Monday, December 23, 2024
Homeបរិយាយយល់សប្តិឃើញដូង

យល់សប្តិឃើញដូង

ដោយ អាចារ្យថាំ

នៅពេល “ធនញ្ជ័យ” ចុះចាប់បដិសន្ធិ ស្ត្រីជាម្តាយយល់សប្តិពេលទៀបភ្លឺថា “យល់សប្តិដូចយល់សូង យល់សប្តិឃើញ ដូង បេះបានទាំងផ្លែ យល់សប្តិឃើញខែៗពេញបូណ៌មី” ក៏យកទៀនធូបទៅរកហោរាទស្សន៍ទាយ។ ពេលនោះ តាហោរ មិននៅ នៅតែប្រពន្ធដែលចេះក្បួនទំនាយដែរ សួរដឹងហេតុពីការយល់សប្តិនោះ ក៏ដឹងថា កូននោះពេលធំពេញវ័យក្លាយជា ស្តេច ប៉ុន្តែយាយនោះទាយបង្ខូចថា នឹងក្លាយជាខ្ញុំគេ។ សុបិននិមិត្តនេះ ស្រដៀងនឹងអ្នកនយោបាយ ដែលទើបបើកគណបក្ស ថ្មីខ្លះ កំពុងស្រមើស្រមៃបាន “កៅអីក្នុងរដ្ឋាភិបាលចម្រុះ” ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “យល់សប្តិឃើញដូង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ

លោកគុជ លី អតីតសហការីលោកសម រង្ស៊ីកឹម សុខា តែបានដើរចេញពីអតីតបក្សប្រឆាំង 9ជណភ្រប ទៅបង្កើត គណបក្សខ្មែរតែមួយ បានប្រាប់ “នគរធំ” និងបង្ហោះសំណេរតាមបណ្តាញសង្គមថា “សូមអបអរសាទរ! បើយោងតាម ច្បាប់រដ្ឋធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រាថ្មីមួយចំនួន បានបញ្ជាក់បង្កប់ន័យថា គណបក្សនយោបាយព្រមព្រៀងគ្នា ដើម្បី បង្កើតរាជរដ្ឋាភិបាលចម្រុះ។ នៅឆ្នាំ២០២២២០២៣ គណបក្សណាមិនចូលរួមការបោះឆ្នោត គឺគណបក្សនោះនឹងស្តាយ ក្រោយអស់មួយជីវិត ពីព្រោះអាណត្តិក្រោយ អាចមានរដ្ឋាភិបាលចម្រុះ”។

សំណេរនេះ អ្នកវិភាគខ្លះសន្និដ្ឋានបានថា អ្នកនយោបាយចេញបង្កើតបក្សថ្មី បែកឆ្វេងចេញពីខ្មោចបក្សសង្គ្រោះជាតិ (CNRP) កំពុងស្រមើស្រមៃបានកៅអីរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃ “រាជរដ្ឋាភិបាលចម្រុះ” ដូចកាលពី អាណត្តិទី១ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ដៃគ្នាបង្កើតរាជរដ្ឋាភិបាលចម្រុះ ដែលខ្មែរក្រហម ដាក់ឈ្មោះឱ្យថា “រដ្ឋាភិបាលក្បាល២”។

រដ្ឋាភិបាលនោះ ធ្វើការចូលគ្នាមិនបាន ១អាណត្តិផង ក៏ទាស់ទែងខ្វែងគំនិតគ្នា ឈានដល់សង្គ្រាមមួយចម្អិនកំពឹស ថ្ងៃ ៥៦ កក្កដា ឆ្នាំ១៩៩៧ បណ្តាលឱ្យអ្នកបម្រើនយោបាយ ស្លាប់អស់មិនតិចទេ។ រូបមន្ត “រដ្ឋាភិបាលចម្រុះ” បើពិនិត្យរបៀប ធ្វើនៅតាមបណ្តាប្រទេសនានា លុះត្រាតែគណបក្សឈ្នះឆ្នោត មិនអាចរកបានសំឡេង ២,៣ ទើបអ្នកឈ្នះនោះ បញ្ចុះបញ្ចូល គណបក្សតូចៗ ដែលបានអាសនៈរដ្ឋសភាខ្លះដែរនោះ ចូលរួមបង្កើតរដ្ឋាភិបាល។ មានន័យដូច “គេចែកនំឱ្យស៊ី” ទោះអ្នក ឈ្នះឱ្យប៉ុន្មាន ក៏ស្រេចតែគេ ឯអ្នកចាញ់នោះ គ្មានសិទ្ធិទាមទារតវ៉ាបានឡើយ។ ចំពោះការចែកកៅអី ចែកកូតា រវាងហ៊្វុនស៊ិនប៉ិច និង CPP កាលពីឆ្នាំ១៩៩៣ នោះ មកពីព្រះរាជតម្រិះសម្តេចឪ ព្រះបរមរតនកោដ្ឋ ដើម្បី “បញ្ចៀសសង្គ្រាម និងអបគមន៍” ទើបព្រះអង្គស្នើរូបមន្តចែកកៅអីស្មើគ្នាក្នុងគណៈរដ្ឋម្ថន្ត្រី បើត្រូវការចេញសារាចរ ឬអនុក្រឹត្យអ្វីមួយ ទាល់ តែចុះហត្ថលេខា “សហនាយករដ្ឋមន្ត្រី” ទើបអនុវត្តបាន។

