេ ជាពិសេស ទម្រាំបានកៅស៊ូ ម្រេច ដំឡូង ស្វាយ យកទៅលក់យូរណាស់ អ៊ីចឹងទាល់តែ ពន្លះដើមឈើធំៗ មានតម្លៃ ទើបឆាប់បានលុយ។
ការលើកឡើងរបស់ពួកប្រឆាំង និងអ្នកនាំពាក្យ CPP “ត្រូវដូចគ្នា” ពោលគឺ ពួកប្រឆាំងលើកពីការ ជួញឈើមិនឈប់ឈរ ដែលឈើទាំងនោះ មិនមែននៅក្នុងព្រៃរបោះរេចរឹលនោះទេ តែវាចេញមកពីតំបន់ព្រៃស្រោង ឬព្រៃហ័តព្រៃហោង។ គេដឹក ជញ្ជូនតាមរថយន្តទាំងខ្សែៗ តាមរូបភាពស្របច្បាប់ខ្លះ បំពានច្បាប់ខ្លះ តែមានភាពរលូនដូចគ្នា តាមស្នៀត “មុងធំបន្លំដេក”។ ការលើកឡើងរបស់មន្ត្រី CPP ក៏មិនខុសអ្វីដែរ គឺធម្មតាព្រៃរេចរឹល ប្រភេទព្រៃគុម្ពោត និងគុម្ពស្បូវ ទុកអត់ប្រយោជន៍ ត្រូវតែឈូសឆាយដីដាំកៅស៊ូ ម្រេច ដំឡូងមី៘
ប៉ុន្តែអ្វីដែល “នគរធំ” ចង់បង្ហាញហេតុផល គឺបកស្រាយសុភាសិត “បើហ៊ានលួចមាន់ មុខតែហ៊ានលួចគោ” ពោលគឺ បើគេហ៊ានលួចដីព្រៃរបោះ មុខតែហ៊ានលួចឈើកណ្តាលព្រៃហ័តព្រៃហោង មិនខានឡើយ។ របៀបលួចមាន់ គេលួចម្នាក់ ឯងបាន គ្រាន់តែចាប់មួលក ឮខ្ញក! ក៏បានយកទៅស្ងោរ ប៉ុន្តែរឿងលួចគោ ត្រូវមានគ្នាជួយ អ្នកខ្លះយាមផ្លូវ អ្នកខ្លះខួងរនុក ក្រោល អ្នកខ្លះបោះសាច់ឱ្យឆ្កែស៊ី កុំឱ្យវាព្រុស ទម្រាំបានគោ ១ក្បាល មិនមែនងាយទេ។
សរុបទៅ “បើហ៊ានលួចមាន់ មុខតែហ៊ានលួចគោ” ចង់ផ្តោតទៅលើការបំផ្លាញព្រៃឈើ ឈានពីព្រៃរបោះរេចរឹល ដល់ ព្រៃស្រោង ព្រៃហ័តព្រៃហោងនេះឯង។ យើងឃើញហើយ ត្រឹមតែភ្នំវល្លិ ខេត្តកំពត ពីដើម ជាព្រៃហ័តព្រៃហោង ព្រៃខ្លា ដំរី រមាស ខ្ទីង ឥឡូវទៅមើលចុះវាក្លាយជាចម្ការផ្លែឈើអស់ហើយ។ លុះអស់ភ្នំវល្លិ ក៏ឆ្លងទៅភ្នំកំចាយ បូកគោ អស់កន្លែង ហ្នឹង ក៏ឆ្លងដល់ភ្នំដំរី ភ្នំក្រវាញ ភ្នំឱរ៉ាល់… ដែលជាលទ្ធផលនៃមហិច្ឆតារបស់មនុស្សចរិតចោរ…”៕