Friday, September 20, 2024
Homeតារាខ្មែរករុណា ពេជ្រ ៖ឡើងយន្ដហោះទៅបារាំង​ជួបម្ដាយ

ករុណា ពេជ្រ ៖ឡើងយន្ដហោះទៅបារាំង​ជួបម្ដាយ

ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានអូសវ៉ាលីចេញដំណើរឡើងយន្ដ​ហោះ​នៅអាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញវេលាម៉ោង៦ល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ ដើ​ម្បីទៅ​បារាំងជួបនិងមើលថែរម្ដាយដែលទើបតែ​បានធូស្រាលពីជំងឺត្បៀត​សសៃ​ឈាម។លោក​ករុណា ពេជ្រ បានប្រាប់អ្នកយកព័តមានយើង​ថាម្ដាយរបស់លោកបានទៅរស់​នៅប្រទេស​បា​រាំង​រយៈ​ពេលជាង២០ឆ្នាំមកហើយ ខណៈដែលជារៀងរាល់ឆ្នាំឲ្យតែនៅខែត្រជាក់​គាត់​ច្រើន​តែចុះមកស្រុកខ្មែរ តែដោយសារតែមុន​នេះម្ដាយទើបមាន​សុខភាពល្អឡើងវិញបាន៦០%​ពីជំងឺទើបលោក​ត្រូវ​តែចេញទៅជួបនិងមើលម្ដាយដោយផ្ទាល់។តារា​ចម្រៀង​ថោន រូបនេះ​បានឲ្យដឹងដែរថាលោកសូមថ្លែងអំណរគុណដល់ស្ថានទូតបារាំងដែលបានផ្ដល់Visa ដល់ទៅ​១ឆ្នាំឲ្យលោក​បាន​ទៅ​មើលម្ដាយ ស្របពេលដែលកន្លងមកលោកធ្លាប់តែបានVisa ពី១ទៅ៣​ខែ​ឬ៤៥ថ្ងៃប៉ុណ្ណោះ។លោកពេជ្រ បន្ថែមថាតាមពិត​លោកធ្លាប់ចេញចូលទៅបរទេស​ច្រើន​ហើយ ប៉ុន្ដែឲ្យតែនៅខែត្រជាក់បែបនេះគឺលោក​គេចតែម្ដងព្រោះចាញ់ត្រជាក់​តែលើក​នេះជា​កត្តព្វកិច្ចដែល​លោកត្រូវតែទៅជួបម្ដាយទើបមិនអាចពន្យាពេលបាននោះទេ។

 ថ្វីត្បិតតែលោកករុណា ពេជ្រ បានVisa ពីស្ថានទូតបារាំងដល់ទៅ១ឆ្នាំមែន ប៉ុន្ដែលោក​ថាតំណាក់កាលដំបូងនេះ​លោក​ទៅ​ត្រឹមតែជិត៣អាទិត្យសិនប៉ុណ្ណោះក៍ត្រូវចុះមករៀបចំធ្វើបុណ្យខួបគម្រប់១០០ថ្ងៃឲ្យឪពុករបស់លោកឧបាសកម៉ុក សាខន ​នៅ​ថ្ងៃទី១៨​ខែ​មករា​ឆ្នាំ​២០២២ ខាងមុខនេះ នៅស្រុកកំណើតឪពុកនិងជាទីបញ្ចុះ​សពរបស់គាត់នៅម៉ុង​ទី​នោះ​គឺនៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បន្ទាប់ពីគាត់បាន​ទទួល​មរណ​ភាព​កាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១។

ទាក់ទង​អាជីព​ចម្រៀង​វិញលោកករុណា ពេជ្រ ថាលោក​មិន​បារម្ភប្រឈមភាពស្ងប់ស្ងាត់នោះទេ ព្រោះក្រោយធ្វើបុណ្យ​១០០​ថ្ងៃឲ្យឪពុករួច​លោក​នឹង​ត្រៀម​ថតMVបទចម្រៀងលើកស្ទួយពីវិស័យទេសចរណ៍ដល់ទៅ៣ខេត្តគឺខេត្តបាត់ដំបង,ខេត្តប៉ៃលិន និងខេត្តឧត្តមាជ័យ ខណៈ​ដែលមុននេះ​លោកបានចេញបទ”មន្ដស្នេហ៍កំពង់ស្ពឺ” បង្ហាញពីតំបន់ទេសចរណ៍នៅខេត្តកំពង់ស្ពឺ ហើយមិន​មែនតែ​៤ខេត្តខាងលើនោះទេ ពោល​គឺលោកមានគម្រោងចេញបទចម្រៀង​លើក​ស្ទួយវិស័យទេសចរណ៍គ្រប់​ខេត្ត​ក្រុងតែ​ម្ដង​។លោកករុណា ពេជ្រ បានឲ្យដឹងទៀតថាក្រោយ​ធ្វើ​បុណ្យ​ជូនឪពុក១០០ថ្ងៃរួច និងថតMVបទ​ចម្រៀងទាំង៣​ខេត្ត​ខាងលើហើយ​ទើបលោក​ត្រូវវិលទៅជួបម្ដាយនៅបារាំងម្ដងទៀត ហេតុ​នេះ​ហើយបានន័យថារយៈពេល១ឆ្នាំ​នេះលោក​ចង់​ចូលទៅបារាំងដើម្បីជូបម្ដាយឬមកខ្មែរពេល​ណាក៍បាន អីចឹង​បទ​ចម្រៀង​របស់លោកនៅតែមានចេញ​ជាធម្មតា៕

RELATED ARTICLES