ក្រឡេកមើលអនាគតនយោបាយនៅកម្ពុជា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ (CNRP) រលំរលាយទៅនោះ “និន្នាការ ប្រឆាំង” អត់ទាន់ស្រកស្រុតនៅឡើយ ទោះបីជាអតីតមន្ត្រី CNRP មួយចំនួន គ្មានជម្រើស និង “ដើម្បីរស់” ឬ “សុំត្រឹម តែរស់” ក៏នាំគ្នាដាក់ពាក្យសុំចូលទ្វារនយោបាយ បង្កើតបក្សថ្មីរៀងខ្លួនក៏ដោយ។

គ្រាន់តែក្រសួងមហាផ្ទៃ សម្រេចឱ្យលើកស្លាកគណបក្សថ្មីនោះភ្លាម ក៏មានប្រធានគណបក្សខ្លះ “យល់សប្តិឃើញដូង” ទាំងថ្ងៃ។ របៀបយល់សប្តិរបស់គាត់ នៅត្រង់ “បេះបានដូងទាំងផ្លែ” ដូចម្តាយធនញ្ជ័យ រត់ទៅរកគ្រូទាយ ដឹងអី! យាយ ប្រពន្ធតាហោរ ដែលចេះក្បួនទំនាយពីប្តី បែរជាទាយបង្ខុស ឱ្យកូននោះក្លាយជាខ្ញុំគេ។

អ្នកសិក្សាអក្សរសិល្ប៍ ជាពិសេសលោកវ៉ាន់ឌី កាអុន បណ្ឌិតបញ្ញវន្តល្បីល្បាញុ បានសរសេរសិក្សាកថា រឿងធនញ្ជ័យ ដោយលើកឡើងថា “បញ្ញាបាធីរបស់ធនញ្ជ័យ អាចនឹងក្លាយជាស្តេច បើសិនជាគាត់យកបញ្ញានោះទៅប្រើ ប៉ុន្តែធនញ្ជ័យ មិនស្រលាញ់អំណាច ទើបគាត់មិនចង់ធ្វើស្តេច បានត្រឹមឋានៈជាអ្នកប្រាជ្ញប៉ុណ្ណោះ”។

យ៉ាងណាមិញ អ្នកនយោបាយ “យល់សប្តិឃើញដូង” មិនអាចក្លាយទោជាអ្នកដឹកនាំកំពូលបានឡើយ យ៉ាងច្រើនត្រឹម “ឱ្យគេប្រើ” ដូចធនញ្ជ័យ ដោយមានអ្នកច្រណែនឈ្នានីស រាប់មិនអស់។ គួរយល់ថា គណបក្សប្រជាជនកម្ពុជា (CPP) មិន ខ្វះធនធានមនុស្ស សុទ្ធតែបណ្ឌិតរាប់ពាន់នាក់ គ្រប់មុខជំនាញ។ នៅតាមក្រសួងទាំង ២៨សុទ្ធតែអ្នកចេះ ចូលបម្រើការងារ និងត្រៀមស្នងតំណែងចាស់ទុំដែលទទួលមរណភាព ឬជរាភាព ធ្វើការលែងកើត។ ឧបមាថា ការបោះឆ្នោតឆ្នាំ២០២២ CPP ទទួលបាន ១២០,១២៣ អាសនៈតំណាងរាស្ត្រ និង៣កៅអីទៀតបានទៅបក្សតូចៗ មានន័យថា “CPP ទទួលបាន សំឡេង២,៣” ស្រេចទៅហើយ ខណៈដែលវិសោធនកម្មច្បាប់ តម្រូវឱ្យយករូបមន្ត ៥០+១ មកប្រើក្នុងការបង្កើតរដ្ឋាភិបាល។

