ប៉ូលិសជាន់ខ្ពស់រាប់រយនាក់នៅក្នុងប្រទេសហ្វីលីពីនត្រូវបានស្នើឱ្យលាលែងពីតំណែងកាលពីថ្ងៃពុធទី៤ខែមករា ខណៈដែលរដ្ឋាភិបាលកំពុងស្វែងរកសម្អាតកងកម្លាំងដែលមានអំពើពុករលួយពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP កាលពីថ្ងៃពុធទី៤ខែមករាឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Benjamin Abalos បានជំរុញឱ្យវរសេនីយឯក និងឧត្តមសេនីយទាំងអស់ សរុបប្រហែល៣០០នាក់ លាលែងពីតំណែង ដោយសុជីវធម៌បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថាមួយក្តាប់តូចពាក់ព័ន្ធនឹងគ្រឿងញៀន។
លោក Abalos បាននិយាយថា ពួកគេអាចបន្តធ្វើការបានខណៈដែលកំណត់ត្រារបស់ពួកគេត្រូវបានវាយតម្លៃដោយគណៈកម្មាធិការដែលមានសមាជិកប្រាំនាក់។អ្នកដែលត្រូវបានគេរកឃើញថាមានកំហុសនឹងត្រូវទទួលយកការលាលែងពីតំណែង។
លោកAbalosបានប្រាប់សន្និសីទសារព័ត៌មាននៅទីស្នាក់ការប៉ូលីសជាតិក្នុងទីក្រុងម៉ានីលថា ប្រសិនបើអ្នកមិនពាក់ព័ន្ធទេ គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ អ្នកណាដែលមិនព្រម លាលែងពីតំណែងនឹងត្រូវចោទសួរ។
លោកAbalos បានពិពណ៌នាវិធីសាស្រ្តនេះថាជារ៉ាឌីកាល់ និងជាផ្លូវកាត់បន្ទាប់ពីការស៊ើបអង្កេតមុនៗទៅលើមន្ត្រីពុករលួយដែលបានចោទប្រកាន់ថាបានចំណាយពេលយូរ និងទទួលបានលទ្ធផលតិចតួច។
វាមិនមែនជាលើកទីមួយទេដែលវិធានការដ៏ឃោរឃៅបែបនេះ ត្រូវបានប្រើប្រាស់ដើម្បីបោសសម្អាតកម្លាំងប៉ូលិសហ្វីលីពីន។
អតីតប្រធានាធិបតីលោក Fidel Ramos បានបង្ក្រាបប៉ូលិសនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ដោយបានបញ្ជាឱ្យមន្ត្រីទាំងអស់ដែលមានអាយុលើសពី ៥៦ឆ្នាំ ឬដែលមានមុខងារលើសពី ៣០ ឆ្នាំឱ្យលាលែងពីតំណែង។ ជាលទ្ធផល អគ្គស្នងការនគរបាលជាតិ និងមន្ត្រីជាន់ខ្ពស់ ៩រូបទៀតបានលាលែងពីតំណែង៕