ដោយ អាចារ្យថាំ
រដ្ឋធម្មនុញ្ញ បានចារទុកថា កម្ពុជា កាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែនៅក្នុងអាណត្តិទី៦ នេះ កម្ពុជា បានក្លាយជា “ឯកបក្ស” ខណៈដែលបក្ស កាន់អំណាច គ្រប់គ្រងអាសនៈរដ្ឋសភា ព្រឹទ្ធសភា ១០០%។
ករណីប្រទេសពហុបក្ស ក្លាយជាឯកបក្ស ទោះបីជាគណបក្សប្រជាជនកម្ពុជា CPP សំអាងលើហេតុផល ថា ប្រជាពលរដ្ឋបោះឆ្នោតឱ្យឈ្នះ “ភ្លូកទឹកភ្លូកដី” ក៏សហគមន៍អន្តរជាតិ ដែលបាំងដៃចាំមើលនោះ មិនពេញចិត្តទេ ជាពិសេស ពួកប្រឆាំង តែងចោទប្រកាន់ថា “បោះឆ្នោតក្លែងក្លាយ”។
សភាឯកបក្ស សូម្បីលោកសុខ ឥសាន អ្នកនាំពាក្យ CPP ក៏មិនបដិសេធ ដែរ លោកថាពាក្យ ឯកបក្ស មិនខុសអ្វីទេ ព្រោះ CPP កាន់អំណាចតែម្នាក់ឯង ប្រាកដមែន។ ទោះយ៉ាងណា នៅពេលប្រជុំអនុម័តច្បាប់អ្វីមួយ ឃើញតែតំណាងរាស្ត្រឯកបក្ស លើកដៃឯកភាពរហូតនោះ ក៏មិនកើតដែរ តែបើមានសំឡេង ប្រឆាំងខ្លះ ទើបល្អ និងជួយឱ្យច្បាប់នោះកាន់តែមានតម្លៃ។
ថ្មីៗនេះ លោកគង់ គាំ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃរដ្ឋកម្ពុជា បាន ចុះចូលជាមួយលោកសម រង្ស៊ី តែចុងក្រោយបានដើរចេញពីមេប្រឆាំង ក្លាយជា ប្រធានកិត្តយសគណបក្សឆន្ទៈខ្មែរ បានសរសេរក្នុងបណ្តាញសង្គម និងប្រាប់ “នគរធំ” ថា “ឆ្នាំ២០២២–២០២៣ ក្រុមប្រឹក្សាឃុំ–សង្កាត់ និងរដ្ឋសភាកម្ពុជា នឹងមានពហុបក្សឡើងវិញ” ដែលធ្វើឱ្យពួកប្រឆាំង “ស្រងាកចិត្ត” ប៉ុន្តែ CPP “សប្បាយចិត្ត”។
ហេតុអ្វីវាទៅជាពួកប្រឆាំង ស្រងាកចិត្ត? ចំណុចនេះ លោកសម រង្ស៊ី មិន ដែលទទួលស្គាល់បក្សតូចៗរាប់សិបនោះ អាចទទួលបានការគាំទ្រពីប្រជារាស្ត្រ នោះទេ។ ពួកប្រឆាំងនៅក្រៅប្រទេស យល់ថា បក្សតូចៗរាប់សិប រួមទាំងបក្ស ទើបបង្កើតថ្មី បែកឆ្វេងចេញពីខ្មោចបក្សប្រឆាំង (CNRP) គឺជា “បក្សកំដរ” បើ ចូលប្រកួតបោះឆ្នោត មិនអាចរកកៅអីមួយបានឡើយ។ ដូច្នេះបើសិនជាបក្ស តូចៗ ទាំងនោះ ទទួលបានអាសនៈតំណាងរាស្ត្រ ២–៣ ឬកៅអីមេឃុំ ចៅសង្កាត់ ១០–២០ ធ្វើឱ្យលោកសម រង្ស៊ី ស្រងាកចិត្ត។