អ៊ីចឹង៣កៅអីនោះ មិនអាចប្រឆាំងជំទាស់ បន្ទច់បង្អាក់ CPP បានឡើយ ប៉ុន្តែបើ CPP ចង់បញ្ចៀសពាក្យថា “ឯកបក្ស” គេអាចយកបក្ស ៣កៅអីនោះ បញ្ចូលរដ្ឋាភិបាលបានខ្លះ។ អារឿងបានខ្លះនោះ កុំសង្ឃឹមថា បានកៅអីឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីអីនោះ យ៉ាងធំបំផុតត្រឹម “រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ” វាវិសេសវិសាលណាស់ទៅហើយ។

បើបានត្រឹម “អនុរដ្ឋលេខាធិការ” ច្បាស់ជាគេប្រើវិលក្បុងដូចធនញ្ជ័យ ត្រូវមន្ត្រីវាំងញុះញង់ស្តេច ឱ្យប្រើជល់មាន់ ជល់ក្របី មុជទឹក ហែស្តេចទៅប្រពាតព្រៃ គេប្រើឱ្យដោះប្រស្នា លុះទាស់ចិត្ត បានត្រឹមទទួលទោសប្រហារជីវិត។

សមាសភាពមន្ត្រី នៃរដ្ឋាភិបាលចម្រុះ មិនមែនស្មើគ្នា ដូច “CPP និងហ៊្វុនស៊ិនប៉ិច” កាលពីអាណត្តិទី១ នោះទេ។ ហ៊្វុនស៊ិនប៉ិច ជាអ្នកឈ្នះ តែគ្មានសិទ្ធិផ្តាច់មុខក្នុងការក្តាប់អំណាច សូម្បីកៅអីចៅហ្វាយខេត្ត ប្រធានមន្ទីរ ក៏ត្រូវចែកស្មើ ឬឱ្យ ទៅ CPP ច្រើនជាង។

ដូច្នេះ “យល់សប្តិឃើញដូង បេះបានទាំងផ្លែ” អាចបេះបានតែ “ដូងក្តៀប” ឬអាផ្លែតូចជាងគេ ក្នុងចំណោមផ្លែ១ ធ្លាយ។ ដូងក្តៀប មានទឹកតិច ផឹកមិនឆ្អែតទេ សម្រាប់អ្នកបើកបក្សថ្មីនោះ ក៏មិនពិបាកយល់។ ទោះយ៉ាងណា “ដើម្បីរស់ ឬសុំត្រឹមម៉ារស់” ឱ្យតែបានកៅអីអនុរដ្ឋលេខាធិការ “គាត់អរចង់ងាប់ហើយ” ដូចអ្វីដែលលោក រស់ សារ៉ុម រិះគន់សមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលសង្ឃឹមបាន ១អាណត្តិទៀត ដែលគ្រាន់តែឮសម្តេចនាយករដ្ឋមន្ត្រី បង្ហើប ថា “អាច” រក្សាទុកពួកគាត់។

“យល់សប្តិឃើញដូង” សម័យនេះ មិនដូចរឿងធនញ្ជ័យ ឯណា? ពោលគឺធនញ្ជ័យ ទោះជាមិនបានធ្វើស្តេច ក៏គាត់ធ្វើ ឱ្យគេខ្លាចរអារអូម សូម្បីស្តេចស្រុកចិន ក៏ខ្លាចអ្នកប្រាជ្ញនេះដែរ រហូតដល់ប្រទានខ្ញុំប្រុស ១០០នាក់ ខ្ញុំស្រី ១០០នាក់ និង ទ្រព្យសម្បត្តិពេញសំពៅ ធនញ្ជ័យ ក្លាយជាអ្នកមានស្តុកស្តម្ភ និងយសបរិវារ គាន់បើជាងមន្ត្រីវាំង ដែលប៉ិនអែបអប។ សរុបទៅ “យល់សប្តិឃើញដូង” ចង់បង្ហាញពីគំនិតស្រមើស្រមៃរបស់អ្នកនយោបាយបើកបក្សថ្មី មួយចំនួន ដែល សង្ឃឹមមានរដ្ឋាភិបាលចម្រុះ នៅឆ្នាំ២០២២ ទោះជា CPP ឱ្យខ្លះ ក៏មិនហួសពីអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ចាំតែគេ ប្រើត្រង់កន្ទុយ គ្មានសិទ្ធិសម្រេចអ្វីដូច “សហរដ្ឋមន្ត្រី” កាលពីអាណត្តិទី១ នោះទេ ដែលជាបរិបទសម្រាប់ “អ្នកយល់សប្តិ ឃើញដូង” ពិចារណាតាមការគួរ

RELATED ARTICLES