ភ្នំពេញ៖តារាចម្រៀងGalaxyលោកប៉ុន សុណារិន ហៅខេម បានរាំស្លូវអោបប្រពន្ធអ្នកនាងស្រីកា យ៉ាងស្អិតល្មូតក្នុងថ្ងៃមង្គលរបស់ប្អូនស្រីថៅកែរបស់លោកនៅខេត្តព្រៃវែងកាលពីថ្ងៃទី៦ខែធ្នូឆ្នាំ២០២១ ។មិត្តរួមអាជីពជាច្រើនដែលមិនធ្លាប់បានឃើញប្រពន្ធរបស់ខេម ផ្ទាល់នោះសរសើរនារីអាណិកជនមកពីបារាំងរូបនេះថាមានសម្រស់ផូផង់មិនចាញ់តារាឡើយ ហើយពួកគេបានជម្រុញឲ្យខេម គូតែប្រញ៉ាប់ដឹកដៃកំពូលស្នេហ៍ចូលរោងការឲ្យបានឆាប់ៗទៀតផង ដើម្បីងាយស្រួលយកកូន ខណៈដែលកន្លងមកមានការសង្ស័យថាខេម មានកូន២នាក់(ស្រី១)ទៅហើយតែលោកសុណារិន ប្រកែកដោយអះអាងថាក្មេងប្រុសវ័យខ្ទង់៣ឆ្នាំនោះជាកូនមេរបស់លោក ខណៈដែលក្មេងស្រីវ័យជាង១ខួបនោះជាក្មួយលោកនៅបារាំង។ប៉ុន្ដែការអះអាងរបស់ខេម មិនសូវត្រូវបានគេជឿរជាក់ទាំងស្រុងឡើយព្រោះសម្អាងថាខេម ចាប់ដៃអ្នកនាងស្រីកា ជាង៥ឆ្នាំទៅហើយហេតុនេះគូតែមានកូនពប្រលែងលេងដូចក្មេងៗខាងលើនេះហើយ។តែខេម ថាលោកពិតជាស្រលាញ់ក្មេងៗនិងចង់បានកូនដូចគេមែន ប៉ុន្ដែពេលនេះមិនទាន់មានដូចគេថានោះទេ។



គេកត់សម្គាល់ថាខេម កាន់តែបង្ហាញការកៀកកើយគ្នាជាចំហជាមួយប្រពន្ធលែងខ្លាចគេដឹងថាមានប្រពន្ធទៀតនោះក្រោយលោកសុណារិន ទើបតែបានបណ្ដើរភរិយាមកពីបារាំងចូលស្រុកវិញរយៈពេលជាង២ខែប៉ុណ្ណោះ ខណៈដែលតារាGalaxyរូបនេះបាននាំស្រីកា ទៅដើរកម្សាន្ដនៅបារាំងបង្ហួសទៅអាឡឺម៉ង់ និងស្វីស កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១ និងមកភ្នំពេញវិញថ្ងៃទី៦ខែតុលាឆ្នាំ២០២១។ក្រោយមានការឲ្យយោបល់ពីមិត្តភក្ដិថាខេម គូតែរៀបការជាមួយស្រីកា ដើម្បីងាយស្រួលយកកូនថែមនោះលោកសុណារិន ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអាចនឹងមានដំណឹងល្អឆាប់ៗ តែលោកថាមិនអាចនិយាយទុកជាមុនថានឹងធ្វើនៅថ្ងៃខែឆ្នាំណាឲ្យប្រាកដនោះទេ។



គូរបញ្ជាក់ថាខេម ហាក់នៅទ្រឹងក្រោយលោកដើរចេញពីថោន ចូលGalaxyជាង១ឆ្នាំមកនេះគឺមិនសូវមានសន្ទុះខ្លាំងដូចមុននោះទេព្រោះតែឥទ្ធិពលរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ គ្របពីលើតែម្ដង។តែខេម ថាលោកមិនដែលចាត់ទុកលោកព្រាប សុវត្ថិ ជាឆ្អឹងទទឹងក ដូចគេថានោះទេ ហើយនៅពេលខាងមុខនេះលោកនឹងត្រៀមចាប់ដៃជាមួយកញ្ញាតន់ ច័ន្ទសីម៉ា ឡើងវិញ៕