ឯពាក្យថា “CPP សប្បាយចិត្ត” ដោយហេតុថា សភាឯកបក្ស ១អាណត្តិ នេះ “ល្វីងមុខរហូត” ត្រូវគេរិះគន់ជុំទិសថា ចាំតែអង្គុយលើកដៃ ហូបប្រាក់ខែរាស្ត្រ។ សភាឯកបក្ស មានទៅស្រួលអី សូម្បីពេលគាត់ខ្លាចកូវីដ–១៩ មិនហ៊ានចុះមូលដ្ឋាន ក៏រាស្ត្ររិះគន់ថា “បង្ហិនប្រាក់ខែ អត់ចុះទៅមើលផ្លូវ មើលទឹក”៘
ដូច្នេះបើបានពហុបក្សឡើងវិញ ឬថា បក្សបង្កើតថ្មីៗនោះ បានត្រឹមតែ៤–៥អាសនៈ ក៏មន្ត្រី CPP សប្បាយចិត្តដែរ ដើម្បីស្តារឈ្មោះពហុបក្សឡើងវិញ។
សួរថាតើបានពហុបក្ស ឬមិនបាន? ចំណុចនេះ បើពិចារណាឱ្យហ្មត់ចត់ទៅ “ពិបាកយកណាស់” ដោយហេតុថា និន្នាការនយោបាយនៅកម្ពុជា មានតែ២ គឺ “ស្រប និងប្រឆាំង” បើស្រប គេបោះឆ្នោត ជូន CPP បើប្រឆាំង គេបោះឱ្យបក្ស ណាដែលមាន សម រង្ស៊ី–កឹម សុខា នៅពីក្រោយ។ ចុះបើមេប្រឆាំងទាំងពីរនោះ អត់បានចូលរួមផង តើអ្នកគាំទ្រនិន្នាការប្រឆាំង បោះឱ្យបក្សណា? ឬបោះឱ្យលោក អ៊ូ ច័ន្ទរ័ត្ន ឬបោះឱ្យលោកគង់ គាំ? ជារឿងពិបាកឆ្លើយបំផុត។
“សម្ល១ឆ្នាំង” គេភ្លក្សតែ១ស្លាបព្រា ក៏ដឹងថាឆ្ងាញ់ ឬមិនឆ្ងាញ់ មិនពិបាក យល់ទេ ដូច្នេះបើចង់បានពហុបក្សមកវិញ លុះត្រាតែរកចុងភៅពូកែស្លបំផុតទើប បាន។ ព័ត៌មានថា បក្សបេះដូងជាតិ របស់លោកសៀម ភ្លុក មានលោកសម រង្ស៊ី នៅពីក្រោយ ក៏ដូចបក្សភ្លើងទៀន របស់លោកទាវ វណ្ណុល មានមេប្រឆាំង ធំជាងគេចាំជួយឧបត្ថម្ភនោះ ប្រហែលជាក្រសួងមហាផ្ទៃ មិនទទួលស្គាល់ទេ បើ “ប្រឆាំងផ្កាប់មុខ” ដូចមុន។
គ.ជ.ប ក៏មិនមែនចេះតែចង់ចេញលេខអីស្រេចតែចិត្ត ដូចមេយូគី នោះ ឯណា? ពោលឱ្យចំ បើប្រជាពលរដ្ឋដឹងថា “បក្សក” អត់ប្រជាប្រិយផង ស្រាប់តែ បាន២កៅអី ចំណែក “បក្សខ” ទើបតែលេចមុខក្នុងពិភពគុន ស្រាប់តែបាន ៥កៅអី តើអ្នកណាជឿ?
ដូច្នេះពហុបក្ស ពិបាកយកមកវិញណាស់ បើអត់គណបក្សមានកម្លាំងប្រដម– ប្រសងគ្នាចូលប្រកួត ហើយបើឆ្នាំ២០២២–២០២៣ នៅតែឯកបក្សទៀត មិន មែនស្រួលទេ ព្រោះសូម្បីអ្នកគាំទ្រ CPP ក៏ចង់ឱ្យមានពហុបក្សឡើងវិញដែរ ដើម្បីជួយកំដរអ្នកឈ្នះ៕